“បើដឹងកូរ៉េរងាមិចមិនរកអាវពាក់” ! អ្នកដែលចង់មកធ្វើការនៅកូរ៉េឱ្យជោគជ័យ គួរមើល និងស្តាប់ដំបូន្មានដាស់តឿនដ៏ល្អមួយនេះរបស់ព្រះតេជគុណសិន

កូរ៉េខាងត្បូង៖ សម្រាប់បងប្អូនខ្មែរយើង ដែលមានបំណងចង់ទៅធ្វើការនៅស្រុកកូរ៉េខាងត្បូង ដោយដឹងថាមានប្រាក់ខែច្រើន អនាគតល្អ ជាមួយនឹងចំណេះដឹងច្រើនអាចទទួលបានពីបទពិសោធន៍នៅស្រុកស៊ីវីល័យនោះ គួរធ្វើការស្វែងយល់បន្ថែមឱ្យបានច្រើន អំពីគ្រប់កត្តាពាក់ព័ន្ធមុននឹងសម្រេចចិត្តមកប្រទេសកូរ៉េខាងត្បូង។

ជាការដាស់តឿនបន្ថែម ព្រះតេជគុណ ពៅ សុភ័ក្រ ដែលគង់នៅវត្តគូមី ប្រទេសកូរ៉េខាងត្បូង បានចេញនូវសារខ្លីមួយក្នុងទំព័រហ្វេសប៊ុក “វត្តគូមី” របស់ព្រះអង្គ ដោយបានលើកឡើងថា បងប្អូនខ្មែរយើងទាំងអស់មុននឹងសម្រេចចិត្តមកបំរើការងារជាពលករនៅកូរ៉េ សូមធ្វើការសម្រេចចិត្តឱ្យបានច្បាស់ជាមុនសិន មុននឹងមក ចៀសវាងកុំឱ្យមកដល់ហើយ ជួបបញ្ហាលំបាកផ្សេងៗទាំងការងារ ទាំងការរស់នៅ ទាំងអាកាសធាតុ បែរជាទៅបន្ទោសអ្នកនេះ បន្ទោសអ្នកនោះឱ្យសោះ។

ព្រះតេជគុណបានបន្ថែមទៀតថា គ្មាននរណាដែលចាប់បង្ខំឱ្យខ្លួនយើងមកធ្វើការនៅប្រទេសគេ ចោលស្រុកកំណើតនោះទេ ហើយកន្លងមកក៏មានបងប្អូនខ្មែរយើងខ្លះធ្វើបង្ហោះវីដេអូ ថាលំបាកខ្លាំងណាស់ ដោយព្រះតេជគុណបានលើកឡើងថា បើដឹងថាពិបាក ម្តេចមិនទៅស្រុកខ្មែរយើងវិញទៅ។

ការងារនៅណាក៌ដោយ គឺមានស្រួល មានលំបាកដូចគ្នា ទាល់តែយើងចេះតស៊ូហើយអត់ធ្មត់ ទើបអាចទទួលបានជោគជ័យ។ ក្នុងនោះដែរ ព្រះតេជគុណបានលើកឡើងផងដែរក្នុងបែបកំប្លែងផង ថាមានពលករខ្មែរយើងខ្លះថា មកកូរ៉េពិបាករស់នៅណាស់ ចង់ត្រឡប់ទៅស្រុកវិញហើយ ប៉ុន្តែពេលទៅដល់ស្រុកខ្មែរវិញមិនទាន់បានប៉ុន្មានផង ក៏ទាក់ទងមកព្រះតេជគុណ ថាចង់មកធ្វើការនៅកូរ៉េវិញ ហើយពឹងអោយព្រះតេជគុណជួយ។

ព្រះតេជគុណបានសរសរចុងក្រោយថា “បើដឹងកូរ៉េរងាមិចមិនរកអាវពាក់”។ ការលើកឡើងនេះហាក់មានន័យកំប្លែងផង លាយឡំនឹងការប្រៀបធៀបផង មានន័យថាមុននឹងមកដល់ទឹកដីកូរ៉េខាងត្បូង រាប់រយ រាប់ពាន់គីឡូម៉ែត្រពីស្រុកយើង ហេតុម្តេចមិនត្រៀមខ្លួនឱ្យហើយ ថានឹងជួបប្រទះអ្វីខ្លះ ដើម្បីអាចធ្វើការបានលុយច្រើនទៅវិញ។ បញ្ហាផ្សេងៗតែងតែកើតមាន ដូចនេះយើងម្នាក់ៗត្រូវរឹងមាំដោយខ្លួនឯង ធ្វើការស្វែងយល់ស្ថានការណ៍ និងរៀនសម្របខ្លួនព្រោះថាគ្មានអ្វីដែលយើងចង់ធ្វើហើយ មិនអាចធ្វើបាននោះទេ។

Leave a Reply

Your email address will not be published. Required fields are marked *