នាយកប្រតិបត្តិក្រុមហ៊ុន​ Moderna អះអាងថាវ៉ាក់សាំងកូវីដ Moderna របស់ខ្លួន មានប្រសិទ្ធភាពយ៉ាងហោចណាស់ ក៏បានដល់ពីរ ទៅបីឆ្នាំ ដែរ

អាម៉េរិក៖ វ៉ាក់សាំងការពារកូវីដ-១៩ ផលិតដោយក្រុមហ៊ុនសហរដ្ឋអាម៉េរិក Moderna ទំនងជាអាចនឹងផ្តល់ការការពារពីមេរោគកូរ៉ូណានេះបានយ៉ាងហោចណាស់បានដល់ប៉ុន្មានឆ្នាំដែរ នេះបើតាមការបញ្ជាក់របស់ប្រធានក្រុមហ៊ុន Moderna ផ្ទាល់នៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញ ដែលចុះផ្សាយតាមសារព័ត៌មាន Reuter។

តាមការបញ្ជាក់របស់នាយកប្រតិបត្តិក្រុមហ៊ុនវេជ្ជសាស្រ្ត Moderna លោក Stéphane Bancel នៅក្នុងកម្មវិធីមួយ បានឱ្យដឹងថា វ៉ាក់សាំងរបស់ខ្លួនអាចនឹងទំនងជាផ្តល់ការការពារបានយូរដែរ យ៉ាងហោចណាស់ក៏ពីរ ទៅបីឆ្នាំដែរ ប៉ុន្តែចំពោះតួលេខច្បាស់ការ ទាល់តែមានទិន្នន័យសម្រាប់ក្រុមអ្នកជំនាញធ្វើការពិនិត្យមើលបន្ថែមទៀតសិន។

ការចេញមុខមកអះអាងគឺដើម្បីឆ្លើយតបបដិសេធទៅនឹងការលើកឡើងរបស់សារព័ត៌មានមួយចំនួន និងមតិសាធារណជន ថាអាចនឹងមានសេណារីយ៉ូមិនគាប់ប្រសើរ ដែលវ៉ាក់សាំងផលិតដោយក្រុមហ៊ុននានា ដែលបច្ចុប្បន្នកំពុងរួសរាន់ដាក់ឱ្យនិយ័តករតាមប្រទេសនីមួយៗផ្តល់អជ្ញាប័ណ្ណសម្រាប់ប្រើប្រាស់នោះ អាចនឹងមានបញ្ហាលើប្រសិទ្ធភាពដែលអាចការពារអ្នកប្រើ​ប្រាស់ពីមេរោគកូរ៉ូណាបានត្រឹមរយៈពេលខ្លី ត្រឹម ២ ទៅ៣ខែ។

វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ជាវ៉ាក់សាំងបេក្ខភាពមួយក្នុងចំណោមវ៉ាក់សាំងការពារកូវីដ-១៩ ជាច្រើនទៀត ដែលត្រូវបានផលិតដោយក្រុមហ៊ុននានាជុំវិញពិភពលោក ហើយកំពុងតែស្វះស្វែងដណ្តើមគ្នាដើម្បីទទួលបានការអនុញ្ញាតយល់ព្រមផ្តល់អជ្ញាប័ណ្ណពីអជ្ញាធរសុខាភិបាលនៃអង្គការអន្តរជាតិ និងពីសំណាក់ប្រទេសធំៗ ដើម្បីអាចធ្វើការចែកចាយ និងលក់ផលិតផលរបស់ខ្លួនឆ្លើយតបទៅនឹងតម្រូវការវ៉ាក់សាំងសម្រាប់ប្រជាជនខ្លួនពីសឹងគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក។

សហភាពអឺរ៉ុបបានប្រកាសទទួលស្គាល់ ផ្តល់អជ្ញាប័ណ្ណសម្រាប់បេក្ខភាពវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ហើយកាលពីថ្ងៃពុធម្សិលមិញនេះ ខណៈដែលប្រទេសដទៃទៀតក៏កំពុងរួសរាន់នីតិវិធីផ្តល់អជ្ញាប័ណ្ណដល់វ៉ាក់សាំងទាំងនេះដែរ រួមមានទាំងកូរ៉េខាងត្បូងផងដែរ ដែលបានកក់នូវវ៉ាក់សាំងមួយភាគសម្រាប់ផ្គត់ផ្គង់ដល់ប្រជាជនខ្លួនក្នុងប៉ុន្មានខែខាងមុខ ខណៈដែលអជ្ញាធរនិយ័តករថ្នាំពេទ្យកូរ៉េខាងត្បូង បានធ្វើការកែសម្រួលនីតិវិធីផ្សេងៗដើម្បីអាចផ្តល់អជ្ញាប័ណ្ណដល់បណ្តាវ៉ាក់សាំងដែលខ្លួនបានកក់សម្រាប់ប្រជាជនខ្លួនផងដែរ។

ក្នុងនោះដែរ នាយកប្រតិបត្តិក្រុមហ៊ុន Moderna ក៏បង្ហាញជំនឿចិត្តផងដែរថាបេក្ខភាពវ៉ាក់សាំងខ្លួនក៏មានប្រសិទ្ធភាពការពារប្រភេទមេរោគកូវីដ-១៩ ដែលបម្លែងខ្លួនប្រភេទថ្មីនោះផងដែរ ដែលការលើកឡើងស្របទៅនឹងការបញ្ជាក់របស់ក្រុមអ្នកវិទ្យាសាស្រ្តជំនាញសុខាភិបាលផងដេរ។

លោក Stéphane Bancel នាយកប្រតិបត្តិក្រុមហ៊ុនវេជ្ជសាស្រ្ត Moderna

Leave a Reply

Your email address will not be published. Required fields are marked *