ម្ចាស់អាជីវកម្មនៅកូរ៉េខាងត្បូង ប្រមូលផ្តុំតំណាងធ្វើការតវ៉ារដ្ឋាភិបាល ថាអនុវត្តវិធានការគម្លាតសង្គមមិនស្មើភាព ដោយឱ្យអាជីវកម្មខ្លះដំណើរការបាន ខ្លះមិនបាន

កូរ៉េខាងត្បូង៖ ម្ចាស់ហាងកាហ្វេ អ៊ីនធើណែតកាហ្វេ និងបារជាច្រើនបានរួមគ្នាធ្វើការតវ៉ាទៅនឹងវិធានការគម្លាតសង្គមប្រឆាំងកូវីដ-១៩ ដាក់ចេញដោយរដ្ឋាភិបាលកូរ៉េ ដោយថាមានការអនុវត្តមិនស្មើភាពគ្នា បើតាមការរាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

នៅក្នុងការតវ៉ានេះ ម្ចាស់ហាងជាច្រើន រួមមានហាងកាហ្វេ អ៊ីនធើណែតកាហ្វេ និងបារ បានលើកឡើងថាការអនុវត្តវិធានការគម្លាតសង្គមជាពិសេសចំពោះការប្រកបអាជីវកម្មនានានោះ មិនមានលក្ខណៈស្មើភាពនោះទេ ដោយរដ្ឋាភិបាលអនុញ្ញាតឱ្យអាជីវកម្មមួយចំនួនដំណើរការបាន ខណៈដែលអាជីវកម្មមួយចំនួនមិនអាចដំណើរការបាន ហើយក៏មិនមានការធានាអះអាងថាពេលណាទើបពួកគេអាចដំណើរបានវិញ ឬក៏មិនមានការធានាគាំពារការខាតរបរអាជីវកម្មរបស់ពួកគេសោះឡើយ។


ការតវ៉ានេះបានចាប់ផ្តើករីកធំទៅៗ នៅពេលដែលរដ្ឋាភិបាលថ្មីៗនេះបានប្រកាសបន្តអនុវត្តវិធានការគម្លាតសង្គមមានស្រាប់ ដូចជាការអនុវត្តវិធានការគម្លាតសង្គម២.៥ នៅក្រុងសេអ៊ូល និងតំបន់ធំៗជុំវិញ និងវិធានការគម្លាតសង្គមកម្រិត២ នៅតំបន់ផ្សេងៗទូទាំងប្រទេស ដោយពន្យាររហូតដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ទៀត។ ប៉ុន្តែជាមួយនឹងការពន្យារនេះ រដ្ឋាភិបាលលើកលែងឱ្យទីតាំងមួយចំនួនដូចជាសាលាបង្រៀនគួរឯកជន និងសាលាបង្រៀនតេក្វាន់ដូជាដើម អាចដំណើរការបាន ដោយមានការរិតត្បិតលើចំនួនសិស្សត្រឹមតែ៩នាក់ ក្នុងមួយថ្នាក់ ដោយសារតែមានការតវ៉ាពីសំណាក់តំណាងសាលាបង្រៀនគួរឯកជន និងសាលាបង្រៀនតេក្វាន់ដូកន្លងមក។

ការមិនពេញចិត្តនេះ គឺដោយសារតែរដ្ឋាភិបាលសុខចិត្តអនុញ្ញាតឱ្យទីតាំងទាំងនោះដំណើរការបាន ក្រោយពីមានការតវ៉ា ដែលនេះជម្រុញឱ្យម្ចាស់អាជីវកម្មផ្សេងៗទៀតដែលជួបបញ្ហាលំបាកដូចគ្នានោះ ប្រមូលគ្នាចេញមកតវ៉ាដល់អជ្ញាធរផងដែរ។ ជាក់ស្តែង គេឃើញមានក្រុមអនឡាញមួយបង្កើតឡើងតំណាងឱ្យម្ចាស់អាជីវកម្មហាងកាហ្វេទូទាំងប្រទេស ដែលចង់តវ៉ារដ្ឋាភិបាលចំពោះការអនុវត្តមិនស្មើភាពគ្នានេះ ដោយត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ ក្រុមអនឡាញនេះមានសមាជិកដល់ជាង ១៨០០នាក់ហើយ។ ក្រុមនេះបានលើកឡើងថា ឆាប់ៗខាងមុខក្រុមខ្លួននឹងធ្វើការដាក់ញ្ញាត្តិជូនដល់ក្រសួងសុខាភិបាល ហើយនឹងចេញមុខធ្វើតវ៉ាផ្ទាល់មួយនៅមុខរដ្ឋសភាជាតិ និងអាគាររដ្ឋាភិបាលនៅសេជុងផងដែរ។ ក្រោយពីក្រុមតំណាងម្ចាស់ហាងកាហ្វេនេះចេញមុខ ក្រោយមកទៀត ក្រុមម្ចាស់តំណាងបារ និងហាងអ៊ីនធើណែតកាហ្វេក៏ចាប់ផ្តើមចេញតវ៉ាផងដែរ។

ក្នុងវិធានការគម្លាតសង្គមអនុវត្តសព្វថ្ងៃ ហាងកាហ្វេអនុញ្ញាតឱ្យតែមានការកុម្មង់ខ្ចប់ចេញក្រៅប៉ុណ្ណោះ ខណៈដែលភោជនីយដ្ឋានទូទៅអាចទទួលភ្ញៀវផ្ទាល់បានដល់ម៉ោង៩យប់ ទើបតម្រូវឱ្យកុម្មង់ចេញក្រៅទាំងអស់ក្រោយម៉ោង៩យប់ទៅ។ ក្នុងនោះដែរ ប៉ុន្មានថ្ងៃនេះ ក៏មានទីតាំងហាត់កីឡាដល់ជាង ៣០០ កន្លែងនៅក្នុងក្រុងសេអ៊ូល បន្តដំណើរការឡើងវិញប្រឆាំងទៅនឹងវិធានការគម្លាតសង្គមផងដែរ។

ឆ្លើយតបទៅនឹងការតវ៉ានេះ រដ្ឋាភិបាលបានទទួលស្គាល់នូវបញ្ហាកង្វះខាតខាងលើ តែបាននិយាយថាការកែសម្រួលនឹងមានចេញជាបន្តបន្ទាប់ក្រោយពេលដែលវិធានការគម្លាតសង្គមបច្ចុប្បន្នមានលទ្ធផលប្រសើរជាងមុន ក្នុងការទប់ស្កាត់មេរោគកូវីដនេះ។ ក្នុងនោះដែរ ចំពោះបញ្ហាមិនអនុវត្តទៅតាមវិធានការគម្លាតសង្គមដែលរដ្ឋាភិបាលបានកំណត់ អជ្ញាធរក៏នឹងចាប់ផ្តើមពិនិត្យផងដែរ ថាត្រូវដោះស្រាយតាមវិធីសាស្រ្តបែបណា។

សមត្ថកិច្ចចុះពិនិត្យទីតាំងហាត់កីឡាមួយកន្លែង ដែលបើកដំណើរការ ផ្ទុយទៅនឹងបម្រាមក្នុងវិធានការគម្លាតសង្គម

Leave a Reply

Your email address will not be published. Required fields are marked *