ក្រុងសេអ៊ូលបញ្ជូនប្រតិភូជំនាញ ទៅចរចាជាមួយអ៊ីរ៉ង់ដើម្បីឱ្យដោះលែងកប៉ាល់កូរ៉េខាងត្បូង ដែលត្រូវអ៊ីរ៉ង់ឃាត់ទុក ខណៈអ្នកជំនាញថាអ៊ីរ៉ង់អាចនឹងមានផែនការផ្សេង

សេអ៊ូល៖ កូរ៉េខាងត្បូងនឹងបញ្ជូនគណៈប្រតិភូរបស់ខ្លួន ដើម្បីទៅធ្វើការចរចារជាមួយសមភាគីអ៊ីរ៉ង់លើករណីកងឆ្មាំសមុទ្រអ៊ីរ៉ង់ចាប់ឃាត់កបា៉ល់ដឹកប្រេងរបស់កូរ៉េខាងត្បូងកាលពីល្ងាចថ្ងៃចន្ទ នេះបើតាមប្រកាសរបស់ក្រសួងការបរទេសកូរ៉េខាងត្បូង រាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

ករណីដ៏ក្តៅគគុករវាងប្រទេសទាំងពីរនេះកើតឡើងកាលពីរសៀលថ្ងៃចន្ទ នៅលើដែនទឹកនៃឆកសមុទ្រ Strait of Hormuz  ដែលកប៉ាល់ដឹកប្រេងមួយរបស់កូរ៉េខាងត្បូងឈ្មោះថា MT Hankuk Chemi ត្រូវបានឃាត់ដោយកងឆ្មាំសមុទ្ររបស់អ៊ីរ៉ង់ ក្រោមការចោទប្រកាន់ថាកប៉ាល់ដឹកប្រេងនេះបានបំពុលបរិស្ថានដោយសារធាតុគីមី ប៉ុន្តែត្រូវបានបដិសេធដោយភាគីកប៉ាល់ផ្ទាល់។

នៅលើកប៉ាល់នោះមានជនជាតិកូរ៉េខាងត្បូង ៥នាក់ មីយ៉ាន់ម៉ា ១១នាក់ ឥណ្ឌូណេស៊ី ២នាក់ និងវៀតណាម ២នាក់ ខណៈដែលកប៉ាល់ស្ថិតនៅលើផ្លូវគោលចរណ៍ពីប្រទេសសាអ៊ូឌីអារ៉ាប៊ី ទៅកាន់ប្រទេសអារ៉ាប់រួម។

បើតាមការលើកឡើងរបស់អ្នកនាំពាក្យនៃក្រសួងការបរទេសកូរ៉េខាងត្បូង គណៈប្រតិភូការបរទេសមួយក្រុមរបស់ក្រសួងការបរទេសកូរ៉េខាងត្បូង ដឹកនាំដោយអគ្គនាយកកាន់កិច្ចការអាហ្វ្រិក និងមជ្ឈឹមបូព៌ា ត្រូវបានបញ្ជូនក្នុងបេសកកម្មទៅចរចារជាមួយអជ្ញាធរអ៊ីរ៉ង់ដើម្បីដោះស្រាយបញ្ហានេះតាមផ្លូវការទូតទ្វេភាគី។ ក្នុងបេសកកម្មការទូតមួយដោយឡែកទៀត គឺអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងក៏គ្រោងនឹងទៅទីក្រុងតេអេរ៉ង់ ដើម្បីបន្តជួបជាមួយភាគីអ៊ីរ៉ង់ពិភាក្សាគ្នាលើបញ្ហាបង្កកទ្រព្យសម្បត្តិរបស់ប្រទេសអ៊ីរ៉ង់ ដែលមានក្នុងធនាគារកូរ៉េប្រមាណជាង ៧ប៊ីលានដុល្លារអាម៉េរិកឯណោះ ដែលជាផ្នែកមួយនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសអ៊ីរ៉ង់តាំងពីឆ្នាំ២០១៩មកម្លេះ។

បញ្ហាបង្កកទ្រព្យសម្បត្តិអ៊ីរ៉ង់ដល់ជាង ៧ប៊ីលានដុល្លារបានក្លាយជាបញ្ហាក្តៅសម្រាប់ចរចារវាងប្រទេសទាំងពីរតាំងពីមុនមានហេតុការណ៍ចាប់កប៉ាល់កូរ៉េខាងត្បូងនេះទៅទៀត ហើយអ៊ីរ៉ង់បានបញ្ជាក់ថាខ្លួនស្នើសុំទាមទារទ្រព្យសម្បត្តិទាំងនោះវិញ ដើម្បីអាចបង្វែរយកទៅទិញវ៉ាក់សាំងកូវីដ-១៩ តាមអង្គការសុខភាពពិភពលោក COVAX វិញ ដែលបច្ចុប្បន្នសំណើរនេះកំពុងត្រូវបានបន្តចរចារវាងអ៊ីរ៉ង កូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលអ៊ីរ៉ងទាត់ចោលនូ​វការលើកឡើងថា ការចាប់ឃាត់កប៉ាល់កូរ៉េខាងត្បូងនេះ ជាការចាប់ជម្រិតដើម្បីឱ្យមានទឹកមាត់ និងអំណាចចរចាជាមួយកូរ៉េខាងត្បូងលើបញ្ហាបង្កកទ្រព្យសម្បត្តិពាន់លាននេះ។

ក្នុងហេតុការណ៍នេះ លោកប្រធានាធិបតី មូន ជេអ៊ីន បានបញ្ជាឱ្យថ្នាក់ដឹកនាំការទូត និងមន្ត្រីជំនាញ រួម​កងកម្លាំងចារកិច្ចរបស់ខ្លួនបន្តតាមដាន និងធ្វើការជិតស្និទ្ធិជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្រួលស្ថានការណ៍តានតឹងនេះ។

រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងការបរទេសកូរ៉េខាងត្បូងជួបប្រជុំគ្នានៅថ្ងៃអង្គារ ស្វែងរកដំណោះស្រាយបញ្ហាចាប់កប៉ាល់កូរ៉េខាងត្បូងនេះ

Leave a Reply

Your email address will not be published. Required fields are marked *