កូរ៉េខាងត្បូង៖ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនឹងចាប់ផ្តើមប្រតិបត្តិការធ្វើតេស្តកូរ៉ូណាទ្រង់ទ្រាយធំ លើពន្ធនាគារទូទាំងប្រទេស ដើម្បីបន្តតាមដានប្រភពនៃជំងឺកូវីដ-១៩ ដែលបានផ្ទុះជាចង្កោមសហគមន៍ខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ បើតាមការរាយការណ៍របស់សារព័ត៌មាន CNA កាលពីថ្ងៃពុធ ទី០៦ មករា ២០២១នេះ។
ប្រតិបត្តិការពិនិត្យធ្វើតេស្តរកមេរោគទ្រង់ទ្រាយធំនេះ នឹងធ្វើឡើងនៅតាមពន្ធនាគារដល់ទៅ៥២ទីតាំងទូទាំងប្រទេសកូរ៉េខាងត្បូង។ បើតាមការបញ្ជាក់របស់មន្ត្រីតំណាងនៃក្រសួងសុខាភិបាលកូរ៉េខាងត្បូង យ៉ាងហោចណាស់ ជាងពាក់កណ្តាលនៃចំនួនអ្នកទោស និងបុគ្គលិកសរុបចំនួន ២,២៩២នាក់ នៅក្នុងពន្ធនាគារមួយនៅក្នុងទីក្រុងសេអ៊ូលដែលបានផ្ទុះករណីកូវីដជាចង្កោមដ៏ធំតាំងពីខែធ្នូ ឆ្នាំ២០២០នោះ។
ឆ្លើយតបទៅនឹងការផ្ទុះឆ្លងជាចង្កោមនេះ អជ្ញាធរនៃក្រសួងយុត្តិធម៌កូរ៉េខាងត្បូង ក៏បានបំបែកអ្នកទោសដែលបានធ្វើតេស្តវិជ្ជមានចំពោះ COVID-19 នេះ ដោយការបញ្ជូនពួកគេទៅកាន់មន្ទីរពេទ្យដែលបានកំណត់។ ក្រៅពីនោះទៀត ក៏មានការរៀបចំចែករំលែកផ្ទេរអ្នកទោសពីទីតាំងដែលមានហានិភ័យឆ្លងខ្លាំងផងដែរ និងលទ្ធភាពនៃការអនុញ្ញាតឱ្យអ្នកទោសមួយចំនួនអាចនៅក្រៅឃុំបណ្តោះអាសន្នផងដែរ។
ក្នុងនោះដែរ អាជ្ញាធរកូរ៉េខាងត្បូង នឹងរៀបចំការធ្វើតេស្តកូវីដ ទ្រង់ទ្រាយធំលើអ្នកទោស និងបុគ្គលិកពន្ធនាគារប្រហែល ៧០,០០០នាក់ នៅទូទាំងប្រទេសបន្តទៀតផងដែរ ខណៈករណីឆ្លងដែលទាក់ទងទៅនឹងពន្ធនាគារនៅទូទាំងប្រទេស បានកើនឡើងដល់ ១,១៩១ករណី។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បត្តិ៍នេះ ចំនួននៃករណីឆ្លងកូវីដ-១៩ ថ្មីក្នុងប្រទេសកូរ៉េខាងត្បុងហាក់រាងធ្លាក់ចុះ និងមានភាពធូរស្បើយខ្លះផងដែរ ដោយចំនួនឆ្លងថ្មីធ្លាក់ចុះក្រោមមួយពានក់ករណី ៣ថ្ងៃជាប់គ្នាហើយ។ នៅថ្ងៃនេះមានករណីឆ្លងថ្មីត្រឹមតែ ៨៧០ករណីប៉ុណ្ណោះ ខណៈករណីឆ្លងសរុបកើនដល់៦៦៦៨៨ករណី ខណៈករណីបាត់បង់ជីវិតដោយសារកូវីដកើនដល់១០៤៦នាក់ហើយ។