សេអ៊ូល៖ ក្នុងឱកាសនៃទិវាជ័យជម្នះ៧មករា លើរបបប្រល័យពូជសាសន៍ប៉ុលពត ខួបអនុស្សាវរីយ៍លើកទី៤២ (៧ មករា ១៩៧៩ – ៧ មករា ២០២១) កាលពីថ្ងៃទី៧ មករា ២០២១ ម្សិលមិញ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូងបានរៀបចំមីទ្ទិញអបអរសាទរមួយ តាមរយៈប្រព័ន្ធអនឡាញ Zoom ដែលមានតំណាងសមាជិក-សមាជិកា សកម្មជនអ្នកគាំទ្ររាជរដ្ឋាភិបាលពីគ្រប់តំបន់ទូទាំងប្រទេសកូរ៉េ ប្រមាណ ១៧០នាក់ ចូលរួម បើតាមការបង្ហោះលើទំព័រហ្វេសប៊ុករបស់ស្ថានទូតផ្ទាល់។
មីទ្ទិញតាមរយៈអនឡាញក្រោមអធិបតីភាពឯកអគ្គរាជទូតនេះ ធ្វើឡើងមានរយៈពេល១ម៉ោង និង៣០នាទី ដោយមានការគោរពភ្លេងជាតិ ច្រៀងបទពង្សាវតារខ្មែរ ទស្សនាវីដេអូឯកសារប្រវត្តិសាស្ត្រ និងអានសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយលោកវរៈសេនីយ៍ឯក ថន ដារ៉ា នាយអនុព័ន្ធយោធា និងជាទីប្រឹក្សាយោធាអមស្ថានទូត។
ជាកម្មវិធីបន្ទាប់ទៀត មានការឡើងចំណាប់អារម្មណ៍របស់តំណាងនិស្សិត តំណាងសហគមន៏ស្ត្រីរៀបការស្វាមីកូរ៉េ និងតំណាងពលករខ្មែរ ហើយបន្តដោយមតិសំណេះសំណាលរបស់លោកឯកអគ្គរាជទូត។ ក្នុងឱកាសនោះ លោកទូត ឡុង ឌីម៉ង់ បានរំលេចអំពីប្រវត្តិនៃថ្ងៃ៧មករា និងសច្ចៈភាពជាប្រវត្តិសាស្ត្រនៃថ្ងៃដ៏វិសេសវិសាលនេះ ហើយលោកក៏បានជម្រុញទឹកចិត្ត និងការប្តេជ្ញាចិត្តចូលរួមរបស់ប្រជាពលរដ្ឋយុវជនជំនាន់ក្រោយ ក្នុងការជ្រោងទង់ស្មារតីជ័យជំនះ ៧ មករា ឱ្យនៅស្ថិតស្ថេរជានិមិត្តរូបនៃសាមគ្គីភាព រួបរួមជាតិ និងអភិវឌ្ឍន៏កម្ពុជាបន្តទៅមុខទៀត។