កូរ៉េខាងត្បូងរកឃើញវិជ្ជមានកូវីដប្រភេទបម្លែងខ្លួនថ្មី ៣ ករណីទៀត សុទ្ធជាគ្រួសារនៃអ្នកជំងឺលើកមុន ខណៈករណីមេរោគថ្មីនេះកើនដល់ ១៥ករណីហើយ

កូរ៉េខាងត្បូង៖ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បត្តិ៍នេះបានប្រកាសថា មានករណីវិជ្ជមានកូវីដ-១៩ប្រភេទមេរោគបម្លែងខ្លួនថ្មីនោះ ៣ករណីទៀត ដែលបានរកឃើញនៅក្នុងប្រទេសកូរ៉េខាងត្បូង រាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

បើតាមប្រភពព័ត៌មានផ្តល់ដោយមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង បានបញ្ជាក់ឱ្យដឹងថាមានមនុស្ស៣នាក់ទៀត នៅថ្ងៃព្រហស្បត្តិ៍នេះ រកឃើញបញ្ជាក់ថាមានវិជ្ជមានជំងឺកូវីដ ប្រភេទមេរោគបម្លែងខ្លួនថ្មីដែលគេរកឃើញដំបូងចេញពីប្រទេសអង់គ្លេសកន្លងមកនោះ។ មនុស្សទាំង៣នាក់នោះ ជាសមាជិកគ្រួសាររបស់អ្នកជំងឺកូវីដម្នាក់ដែលត្រូវបានរកឃើញថាមានប្រភេទកូវីដបម្លែងខ្លួនថ្មីនេះ ក្រោយពីធ្វើដំណើរមកពីប្រទេសអង់គ្លេសតាំងពីថ្ងៃទី១៩ ខែធ្នូឆ្នាំមុននោះ។ ក្រុមគ្រួសារទាំង៣នាក់ របស់អ្នកជំងឺនោះ ទើបនឹងរកឃើញថាវិជ្ជមានកូវីដប្រភេទថ្មីនេះដែរ នៅថ្ងៃនេះ។

គិតត្រឹមថ្ងៃព្រហស្បត្តិ៍នេះ ចំនួនវិជ្ជមាននៃករណីកូវីដប្រភេទបម្លែងខ្លួនថ្មីនេះ ត្រូវបានរកឃើញចំនួន ១៥ករណីហើយនៅក្នុងប្រទេសកូរ៉េខាងត្បូង។

អជ្ញាធរសុខាភិបាលពេលនេះកំពុងបន្តធ្វើតេស្តលើក្រុមគ្រួសារដទៃទៀតរបស់អ្នកជំងឺដែលរកឃើញវិជ្ជមានទាំង៣នាក់ទៀតនេះ ថាតើពួកគេមានឆ្លងកូវីដ-១៩ឬអត់ ហើយបើឆ្លង តើបានឆ្លងនូវមេរោគកូវីដប្រភេទថ្មីនេះដែរឬទេ ផងដែរ។

កាលពីពេលថ្មីៗនេះ អង្គការសុខភាពពិភពលោកបានប្រកាសថាវ៉ារ្យង់ថ្មីនៃជំងឺកូវីដនេះ ដែលគេឱ្យឈ្មោះបច្ចេកទេសថា VOC202012/01 នោះ អាចត្រូវបានរកឃើញ និងអាចកំណត់អត្តសញ្ញាណបានតាមរយៈហ្សែនរបស់វីរុស។ បើតាមការវិភាគដំបូង មេរោគប្រភេទបម្លែងខ្លួនថ្មីនេះ អាចធ្វើការចម្លងទៅអ្នកដទៃបានលឿនជាងមេរោគប្រភេទចាស់ដល់ទៅ ៧០% ដែលនេះជាក្តីបារម្ភរបស់អជ្ញាធរសុខាភិបាល។

ឆ្លើយតបទៅនឹងហានិភ័យនៃការចម្លងពីមេរោគប្រភេទថ្មីនេះ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានដាក់ចេញវិធានការហាមឃាត់ជើងហោះហើរមកពីប្រទេសអង់គ្លេសចាប់តាំងពីថ្ងៃទី២៣ ខែធ្នូ ២០២០មកដល់ថ្ងៃទី៧ មករា ២០២១នេះ ហើយបានពន្យារការអនុវត្តបន្តរហូតដល់២សប្តាហ៍ទៀតហើយ។ ក្នុងនោះដែរ អជ្ញាធរនឹងធ្វើការពិនិត្យរកមេរោគកូវីដប្រភេទថ្មីនេះ តាមបច្ចេកវិទ្យាពិសេសដោយឡែកជាពិសេសចំពោះអ្នកធ្វើដំណើរមកពីប្រទេសអង់គ្លេស និងមកពីអាហ្វ្រិកខាងត្បូងផងដែរ។

វិធានការដទៃមួយទៀត គឺវិធានការតម្រូវឱ្យអ្នកដំណើរជាជនបរទេសទាំងអស់ចូលមកប្រទេសកូរ៉េ ត្រូវភ្ជាប់មកជាមួយនូវលទ្ធផលធ្វើតេស្តកូរ៉ូណា អវិជ្ជមាន ដែលបានធ្វើឡើងក្នុងរយៈពេលយូរបំផុត ៧២ម៉ោង មុនពេលធ្វើដំណើរមកកូរ៉េខាងត្បូង។

សូមបញ្ជាក់ថា នៅថ្ងៃព្រហស្បត្តិ៍នេះ ករណីវិជ្ជមានកូវីដទូទាំងប្រទេសមានដល់ ៨៧០ករណី​ ដែលស្ថិតក្រោមតួលេខពាន់ករណីរយៈពេល៣ថ្ងៃជាប់គ្នាហើយ បង្ហាញពីប្រសិទ្ធភាពនៃការអនុវត្តវិធានការគម្លាតសង្គមយ៉ាងតឹងតែងប៉ុន្មានសប្តាហ៍ចុងក្រោយនេះនៅក្នុងប្រទេស។

Leave a Reply

Your email address will not be published. Required fields are marked *