“ជូនចំពោះលោក សម រង្ស៊ី អតីតមនុស្សដែលខ្ញុំគោរពស្រឡាញ់ និងឲ្យតម្លៃជាងគេ!”
នេះជាពាក្យសម្តីដែលកញ្ញា រស់ សុផល បាននិយាយរៀបរាប់អំពីមេបក្សប្រឆាំង លោក សម រង្ស៊ី ដែលធ្លាប់ជាបុគ្គលនយោបាយម្នាក់ដែលខ្លួនស្រលាញ់ និងឱ្យតម្លៃជាងគេនោះ។
កញ្ញា រស់ សុផល បានរៀបរាប់ក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា ពិតណាស់រដ្ឋធម្មនុញកម្ពុជា មិនដូចព្រះគម្ពី ហើយក៏រិតតែមិនមែនជាស្រីខូច(ស្រីរកស៊ីផ្លូវភេទ) ដែលគ្រប់គ្នាចង់ដូរ ចង់កែបានតាមតណ្ហារបស់ខ្លួននោះទេ ហើយបានចោទសួរថា ប្រសិនបើលោក សម រង្ស៊ី ជាអ្នកជានយោបាយជាន់ខ្ពស់មានទស្សនវិស័យវែងឆ្ងាយសំរាប់ជាតិមែននោះ ហេតុអ្វីបានជាលោកមិនព្រមចូលរួមកែប្រែរដ្ឋធម្មនុញ្ញត្រង់ចំណុច ដែលលោកថាមិនគួរ ឬមិនសមនោះផង។
ក្នុងនាមជាអ្នកនយោបាយប្រឆាំងដ៏មានឥទ្ធិពលមួយរូបតាំងពីឆ្នាំ ១៩៩៣ មក ហេតុអ្វីក្នុងឆ្នាំ ២០០៣ លោកគិតឃើញគំនិតចូលរួមកែរដ្ឋធម្មនុញពី ២/៣ ទៅ៥០%+១ បាន ដើម្បីបានចូលស្រុកសង្រ្គោះជីវិតនយោបាយខ្លួនឯង រីឯឆ្នាំ២០១៣ បក្សមានកៅអីសភារហូតដល់ ៥៥កៅអី ប៉ុន្តែមិននឹកឃើញកែប្រែស្ថាប័នព្រះមហាក្សត្រឱ្យមានអំណាចក្នុងដៃ ឬឱ្យស្ថាប័នតុលាការឯករាជ្យ ដើម្បីចូលរួមដោះស្រាយកិច្ចជាតិធំៗ បម្រើដល់សង្គមជាតិ។
សកម្មជនប្រឆាំងដ៏លេចធ្លោនេះ បានបន្តលើកឡើងចោទសួរទៅកាន់លោក សម រង្ស៊ីថា បើទោះជាស្រីខូច (ស្រីរកស៊ីផ្លូវភេទ) ទោះពួកគេធ្វើគ្រប់យ៉ាង ដើម្បីលុយក៏ពិតមែន ប៉ុន្តែពួកគេនៅមានភាពអៀនខ្មាស់ ចេះបិទបាំងកេរ្តិ៍ខ្មាស់របស់ខ្លួនខ្លះដែរ ប៉ុន្តែងាកមកមើលអ្នកនយោបាយជាន់ខ្ពស់ដូចលោក សម រង្ស៊ីវិញ ដើម្បីចង់បានអំណាចបំពេញមហិច្ឆិតារបស់បក្ខពួកខ្លួន គ្មានភាពអៀនខ្មាស់ ហ៊ានប្រមាថដល់ព្រះមហាក្សត្រ ដែលច្បាប់បានកំណត់មិនឱ្យនរណាប៉ះពាល់សោះ ហើយបែរជាចោទទ្រង់សុទ្ធតែជា (ទីងមោង)។
កញ្ញា រស់ សុផល បានលើកថែមទៀតថា តើសាររបស់លោក សម រង្ស៊ី ដែលតែងតែពោលថា (ហ៊ុន សែន កំពុងទាល់ច្រកហើយ) នោះ វាពិតដែរឬទេ? សកម្មជនបក្សប្រឆាំងរូបនេះលើកឡើងថា ពេលនេះខ្លួនបានយល់ច្បាស់ថា អ្នកដែលកំពុងទាល់ច្រក និងទល់ផ្អកពិតនោះ គឺនយោបាយសម រង្ស៊ី ទៅវិញទេ ព្រោះថា ខ្លួនឯងមានសេរីភាពពេញលេញធ្វើអ្វី មិនបានផលផង ទៅបន្ទោសស្តេចដែលគ្មានសូម្បីអំណាចថា ទីងមោងទៅវិញ?
ក្នុងនាមជាពលរដ្ឋខ្មែរ១រូប កញ្ញា បានលើកឡើងទៀតថា ខ្លួនមានសិទ្ធិប្រតិកម្មឆ្លើយតបការពិតទៅគ្រប់បុគ្គលដែលបានធ្វើខុស ហើយក៏សូមអំពាវនាវដល់អាជ្ញាធរពាក់ពន្ធ័គ្រប់ជាន់ថ្នាក់ មេត្តាចាត់វិធានការណ៍ឱ្យបានហ្មតចត់តាមច្បាប់ ដែលបានចែង ចំពោះគ្រប់បុគ្គលណាដែលបានកំពុងជេរប្រមាថព្រះមហាក្សត្រដោយល្មើសច្បាប់ដែលមានក្នុងរដ្ឋធម្មនុញ។
គួរបញ្ជាក់ដែរថា៖ កញ្ញា រស់ សុផល ជាប្រធានចលនាស្រ្តី នៃចលនាយុវជនគណបក្សសង្រ្គោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង។