ហួសចិត្តណាស់! ស៊ើបអង្កេតយ៉ាងយូរ ទើបចាប់បាន ប៉ូលីសខ្វាងជូម្នាក់ ជាអ្នកធ្វើសកម្មភាពប្លន់ហាងគ្រឿងអលង្ការមួយកន្លែង លួចអស់ជាង ២៥លានវ៉ុន

កូរ៉េខាងត្បូង៖ មន្ត្រីប៉ូលីសកូរ៉េខាងត្បូងនៅទីក្រុងខ្វាងជូម្នាក់ ត្រូវបានឃាត់ខ្លួន ដោយរកឃើញថាជាប់ពាក់ព័ន្ធនឹងករណីប្លន់ហាងគ្រឿងអលង្ការមួយកន្លែងនៅក្នុងភាគខាងត្បូង ឈៀងខាងលិច នៃទីក្រុងខ្វាងជូ បើតាមការរាយការណ៍របស់មន្ត្រីប៉ូលីសក្រុងខា្វងជូនៅថ្ងៃព្រហស្បត្តិ៍នេះ ក្នុងសារព័ត៌មាន Yonhap News។

តាមការរាយការណ៍ មន្ត្រីដែលជាប់ចោទនេះ ត្រូវបានគេឱ្យស្គាល់ថាឈ្មោះ លីម (Lim) ជាមន្ត្រីប៉ូលីសនៃប៉ុស្តិ៍ប៉ូលីសខ្វាងជូ សេប៊ូ (Gwangju Seobu) ដែលជនសង្ស័យនេះត្រូវបានចោទប្រកាន់ថាបានធ្វើសកម្មភាពវាយចូលប្លន់ហាងលក់គ្រឿងអលង្ការមួយកន្លែងក្នុងក្រុងខ្វាងជូ ប្រហែលម៉ោង ៤ព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ​ ដែលបានលួចគ្រឿងអលង្ការ និងទ្រព្យផ្សេងៗអស់តម្លៃជាង ២៥លានវ៉ុន (ប្រមាណជាង២៣០០០ ដុល្លារ)។

បើតាមការបញ្ជាក់របស់ប៉ុស្តិ៍ប៉ូលីសក្រុងខ្វាងជូ ដែលបានស៊ើបអង្កេតលើករណីនេះ ជនជាប់ចោទឈ្មោះ លីម នេះបានប្រព្រឹត្តអំពើប្លន់នេះ ក្រោយពីបានជំពាក់បំណុលល្បែងរាប់លានវ៉ុនឯណោះ។ ហើយជនជាប់ចោទនេះ ក៏បានទទួលសារភាពទៅនឹងសកម្មភាពរបស់ខ្លួនរួចរាល់ហើយដែរ។

រូបភាពនៃសកម្មភាពវាយប្លន់ហាងលក់គ្រឿងអលង្ការនៅខ្វាងជូ

មន្ត្រីប៉ូលីសស៊ើបអង្កេតនៃប៉ុស្តិ៍ប៉ូលីសខ្វាងជូលើកឡើងថា ជនជាប់ចោទទំនងជាគិតថាខ្លួនឯងបានធ្វើសកម្មភាព ជាមួយផែនការយ៉ាងល្អឥតខ្ចោះ ដោយបានពាក់ម៉ាស់របាំងមុខ និងមួក ក្នុងពេលធ្វើសកម្មភាពនោះ ហើយក្រោយមកបានធ្វើដំណើរចេញដោយបិទស្លាកលេខសម្គាល់យានយន្តទៀតផង ហើយធ្វើដំណើរក្នុងតំបន់ដែលគ្មានការយាមកាម និងគ្មានកាម៉េរាសុវត្ថិភាពតាមដងផ្លូវអស់រាប់ម៉ោងឯណោះ ដើម្បីបង្វែរដានរបស់ខ្លួន។ នៅព្រឹកថ្ងៃបន្ទាប់នោះ ជនជាប់ចោទរូបនេះ បានមកប៉ុស្តិ៍ប៉ូលីសធ្វើការជាប្រក្រតី ហាក់ដូចមិនមានរឿងអ្វីកើតឡើងសោះ។

យ៉ាងណាមិញ ប៉ូលីសជំនាញក៏មានការលំបាកក្នុងសំណុំរឿងនេះដែរ ប៉ុន្តែចុងក្រោយអាចធ្វើការកំណត់អត្តសញ្ញាណយានយន្តរបស់ជនជាប់ចោទបាន ក្រោយការស៊ើបអង្កតជាបន្តបន្ទាប់ ដែលក្នុងនោះប្រភពភស្តុតាងសំខាន់ៗគឺបានតាមរយៈកាម៉េរាសុវត្ថិភាពតាមផ្ទះឯកជននានដែលនៅក្នុងតំបន់កើតហតុនោះ ដែលនាំឱ្យប៉ូលីសឈានដល់ការកំណត់អត្តសញ្ញាណជនជាប់ចោទបានសម្រេច។

Leave a Reply

Your email address will not be published. Required fields are marked *