ស្ថានការណ៍ហាក់ល្អប្រសើរ! ករណីកូវីដថ្មីនៅកូរ៉េខាងត្បូងចុះត្រឹមជាង ៧០០ ករណី ខណៈរដ្ឋាភិបាលបន្តអនុវត្តតឹងរ៉ឹង វិធានការនានា ដើម្បីទប់ស្កាត់ហានិភ័យកូវីដ

កូរ៉េខាងត្បូង៖ នៅព្រឹកថ្ងៃអង្គារនេះ ចំនួនករណីកូវីដ-១៩ដែលឆ្លងថ្មីនៅក្នុងប្រទេសកូរ៉េខាងត្បូងមានត្រឹមតែជាង ៧០០ ករណីប៉ុណ្ណោះ ជាតួលេខដែលចុះច្រើនជាងប៉ុន្មានកន្លងទៅនេះ បើតាមការរាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

តួលេខនៃករណីវិជ្ជមានកូវីដនៅព្រឹកថ្ងៃអង្គារនេះមានត្រឹមតែ ៧១៥ករណីប៉ុណ្ណោះ ដែលក្នុងនោះមាន៦៧២ករណីជាករណីឆ្លងក្នុងស្រុក ខណៈចំនួនករណីឆ្លងសរុបកើនដល់៦៤៩៧៩ករណីហើយ បើតាមទិន្នន័យពីមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លង (KDCA)។

តួលេខត្រឹម៧១៥ករណីនេះជាតួលេខល្អប្រសើរច្រើន បើប្រៀបធៀបទៅនឹងចំនួនករណីឆ្លងដែលមានកន្លងមកក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះដែលមានដល់ជាងពាន់ករណីសឹងតែរាល់ថ្ងៃ។ ជាក់ស្តែងចំនួនករណីឆ្លងកាលពីថ្ងៃចន្ទម្សិលមិញមានដល់១០២០ករណីឯណោះ ខណៈចំនួនករណីឆ្លងមធ្យមប្រចាំថ្ងៃក្នុងសប្តាហ៍មុនមានដល់៨៩៤ករណី។ យ៉ាងណាមិញ ចំនួននៃករណីបាត់បង់ជិវិតបណ្តាលពីកូវីដបែរជាបន្តកើនឡើងក្នុងចំនួនច្រើន ដែលក្នុងថ្ងៃចន្ទម្សិលមិញមានអ្នកបាត់បង់ជីវិតដល់ទៅ២៦នាក់ ដែលនាំឱ្យករណីបាត់បង់ជីវិតពីកូវីដ-១៩ កើនដល់លើសមួយពាន់នាក់ហើយ។

ក្នុងស្ថានការណ៍នេះ រដ្ឋាភិបាលបានបន្តដាក់ចេញនូវវិធានការថ្មីៗជាបន្តបន្ទាប់ឆ្លើយតបទៅនឹងជំងឺកូវីដ ដោយបានប្រកាសបន្តអនុវត្តវិធានការគម្លាតសង្គមកម្រិត២.៥ ជាកម្រិតខ្ពស់ជាងគេលំដាប់ទី២ នៅក្នុងទីក្រុងសេអ៊ូល និងតំបន់ប្រជុំជនជុំវិញ ខណៈដែលវិធានការគម្លាតសង្គមកម្រិត២ អនុវត្តនៅតាមតំបន់នានាទាំងអស់ទូទាំងប្រទេស ដែលការអនុវត្តនេះអូសបន្លាយដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នះ ហើយក្នុងនោះដែរ ការជួបជុំគ្នាលើសពី៤នាក់ឡើងទៅ នឹងត្រូវបន្តហាមឃាត់ដដែលនៅទូទាំងប្រទេស រហូតដល់ថ្ងៃទី១៧ ខែមករា ដូចគ្នា។

ចំពោះករណីនៃការនាំចូលពីក្រៅវិញ រដ្ឋាភិបាលកូរ៉េបានដាក់ចេញវិធានការតម្រូវឱ្យជនបរទេសទាំងអស់ដែលធ្វើដំណើរមកកូរ៉េខាងត្បូង ត្រូវមានភ្ជាប់មកជាមួយនូវលិខិតបញ្ជាក់សុខភាពថាអវិជ្ជមានកូវីដ-១៩ ក្នុងរយៈពេល៧២ម៉ោង មុនចូលមកដល់ប្រទេសកូរ៉េខាងត្បូង ផងដែរ ដែលជាវិធានការថ្មីក្នុងការព្យាយាមទប់ស្កាត់ការនាំចូលករណីកូវីដពីក្រៅ ដែលថ្មីៗនេះកំពុងបន្តកើនឡើងដូចគ្នា។

ទោះជាយ៉ាងណា មកដល់ថ្ងៃអង្គារនេះ អជ្ញាធរសុខាភិបាលកូរ៉េបានលើកឡើងថាស្ថានការណ៍នៃរលកទី៣នៃជំងឺកូវីដ-១៩ ក្នុងប្រទេសកូរ៉េខាងត្បូងឥឡូវនេះ ហាក់កំពុងស្ថិតក្រោមការគ្រប់គ្រងបាននៅឡើយទេ ប៉ុន្តែនៅបន្តបារម្ភពីការឆ្លងបន្តគ្នាចេញពីកន្លែងហានិភ័យខ្ពស់ដូចជាមណ្ឌលសុខភាព មណ្ឌលឃុំឃាំងជាដើម និងបារម្ភផងដែរអំពីលទ្ធភាពនៃការចូលមកដល់នៃមេរោគកូរ៉ូណាប្រភេទបម្លែងខ្លួនថ្មី ដែលកំពុងវាយលុកនៅអឺរ៉ុបនោះ។

ភោជនីយដ្ឋានមួយកន្លែងរៀបចំតុ កៅអីសម្រាប់ទទួលភ្ញៀវមិនឱ្យលើសពី៤នាក់

Leave a Reply

Your email address will not be published. Required fields are marked *