កូរ៉េខាងត្បូង៖ រលកទីបីនៃជំងឺកូវីដ-១៩ដែលផ្ទុះក្នុងរដូវត្រជាក់នៅប្រទេសកូរ៉េខាងត្បូង ហាក់ដូចជាបន្ថយសន្ទុះ ចុះខ្សោយវិញហើយខណៈដែលវិធានការគម្លាតសង្គមត្រូវបានបន្តអនុវត្តយ៉ាងតឹងរ៉ឹងបំផុតអស់រយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ នេះតាមការលើកឡើងរបស់មន្ត្រីសុខាភិបាលកូរ៉េខាងត្បូងនៅថ្ងៃសុក្រម្សិលមិញ រាយការណ៍ក្នុងសារព័ត៌មាន Yonhap News។
នៅថ្ងៃសុក្រម្សិលមិញ ចំនួនតួលេខនៃករណីឆ្លងថ្មីបន្តធ្លាក់ចុះមកនៅត្រឹម ៦៧៤ ករណីប៉ុណ្ណោះ ដែលចំនួននេះហាក់បង្ហាញភាពធូរស្បើយ និងប្រសិទ្ធភាពនៃការបន្តអនុវត្តវិធានការគម្លាតសង្គមយ៉ាងតឹងតែងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហើយករណីឆ្លងថ្មីស្ថិតក្រោមពាន់ករណីរយៈពេល៤ថ្ងៃជាប់គ្នាផងដែរ។ តួលេខនៃករណីឆ្លងសរុបទូទាំងប្រទេសកើនដល់ ៦៧៦៣០ករណី បើតាមតួលេខពីមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េ (KDCA)។
មន្ត្រីជំនាញលើកឡើងថា តួលេខថយចុះនៃការឆ្លងថ្មីនេះជាលទ្ធផលសម្រេចបានពីការអនុវត្តវិធានការគម្លាតសង្គម ដែលកាត់បន្ថយសកម្មភាពប្រជាជននៅទូទាំងប្រទេស។ បើតាមទិន្នន័យទទួលបាន សកម្មភាពចរាចរណ៍ក្នុងក្រុងសេអ៊ូល ធ្លាក់ចុះដល់២.៤% ក្នុងសប្តាហ៍នេះប្រៀបទៅនឹងសប្តាហ៍មុន ហើយធ្លាក់ចុះដល់ទៅ១៩.៤% បើប្រៀបទៅនឹងសកម្មភាពចរាចរណ៍កាលពីខែវិច្ឆិកាកន្លងទៅ កាលដែលវិធានការគម្លាតសង្គមមិនទាន់តឹងតែងដូចឥឡូវនេះ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃសប្តាហ៍នេះ តួលេខឆ្លងថ្មីជាមធ្យមធ្លាក់មកនៅត្រឹម៧៦៥ករណីប៉ុណ្ណោះ ប៉ុន្តែអជ្ញាធរគ្រោងនឹងព្យាយាមកាត់បន្ថយបន្ថែមទៀតឱ្យនៅត្រឹមតែ៤០០ ទៅ៥០០ករណីប្រចាំថ្ងៃ ក្រោយពីវិធានការគម្លាតសង្គមបច្ចុប្បន្នត្រូវបញ្ចប់នាពេលខាងមុខ។
បើទោះជាសម្រេចបានលទ្ធផលក្នុងទំនោរល្អប្រសើរជាងមុនក៏ដោយ អជ្ញាធរនៅតែបន្តប្រុងប្រយ័ត្នខ្ពស់លើការឆ្លងបន្តគ្នាជាសហគមន៍ ជាពិសេសេចេញពីទីតាំងដូចជាព្រះវិហារ និងមជ្ឈមណ្ឌលថែទាំចាស់ជរា និងទីតាំងមណ្ឌលឃុំឃាំងជាដើម ហើយជាពិសេសទៀតនោះ គឺការទប់ស្កាត់ការលេចរូបរាងនៃមេរោគប្រភេទបម្លែងខ្លួនថ្មី ដែលអាចនឹងនាំមកនូវហានិភ័យខ្ពស់ថែមទៀត។ ជាក់ស្តែង នៅត្រឹមថ្ងៃសុក្រម្សិលមិញ កូរ៉េខាងត្បូងបានរកឃើញករណីថ្មីមួយទៀតនៃមេរោគកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មី ដែលជាគ្រួសាររបស់អ្នកជំងឺដែលរកឃើញមេរោគថ្មីនេះ ក្រោយត្រឡប់មកពីអង់គ្លេសកាលពីថ្ងៃទី១៩ ធ្នូកន្លងទៅ នាំឱ្យករណីសរុបកើនដល់១៦ករណីហើយ។
កូរ៉េខាងត្បូងបានបន្តអនុវត្តការហាមឃាត់ជើងហោះហើរមកពីប្រទេសអង់គ្លេសរហូតដល់ថ្ងៃទី២១ មករា ២០២១ខាងមុខ ហើយក្នុងនោះដែរ ចាប់ពីថ្ងៃសុក្រម្សិលមិញ រាល់ជនបរទេសទាំងអស់ចូលមកដល់ប្រទេសកូរ៉េខាងត្បូង ត្រូវមានភ្ជាប់ជាមួយនូវលិខិតធ្វើតេស្តកូរ៉ូណាមុនធ្វើដំណើរយ៉ាងយូរ ៧២ ម៉ោង ជាមួយលទ្ធផលអវិជ្ជមាន ដែលនឹងត្រូវអនុវត្តរហូតដល់ថ្ងៃទី១៥ មករា ២០២១ខាងមុខដែរ។
ចំណែកឯវិធានការគម្លាតសង្គមកម្រិត២.៥ ដែលបានអនុវត្តនៅសេអ៊ូល និងតំបន់ប្រជុំជនជុំវិញ និងវិធានការគម្លាតសង្គមកម្រិត២ អនុវត្តនៅតំបន់ដទៃទៀតទូទាំងប្រទេស អនុវត្តតាំងពីថ្ងៃទី៨ ធ្នូមកនោះ នឹងត្រូវបន្តអនុវត្តរហូតដល់ថ្ងៃទី១៧ មករា ២០២១ខាងមុខដូចគ្នា។
អជ្ញាធរបញ្ជាក់ថា ទីតាំងអាជីវកម្មនានាដែលត្រូវហាមឃាត់ក្នុងអំឡុងវិធានការគម្លាតសង្គមនេះ នឹងត្រូវអនុញ្ញាតឱ្យដំណើរការវិញបានមានដូចជា បារ ក្លឹបកម្សាន្ត បន្ទប់ខារ៉ាអូខ ប៉ុន្តែត្រូវអនុវត្តទៅតាមលក្ខខណ្ឌកម្រិតផងដែរ។
សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃសុក្រ ចំនួនអ្នកដែលត្រូវបានព្យាបាលជាមានចំនួន ៤៨៣៦៩ ខណៈករណីអ្នកជំងឺកូវីដដែលមានអាការៈធ្ងន់ធ្ងរមានចំនួន ៤០៤ករណី ហើយករណីបាត់បង់ជីវិតកើនដល់១០៨១នាក់ផងដែរ។
