ឯកអគ្គរាជទូតខ្មែរ អញ្ជើញដល់ទីក្រុងសង់ណាំ សម្រេចបានលទ្ធផលវិជ្ជមាន ៣ ធំៗ ក្នុងការសម្រួលដល់សហគមន៍ស្រ្តី និងនិស្សិតខ្មែរ និងពង្រឹងកិច្ចសហប្រតិបត្តិការ

សង់ណាំ៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជានៅកូរ៉េខាងត្បូង និងក្រុមការងារ បានទស្សនកិច្ចទៅកាន់ទីក្រុងសង់ណាំ និងបានជួបពិភាក្សាការងារយ៉ាងជិតស្និទ្ធិជាមួយលោកស្រីអភិបាលក្រុង ដោយទទួលបានលទ្ធផលយ៉ាងវិជ្ជមានគាប់ប្រសើរ បើតាមការបង្ហោះរៀបរាប់ក្បោះក្បាយក្នុងទំព័រហ្វេសប៊ុករបស់លោកឯកអគ្គរាជទូតផ្ទាល់ កាលពីថ្ងៃអង្គារទី០៥ ខែមករា ឆ្នាំ២០២១ ម្សិលមិញនេះ។

ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសង់ណាំ លោកឯកអគ្គរាជទូតបានស្វាគមន៍ដោយកក់ក្តៅពីសំណាក់លោកស្រីអភិបាលក្រុង Eun Su-mi ដែលលោកទូតបានលើកសរសើរមិនដាច់ពីមាត់ក្នុងសំណេររបស់លោក ថាជាស្រ្តីជើងខ្លាំងមួយរូបដែលធ្លាប់ជាអ្នកតំណាងរាស្ត្រកូរ៉េខាងត្បូង និងជាស្ត្រីទីមួយដែលកាន់តំណែងជាអភិបាលក្រុងដំបូងគេ ហើយមានប្រវត្តិជាសកម្មជនតស៊ូដើម្បីសិទ្ធិមនុស្ស លើកតម្កើងសិទ្ធិស្ត្រី សិទ្ធិជនអន្តោប្រវេសន៍ ព្រមទាំងជាអ្នកជំនាញរៀបចំគោលនយោបាយសង្គមកិច្ចផងដែរ។

ក្នុងជំនួបនោះ លោក ឡុង ឌីម៉ង់បានបរិយាយពីទំនាក់ទំនងល្អរវាងប្រទេសកម្ពុជានិងកូរ៉េ រវាងប្រជាជនយើងទាំងពីរ និងទទួលស្ដាប់នូវបញ្ហាប្រឈមផ្សេងទៀតដែលប្រជាពលរដ្ឋខ្មែររស់នៅ ធ្វើការ និងរៀនសូត្រនៅកូរ៉េនេះជួបប្រទះ ហើយលោកទូតក៏បានលើកឡើងនូវសំណើធំៗចំនួន៣ មានដូចជា៖
១- ការបន្តជួយមើលថែទាំសហគមន៍ស្រ្តីខ្មែរនៅសង់ណាំ គាំពារសុខុមាលភាព និងជួយដោះស្រាយបញ្ហាប្រឈម ព្រមទាំងស្នើឱ្យមានការគាំទ្រដល់គម្រោងបង្រៀនវិជ្ជាមេផ្ទះ ការអប់រំសីលធម៌និងអក្សរខ្មែរដល់ក្មេងៗ ជាកូនខ្មែរកាត់កូរ៉េ
២- ស្នើផ្តល់ឱកាសដល់និស្សិតខ្មែរដែលកំពុងសិក្សានៅកូរ៉េបានចូលធ្វើកម្មសិក្សានៅតាមបណ្តាក្រុមហ៊ុនដែលមានជំនាញខ្ពស់លើផ្នែកបច្ចេកវិទ្យា
៣- ការពិនិត្យលទ្ធភាពក្នុងការបង្កើតចំណងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងសុងណាំ និងបណ្តាខេត្ត/ក្រុងរបស់កម្ពុជា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋាន ដែលជាគ្រឹះដ៏រឹងមាំនៃសាមគ្គីភាពរវាងប្រជាជននិងប្រជាជន ដោយផ្តោតលើការគ្រប់គ្រងប្រព័ន្ធទីក្រុងឆ្លាតវៃ ប្រព័ន្ធសុវត្ថិភាព ប្រព័ន្ធចរាចរណ៏ ប្រព័ន្ធលូបង្ហូរជាដើម។

ជាមួយនឹងការបរិយាយ និងសំណើរដែលលោកឯកអគ្គរាជទូតកម្ពុជាបានលើកឡើង លោកស្រីអភិបាលបានស្តាប់យ៉ាងយកចិត្តទុកដាក់ និងកត់ត្រាគ្មានសល់ចន្លោះ នេះបើតាមការបញ្ជាក់របស់លោកទូត ហើយជាលទ្ធផលគាប់ប្រសើរទៀតនោះ លោកស្រីអភិបាលក្រុងបានឯកភាពទៅលើចំណុចពិភាក្សា ដែលលោកទូតបានលើក ហើយនឹងពិចារណាពិនិត្យលទ្ធភាពជាមួយអជ្ញាធរពាក់ព័ន្ធ និងធ្វើការឆ្លើយតបជាវិជ្ជមានក្នុងពេលឆាប់ៗខាងមុខ។

សូមបញ្ជាក់ថា ទីក្រុងសង់ណាំ ជាក្រុងមួយដែលមានប្រជាជនមួយលាននាក់ ជាប់ទីក្រុងសេអ៊ូល និងសំបូរទៅដោយក្រុមហ៊ុនបច្ចេកវិទ្យា IT ជាច្រើនរួមមាន Naver ជាដើម ដែលជាកត្តានាំឱ្យលោកទូតធ្វើការស្នើសុំផ្តល់ឱកាសចំពោះបណ្តានិស្សិតខ្មែរនៅកូរ៉េអាចមានឱកាសធ្វើកម្មសិក្សា ឬកម្មវិធីផ្សេងៗជាមួយក្រុមហ៊ុនទាំងនោះផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *