កូរ៉េខាងត្បូង៖ ប៉ូលីសកូរ៉េខាងត្បូងកំពុងបើកការស៊ើបអង្កេតលើករណីបាត់ប្រាក់សុទ្ធដ៏ច្រើនមួយ ពីក្នុងកាស៊ីណូដ៏ធំមួយនៅលើកោះជេជូ ជាករណីដ៏អាថ៌កំបាំង បើតាមការរាយការណ៍របស់ប៉ូលីសកូរ៉េ តាមរយៈសារព័ត៌មាន Yonhap News។
កាស៊ីណូដែលរងគ្រោះបាត់ប្រាក់សុទ្ធពីក្នុងអាគាររបស់ខ្លួននេះ មានឈ្មោះថាកាស៊ីណូ Jeju Shinhwa World ជាកាស៊ីណូកម្សាន្តដ៏ធំជាងគេមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង។ បើតាមការរាយការណ៍ កាស៊ីណូនេះបានបាត់ប្រាក់សុទ្ធពីក្នុងអាគាររបស់ខ្លួនដល់ទៅជាង១៤.៥៦ប៊ីលានវ៉ុន (ប្រមាណ១៣.៣៨លានដុល្លារអាម៉េរិក) ឯណោះ។
បើតាមតម្រុយផ្តល់ដោយភាគីក្រុមហ៊ុនដែលគ្រប់គ្រងលើកាស៊ីណូនេះបានឱ្យដឹងថា ជនសង្ស័យអាចជាបុគ្គលិកនារីជនជាតិម៉ាឡេស៊ីម្នាក់ដែលទទួលបន្ទុកទុកប្រាក់របស់កាស៊ីណូ ដោយក្រុមហ៊ុនបានលើកឡើងថាបុគ្គលិកសង្ស័យរូបនេះ បានឈប់សម្រាកតាំងពីចុងឆ្នំា២០២០មក ហើយមិនអាចធ្វើការទាក់ទងបានទាល់តែសោះ ក្រោយលេចដឹងថាមានបញ្ហាដ៏ធំ និងអាថ៌កំបាំងនេះ។
ក្រុមហ៊ុនជាម្ចាស់កាស៊ីណូបានដឹង និងបានផ្សព្វផ្សាយពីបញ្ហានេះក្នុងគេហទំព័រផ្លូវការរបស់ខ្លួនកាលពីថ្ងៃអង្គារ និងបានទាក់ទងប៉ូលីសឱ្យជួយស៊ើបអង្កេតលើករណីដ៏អាថ៌កំបាំង ដែលពាក់ព័ន្ធលុយសុទ្ធដល់ទៅរាប់ពាន់លាននេះ។ ប៉ូលីសនៃកោះជេជូបានយកវីដេអូកាម៉េរាសុវត្ថិភាពទាំងអស់ទៅពិនិត្យមើល ប៉ុន្តែបានសម្គាល់ឃើញថាវីដេអូសុវត្ថិភាពនៃពេលបាត់ប្រាក់នោះទំនងជាត្រូវបានលុបចោលដោយចេតនា។
បើតាមការសន្និដ្ឋានរបស់ប៉ូលីស ករណីនេះអាចមានការចូលរួមធ្វើសកម្មភាពពីជនសង្ស័យច្រើននាក់ ដោយសារចំនួនៃប្រាក់សុទ្ធសរុបដល់ទៅជាង១៤.៥៦ប៊ីលានដែលបាត់នេះគឺមានចំនួនច្រើនមែនទែន ហើយមានទំងន់ធ្ងន់ដល់ទៅជាង២៨០គីឡូក្រាម ដោយសារប្រសិនបើប្រាក់ដែលបាត់ទាំងអស់ជាក្រដាសប្រាក់៥ម៉ឺនវ៉ុននោះ លុយដែលបាត់សរុបគឺនឹងមានដល់ទៅចំនួន ២៩១,២០០ សន្លឹកក្រដាសប្រាក់។ ចំនួននេះបើធ្វើការប្រៀបធៀបទៅ ត្រូវការដាក់ក្នុងកេសផ្លែប៉ោមធំ ដល់ទៅ១២កេស ពេញឯណោះ ទើបអាចយកចេញពីទីតាំងកាស៊ីណូបាន។ ដូចនេះ ការស៊ើបអង្កេតនឹងត្រូវបន្តធ្វើថែមទៀត ដើម្បីប្រមូលភស្តុតាងពាក់ព័ន្ធដទៃទៀត មុននឹងអាចឈានដល់ការសន្និដ្ឋានជាក់លាក់ណាមួយនាពេលខាងមុខ។