គម្រោងថ្មីរបស់ស្ថានទូតកម្ពុជា «បន្លែសហគមន៍» នឹងជួយជម្រុញលើកស្ទួយជីវភាពសហគមន៍ស្រី្តខ្មែរដែលមានគ្រួសារនៅកូរ៉េ

អានសាន៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េបង្កើតគម្រោងថ្មីដំបូង “បន្លែសហគមន៍” សម្រាប់ឧបត្ថមគាំទ្រដល់ស្រ្តីខ្មែរដែលមានក្រុមគ្រួសារកូរ៉េ មានជីវភាពខ្វះខាត ឬអត់ការងារធ្វើ ឬចង់ស្វែងយល់ពីការដាំបន្លែដែលមានតម្រូវការ ជាមួយនឹងតម្លៃខ្ពស់នៅប្រទេសកូរ៉េ។

នៅរសៀលថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២០ នេះ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ និងលោកស្រី បានដឹកនាំមន្រ្តីរាជការ បុគ្គលិកស្ថានទូត រួមនឹងពលករ ចុះជួយដល់ក្រុមស្រ្តីខ្មែរដែលមានក្រុមគ្រួសារកូរ៉េមានជីវភាពខ្វះខាតចំនួន ៦គ្រួសារ រស់នៅទីក្រុងអានសាន និងស៊ូវ៉ុន ក្នុងការដាំប្រភេទបន្លែរួមមាន ត្រកួន ស្លឹកគ្រៃ ត្រប់ ម្ទេស សណ្ដែកគួរ និងជីវចម្រុះ ដែលក្នុងគម្រោង “បន្លែសហគមន៍” ស្រ្តីខ្មែរនៅកូរ៉េនេះ ស្ថានទូតជាអ្នកចេញថ្លៃជួលដី កូនពូជ គ្រាប់ពូជ ជី និងសំភារៈកសិកម្មផ្សេងៗ និងជួយស្វែងរកទីផ្សារក្នុងការលក់ផលិតពេលទទួលផល ។

លោក ឡុង ឌីម៉ង់ លើកឡើងក្នុងពិធីបើកគម្រោងថា “បន្លែសហគមន៍ ជាគម្រោងថ្មីទើបបង្កើតនៅប្រទេសកូរ៉េដែលមានបំណងចង់លើកស្ទួយជីវភាពក្រុមស្រ្តីខ្មែរដែលមានក្រុមគ្រួសារកូរ៉េ ដែលមានជីវភាពខ្វះខាត អត់ការងារធ្វើ ក្នុងកំឡុងពេលវិបត្តិសាកលនៃមេរោគកូវីដ-១៩ ក៏ដូចជាដាស់អារម្មណ៍ដល់សហគមន៍ខ្មែរនៅប្រទេសកូរ៉េ ឱ្យចាប់ផ្ដើមធ្វើកសិកម្មដាំបន្លែ សម្រាប់បរិភោគប្រចាំថ្ងៃ ឬសម្រាប់ផ្គត់ផ្គង់ទីផ្សារដែលមានតម្រូវការ និងតម្លៃខ្ពស់ ស្របពេលដែលអាកាសធាតុអំណោយផល”។

ទន្ទឹមនេះ លោកឯកអគ្គរាជទូតបានអំពាវបន្ថែមដល់ប្រជាពលរដ្ឋ ជាពិសេសស្រ្តីខ្មែរនៅប្រទេសកូរ៉េ ដែលមានបំណងចង់ចូលរួមគម្រោង ឬមានជីវភាពលំបាកសូមទាក់ទងមកស្ថានទូតដើម្បីមានឱកាសទទួលបានគម្រោងនេះ។ នេះជាគម្រោងទី១ ជាជំហានបន្ទាប់នឹងពង្រីកដល់តំបន់ឆ្ងាយៗបន្ថែមទៀតរួមមាន គីមផូ ក្វាងជូធំ គូមី និងកោះជេជូ។

លោកស្រី សុខលី ស្រីមុំ អានិកជនខ្មែរនៅប្រទេសកូរ៉េជាអ្នកដាំបន្លែកន្លងមក និងជាអ្នកសម្របសម្រួលបច្ចេកទេសដាំបន្លែនៃគម្រោង “បន្លែសហគមន៍” លើកឡើងថា ការឆ្លៀតពេលដាំបន្លែនៅប្រទេសកូរ៉េ អាចផ្ដល់ទិន្នផលសម្រាប់បរិភោគប្រចាំថ្ងៃផង និងដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ ដែលក្នុងមួយរដូវកាលនៃការដាំដុះអាចរកចំណូលបន្ថែមឱ្យលោកស្រីចន្លោះពី ៣,០០០ ទៅ ៤,០០០ ដុល្លា សម្រាប់លោកស្រី និងគ្រួសារ។

គួរបញ្ជាក់ដែរថា៖ បច្ចុប្បន្ននេះកម្ពុជាបាននាំយកផលិតកសិកម្មទៅកាន់ប្រទេសកូរ៉េរួមមាន៖ ស្វាយ ម្រេច ហើយកំពុងបន្ដនាំចូលបន្ថែមរួមមាន គល់ស្លឹកគ្រៃ ម្ដេង ត្រយ៉ូងចេក ស្លឹកចេក និងផ្លែចេក ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *