កូរ៉េខាងត្បូង៖ រដូវរងារនៅកូរ៉េខាងត្បូងនឹងចុះត្រជាក់ខ្លាំងបំផុតនៅក្នុងសប្តាហ៍នេះ បើតាមការប្រកាសរបស់អជ្ញាធរឧតុនិយមកូរ៉េខាងត្បូង រាយការណ៍ក្នុងសារព័ត៌មាន Yonhap News នៅរសៀលថ្ងៃអង្គារនេះ។
តាមរយៈការប្រកាសរបស់រដ្ឋបាលឧតុនិយមកូរ៉េខាងត្បូង (KMA) បានចេញសេចក្តីជូនដំណឹងថារលកនៃអាកាសធាតុត្រជាក់ខ្លាំងនឹងគ្របដណ្តប់មកលើប្រទេសកូរ៉េខាងត្បូងទូទាំងប្រទេស ក្នុងអំឡុងសប្តាហ៍នេះ ដែលតំបន់ភាគច្រើននឹងចុះត្រជាក់ក្រោមសូន្យរហូតដល់ -20 អង្សារឯណោះ ក្នុងចន្លោះថ្ងៃព្រហស្បត្តិ៍ ដល់ថ្ងៃសៅរ៍សប្តាហ៍នេះ។ អាកាសធាតុត្រជាក់ខ្លំាងនេះជាឥទ្ធិពលនៃចំហាយត្រជាក់មកពីតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី ដែលបក់មកក្រោមទិសខាងត្បូង។
អជ្ញាធរបញ្ជាក់ថា នៅព្រឹកថ្ងៃសុក្រសប្តាហ៍នេះ អាកាសធាតុពេលព្រឹកនឹងចុះត្រជាក់ដល់ -17 អង្សាក្រោមសូន្យនៅតំបន់សេអ៊ូល និងតំបន់ជុំវិញ ខណៈពេលដែលខេត្តហ្គាងវ៉ុននឹងចុះដល់ក្រោម -23 អង្សារក្រោមសូន្យ រីឯខេត្តសេចុងចុះដល់ -18 អង្សាក្រោមសូន្យ ខេត្តចូឡាខាងជើង នឹងចុះដល់ក្រោម -14 អង្សារក្រោមសូន្យ ទីក្រុងប៊ូសាននឹងចុះដល់ក្រោម -12 អង្សារក្រោមសូន្យ និងដល់ -1 អង្សាក្រោមសូន្យនៅកោះជេជូ។
បើតាមកំណត់ត្រាសីតុណ្ហភាពកន្លងមក ទីក្រុងសេអ៊ូល អាកាសធាតុប្រចាំថ្ងៃតាំងពីឆ្នាំ២០០០ ចុះត្រជាក់បំផុតដល់-18.6 អង្សារក្រោមសូន្យកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០០១ ហើយធ្លាប់ចុះត្រជាក់ដល់ -18 អង្សារក្រោមសូន្យាកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ កន្លងទៅផងដែរ។
ក្នុងនោះដែរ ឧតុនិយមក៏បានប្រកាសថានឹងមានព្រិលធ្លាក់នៅក្នុងតំបន់សេអ៊ូល និងតំបន់ផ្សេងៗទៀតនៅភាគកណ្តាលប្រទេស និងកោះជេជូនៅចន្លោះយប់ថ្ងៃពុធ និងព្រឹកថ្ងៃព្រហស្បត្តិ៍ផងដែរ។ ឥទ្ធិពលនៃសីតុណ្ហភាពត្រជាក់ខ្លាំងនេះនឹងបន្តរហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ ទើបវិលត្រឡប់មកសីតុណ្ហភាពត្រជាក់តាមរដូវធម្មតាវិញនៅថ្ងៃពុធសប្តាហ៍ក្រោយ តាមការបញ្ជាក់របស់ រដ្ឋបាលឧតុនិយមកូរ៉េខាងត្បូង។