កូរ៉េខាងត្បូង៖ អាកាសធាតុចុះត្រជាក់ខ្លាំងនៅព្រឹកថ្ងៃសុក្រនេះ នៅតាមតំបន់មួយចំនួនទូទាំងប្រទេសកូរ៉េខាងត្បូង ត្រូវបានកត់ត្រាជាផ្លូវការថាជាសីតុណ្ហភាពដែលចុះត្រជាក់ខ្លាំងមែនទែនក្នុងរយៈពេល៣៥ឆ្នាំចុងក្រោយនេះ បើតាមការរាយការណ៍នៅក្នុងសារព័ត៌មាននានារបស់កូរ៉េ រួមមាន Korea Time និង Yonhpa News។
អាកាសធាតុត្រជាក់ខ្លាំងនៅក្នុងទីក្រុងសេអ៊ូលក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ នាំឱ្យសីតុណ្ហភាពចុះត្រជាក់ខ្លាំងដល់ -18.6 អង្សារក្រោមសូន្យ ជាកម្រិតអាកាសធាតុត្រជាក់ខ្លាំងជាងគេបង្អស់លេខរៀង២ ចាប់តាំងពីមានការកត់ត្រាអាកាសធាតុជាផ្លូវការមក និងជាកំណត់ត្រាខ្ពស់ជាងគេក្នុងរយៈពេល៣៥ឆ្នាំចុងក្រោយ។ កំណត់ត្រាត្រជាក់ខ្លាំងជាងគេនៅក្នុងទីក្រុងសេអ៊ូល គឺនៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៨៦ ដែលសីតុណ្ហភាពនៅសេអ៊ូលចុះដល់ -19.2 អង្សារក្រោមសូន្យ បើតាមទិន្នន័យរបស់រដ្ឋបាលឧតុនិយមកូរ៉េ។
ចំណែកឯទីក្រុងដទៃទៀតដូចជាទីក្រុងដេជុន (Daejon) មានសីតុណ្ហភាពចុះដល់ -16.9 អង្សារក្រោមសូន្យ ខណៈក្រុងក្វាងជូចុះដល់ -12.7 អង្សារក្រោមសូន្យ រីឯក្រុងប៊ូសានចុះដល់ -11.4 អង្សារក្រោមសូន្យ ហើយកោះជេជូមានសីតុណ្ហភាពចុះដល់ -1.1 អង្សារក្រោមសូន្យ។ ក្នុងនោះដែរ ឧតុនិយមក៏បានព្យាករណ៍ថានឹងមានព្រិលធ្លាក់ខ្លាំងរហូតដល់កម្រាស់ 15 សង់ទីម៉ែត្រនៅតំបន់ឆ្នេរនៃខេត្តចូឡា និងនៅកោះជេជូ។ បើតាមការបញ្ជាក់របស់អជ្ញាធរ កម្រិតព្រិលធ្លាក់នៅលើកំពូលភ្នំហាឡា (Mt Halla) នៅលើកោះជេជូ មានដល់កម្រាស់ 31.1 សង់ទីមែ៉ត្រឯណោះ ចន្លោះថ្ងៃពុធ និងព្រឹកថ្ងៃសុក្រនេះ។

ក្នុងរយៈពេលចាប់ពីថ្ងៃអង្គារ មកដល់ថ្ងៃសុក្រនេះ តំបន់ជាច្រើនសឹងតែទូទាំងប្រទេសត្រូវបានជូនដំណឹងអំពីការធ្លាក់ចុះខ្លាំងនៃអាកាសធាតុត្រជាក់នេះ ខណៈដែលអាកាសធាតុអាចនឹងមានការប្រសើរឡើងវិញបន្តិចម្តងៗចាប់ពីថ្ងៃសៅរ៍ស្អែក រហូតដល់អំឡុងសប្តាហ៍ក្រោយទៅ។
ជាមួយនឹងអាកាសធាតុត្រជាក់ខ្លាំង រួមនឹងព្រិលធ្លាក់យ៉ាងខ្លាំងផងដែរនោះ ការធ្វើចរាចរណ៍លើដងផ្លូវមានលក្ខណៈលំបាកខ្លាំងដោយសារមានសភាពរអិលពីព្រិលទឹកកកដែលចាប់ផ្តើមរលាយ ខណៈដែលអជ្ញាធរបានធ្វើការផ្អាកជើងហោះហើរ និងការធ្វើដំណើរតាមមធ្យោបាយសាធារណៈមួយចំនួនផងដែរ ដោយបារម្ភពីបញ្ហាសុវត្ថិភាព។

ក្នុងនោះដែរ ជាមួយនឹងអាកាសធាតុត្រជាក់នេះ នៅទីក្រុងអ៊ីនឆន់មានករណីឆាបឆេះមួយនៅស្ថានីយ៍ផ្គត់ផ្គង់អគ្គិសនីមួយកន្លែង ដែលនាំឱ្យដាច់អគ្គិសនីផ្គត់ផ្គង់ដល់ផ្ទះជិត៤ម៉ឺនខ្នងនៅក្នុងតំបន់នោះ អស់រយៈពេលជាង២ម៉ោង ទំរាំខាងជំនាញអាចធ្វើការជួសជុលរួចរាល់ កាលពីព្រឹកថ្ងៃសុក្រនេះ។ អជ្ញាធរបានបញ្ជាក់ថា អាកាសធាតុចុះត្រជាក់ខ្លាំងនេះបាននាំឱ្យតម្រូវការអគ្គិសនីទូទាំងប្រទេសនឹងកើនឡើងខ្លាំង ដែលកាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ មានការប្រើប្រាស់អគ្គិសនីដល់ទៅ៩០.២លានគីឡូវ៉ាត់ ឯណោះ ជាកំណត់ត្រាច្រើនបំផុតក្នុងរដូវរងារនៅក្នុងប្រទេសកូរ៉េខាងត្បូង បើតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េ។
