ប៉ុន្មានថ្ងៃខាងមុខ ឧតុនិយមកូរ៉េ ព្រមានថាអាកាសធាតុចុះត្រជាក់ខ្លាំងនៅសេអ៊ូល និងភាគកណ្តាលប្រទេស អាចពី -17 ដល់ -23 អង្សារក្រោមសូន្យ នៅពេលព្រឹក

កូរ៉េខាងត្បូង៖ ការព្រមានអំពីអាកាសធាតុចុះត្រជាក់ខ្លាំង នឹងត្រូវប្រកាសសម្រាប់ទីក្រុងសេអ៊ូលនៅថ្ងៃពុធនេះ ជាលើកដំបូងបង្អស់ក្នុងរយៈពេលបីឆ្នាំចុងក្រោយ ខណៈដែលតំបន់ផ្សេងៗទូទាំងប្រទេសកូរេ៉ក៏នឹងរងឥទ្ធិពលនៃអាកាសធាតុចុះត្រជាក់ខ្លាំងនេះដែរ រាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

រដ្ឋបាលឧតុនិយមកូរ៉េខាងត្បូង (KMA) បានឱ្យដឹងថាការព្រមាននអំពីអាកាសធាតុចុះត្រជាក់ខ្លាំងនឹងត្រូវចាប់ផ្តើមប្រកាសនៅយប់ថ្ងៃពុធនេះ ពីម៉ោង៩យប់ទៅនៅទូទាំងទីក្រុងសេអ៊ូល ជាការប្រកាសអាសន្នពីសីតុណ្ហភាពត្រជាក់ខ្លាំងដំបូងបង្អស់ចាប់តាំងពីថ្ងៃទី២៣ ខែមករា ២០១៨កន្លងទៅ។ អាកាសធាតុត្រជាក់ខ្លាំងនេះជាឥទ្ធិពលផ្ទាល់ពីខ្យល់ត្រជាក់បក់ចេញពីតំបន់ស៊ីបេរីនៃប្រទេសរុស្ស៊ី ដែលបក់មកភាគខាងត្បូងដល់ប្រទេសកូរ៉េ។

សូមបញ្ជាក់ថា តាមការជូនដំណឹងនៅតំបន់សេអ៊ូល និងតំបន់ភាគកណ្តាលប្រទេសដែលមានការព្រមានអំពីអាកាសធាតុត្រជាក់ខ្លាំង នឹងមានសីតុណ្ហភាពព្រឹកព្រលឹមចុះដល់ក្រោម -17 អង្សារក្រោមសូន្យ និងនៅតំបន់ Chuncheon នៃខេត្តហ្គាងវ៉ុន ដែលសីតុណ្ហភាពពេលព្រឹកព្រលឹមចុះដល់ -23 អង្សារក្រោមសូន្យឯណោះ សម្រាប់ថ្ងៃព្រហស្បត្តិ៍ និងថ្ងៃសុក្រក្នុងសប្តាហ៍នេះ ខណៈដែលអាកាសធាតុទូទៅប្រចាំថ្ងៃ អាចនឹងឡើងមកវិញបន្តិចដល់ប្រហែល -12 ទៅ -10 អង្សាក្រោមសូន្យវិញ។

ក្នុងនោះដែរ ទីក្រុងសេអ៊ូល និងតំបន់ភាគកណ្តាលដទៃទៀតនឹងរំពឹងថាមានព្រិលធ្លាក់ខ្លាំងចាប់ពីម៉ោង ៦ល្ងាច ដល់កណ្តាលអាធ្រាត្រផងដែរ។

ទឹកកកនៅនឹងដើមឈើ នៅតាមដងទន្លេហាន ក្រុងសេអ៊ូល នាព្រឹកថ្ងៃទី០៦ មករា​ ២០២១នេះ

ការព្រមានអំពីអាកាសធាតុចុះត្រជាក់ខ្លាំងជាទូទៅ ត្រូវធ្វើឡើងនៅពេលដែលសីតុណ្ហភាពពេលព្រឹកចុះ ដល់ -15 អង្សារក្រោមសូន្យ ហើយមានរយៈពេល២ថ្ងៃជាប់គ្នា ឬពេលដែលសីតុណ្ហភាពចុះខ្លាំងជាងនេះដែលបណ្តាលឱ្យមានការប៉ះពាល់ដល់ប្រជាជន និងទ្រព្យសម្បត្តិនានា។

សូមបញ្ជាក់ថា ការប្រកាសអាសន្នអំពីសីតុណ្ហភាពនេះបានធ្វើឡើងរួចហើយសម្រាប់ខេត្តឃ្យ៉ុងគី ខេត្តហ្គាងវ៉ុន  ខេត្តឈុងឈុន និងខេត្តឃ្យ៉ុងសាងខាងជើង កាលពីយប់ថ្ងៃអង្គារម្សិលមិញ ម៉ោង៩យប់ ហើយនៅថ្ងៃនេះរំពឹងថានឹងមានការប្រកាសបន្ថែមទៀតសម្រាប់តំបន់ដទៃៗទៀត។ ចំណែកឯតំបន់ក្រុងអ៊ីនឆន់ និងក្រុងមួយចំនួនទៀតនៅភាគខាងត្បូងប្រទេស នឹងត្រូវជូនដំណឹងពីអាកាសធាតុចុះត្រជាក់ខ្លាំងនៅយប់ថ្ងៃពុធនេះដែរ ដែលការជូនដំណឹងមានលក្ខណៈស្រាលជាងការព្រមាន ដោយសារត្រូវធ្វើឡើងនៅពេលដែលសីតុណ្ហភាពពេលព្រឹកចុះ ដល់ត្រឹម -12 អង្សារក្រោមសូន្យ ហើយមានរយៈពេល២ថ្ងៃជាប់គ្នា។

ចំណែកឯតំបន់កោះជេជូ ក៏នឹងត្រូវប្រកាសការព្រមានអំពីរលកអាកាសធាតុត្រជាក់នេះដែរ ជាលើកដំបូងសម្រាប់កោះជេជូក្នុងរយៈពេល៥៧ឆ្នាំ តាំងពីឆ្នាំ១៩៦៤មក។ តាមការប្រកាស តំបន់ភ្នំខ្ពស់ៗនៃកោះជេជូអាចនឹងចុះត្រជាក់ដល់ -15 អង្សារក្រោមសូន្យនៅថ្ងៃព្រហស្បត្តិ៍ ខណៈដែលសីតុណ្ហភាពតំបន់ក្បែរឆ្នេរសមុទ្រគឺនៅក្បែរពី -2 អង្សារក្រោមសូន្យ ទៅ 2 អង្សារប៉ុណ្ណោះ។ ហើយឧតុនិយមក៏ព្រមានអំពីការធ្លាក់ព្រិលខ្លាំងនៅតំបន់ភ្នំខ្ពស់ៗនៃកោះជេជូផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *