កូរ៉េខាងត្បូង៖ រលកអាកាសធាតុត្រជាក់ខ្លាំង ជាមួយនឹងព្រិលធ្លាក់ខ្លាំងកំពុងគ្របដណ្តប់លើប្រទេសកូរ៉េខាងត្បូងទាំងមូលតាំងពីថ្ងៃម្សិលមិញ ដែលបានបង្កឱ្យការធ្វើដំណើរនាព្រឹកថ្ងៃព្រហស្បត្តិ៍នេះមានការលំបាកដោយសារតែព្រិលទឹកកកនៅលើដងផ្លូវនានា តាមការរាយការណ៍ក្នុងសារព័ត៌មាន Yonhap News។
នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទីក្រុងសេអ៊ូលមានអាកាសធាតុត្រជាក់ចុះដល់ -15 អង្សារក្រោមសូន្យ ក្រោយពីល្ងាចថ្ងៃពុធម្សិលមិញមានព្រិលធ្លាក់យ៉ាងខ្លាំងនោះ បើតាមការរាយការណ៍របស់រដ្ឋបាលឧតុនិយមកូរ៉េខាងត្បូង។ តំបន់ខ្វាឈុន (Gwacheon) មានព្រិលធ្លាក់ដល់កម្រាស់11.6cm និងតំបន់ហាណាម មានព្រិលធ្លាក់ដល់កម្រាស់9cm ឯណោះ។
បើតាមការរាយការណ៍ ព្រិលទឹកកកធ្លាក់ដ៏ខ្លាំងនេះបានធ្វើឱ្យផ្លូវរថភ្លើងកកណែនដោយមនុស្សនៅព្រឹកព្រលឹមថ្ងៃព្រហស្បត្តិ៍នេះ ដោយសារការធ្វើដំណើរតាមរថយន្តមានការលំបាក ខណៈដែលតាមដងផ្លូវធ្វើដំណើរពោរពេញទៅដោយទឹកកកពេញផ្លូវ ដែលនាំឱ្យការធ្វើដំណើរមានភាពលំបាក រអិល និងមានការកកស្ទះខ្លាំង។
ប្រជាពលរដ្ឋម្នាក់បាននិយាយថា ខ្លួនបានធ្វើដំណើរទៅកាន់ស្ថានីយ៍រថភ្លើងក្រោមដី ដើម្បីធ្វើដំណើរទៅធ្វើការដូចរាល់ដង តែព្រឹកនេះទៅលឿនជាងធម្មតាដល់ទៅ១ម៉ោង ប៉ុន្តែមនុស្សនៅក្នុងស្ថានីយ៍រថភ្លើងណែនណាន់តាន់តាប់ ដោយសារតែមនុស្សជាច្រើនសម្រេចមកធ្វើដំណើរតាមរថភ្លើង ជាជាងធ្វើដំណើរតាមមធ្យោបាយផ្ទាល់ខ្លួនដែលមានលំបាកខ្លាំងទៅវិញ។
បើតាមការរាយការណ៍របស់អជ្ញាធរក្រុងសេអ៊ូល ព្រិលទឹកកកលើដងផ្លូវនេះបានធ្វើឱ្យមានការកកស្ទះ និងមានករណីគ្រោះថ្នាក់ចរាចរណ៍បន្ថែមមួយចំនួនតូចផងដែរ ហើយអជ្ញាធរថានឹងព្យាយាមបន្ថែមម៉ោងរត់សម្រាប់រថភ្លើង និងរថយន្តក្រុង ដើម្បីធានាតម្រូវការធ្វើដំណើរតាមមធ្យោបាយសាធារណៈអាចធ្វើទៅបានគ្រប់ៗគ្នា។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃពុធម្សិលមិញ នៅតំបន់មួយចំនួនដូចជាសេអ៊ូល និងតំបន់ភាគកណ្តាល រដ្ឋបាលឧតុនិយមកូរ៉េខាងត្បូង បានចេញការព្រមានអំពីរលកអាកាសធាតុចុះត្រជាក់ខ្លាំង ដែលសីតុណ្ហភាពអាចចុះដល់ពី -17 ដល់ -23 អង្សារក្រោមសូន្យ ដោយសារតែឥទ្ធិពលនៃខ្យល់ត្រជាក់មកពីតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី។ រីឯតំបន់មួយចំនួនទៀត បានទទួលព័ត៌មានឱ្យមានការប្រុងប្រយ័ត្ននេះតាំងពីយប់ថ្ងៃអង្គារមកម្លេះ។ តាមរយៈសេចក្តីជូនដំណឹងនេះ អាកាសធាតុត្រជាក់នេះ អាចនឹងបន្តនៅថ្ងៃនេះទៀត ហើយចុះខ្សោយឥទ្ធិពលវិញបន្តិចម្តងៗរហូតដល់សប្តាហ៍ក្រោយ។