២០២១ ថ្នាក់ដឹកនាំ និងក្រុមការងារស្ថានទូតខ្មែរនៅកូរ៉េ បង្ហាញការបេ្តជ្ញាតាំងចិត្តថ្មី ជាមួយផែនការ​យុទ្ធសាស្រ្ត និងទំនួលខុសត្រូវថ្មី ក្នុងបេសកកម្មការទូត និងបេសកកម្មបម្រើជាតិកម្ពុជា

កូរ៉េខាងត្បូង៖ ក្នុងឱកាសឈានចូលឆ្នាំថ្មី ឆ្នាំសកល២០២១ ក្នុងទឹកមុខស្រស់ស្រាយ រីករាយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក្រោយពីបានជួបប្រជុំគ្នាក្នុងកិច្ចប្រជុំលើកដំបូងបំផុតបើកឆាកឆ្នាំ២០២១ បានបង្ហោះសារថ្លែងពីទឹកចិត្ត ការតាំងចិត្ត និងប្តេជ្ញាចិត្តរបស់ខ្លួនសម្រាប់ដាក់ចេញនូវផែនការសកម្មភាពថ្មី ក្ដីសង្ឃឹមថ្មី យុទ្ធសាស្ត្រថ្មី ជាមួយការតាំងចិត្ត និងទំនួលខុសត្រូវខ្ពស់ ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ទាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង និងនៅក្នុងព្រះរាជាណាចក្រកម្ពុជាផ្ទាល់ ។

ក្នុងនោះដែរ ក្រុមការងារបានលើកឡើងថា បើទោះជាកន្លងមក ស្ថានទូត និងក្រុមការងារទទួលរងការវាយប្រហារពីក្រុមឧទ្ទាមក្រៅច្បាប់ ទាំងមិនសមហេតុផល ហើយបានប៉ះពាល់ដល់ទឹកចិត្ត នៃកិច្ចខិតខំប្រឹងប្រែងក្នុងបេសកកកម្មបម្រើជាតិ និងប្រជាជន ដែលសកម្មភាពទាំងនោះធ្វើឡើងក្នុងន័យតែមួយគត់គឺដើម្បីបោកបន្លំទឹកចិត្តពលរដ្ឋខ្មែរដើម្បីកេងចំណែញនយោបាយរបស់ខ្លួនក៏ដោយ ក៏ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ មិនដែររុញរា ថមថយ ឬបាក់ទឹកចិត្តក្នុងការបម្រើ នឹងភក្ដីភាពជាមួយមាតុភូមិ និងប្រជាជនជាទីស្រលាញ់របស់យើងនោះទេ។

គួរបញ្ជាក់ដែរថា នៅពេលមានការផ្ទុះឡើងនៃការរីករាលដាលមេរោគកូរ៉ូណានៅក្នុងប្រទេសកូរ៉េម្ដងៗ ហើយខណៈដែលស្ថានទូតស្ទើរតែជាច្រើន ក្រុមហ៊ុនភាគច្រើន បានផ្អាកការងារ ឬការផ្លាស់ប្ដូរវេនការងាររបស់បុគ្គល តែមន្រ្តីស្ថានទូតកម្ពុជានៅតែតាំងចិត្តបន្ដបេសកកម្មប្រកបដោយទំនួលខុសត្រូវខ្ពស់ និងប្រុងប្រយ័ត្ន ជារៀងរាល់ថ្ងៃជាទៀងទាត់ ហើយបន្ដរហូតដល់ថ្ងៃសម្រាកចុងសប្ដាហ៍បើមានករណីចាំបាច់។
មនុស្សអ្នកធ្វើទេវតាអ្នកមើល ហើយប្រជាជនជាអ្នកដាក់ចំណាត់ថ្នាក់។

សូមជូនពរឱ្យបេសកកម្មដ៏ថ្លៃថ្លាក្នុងសមរភូមិការទូត និងសមរភូមិបម្រើផលប្រយោជន៍ប្រជាជាតិ និងពលរដ្ឋខ្មែរនៅលើទឹកដីកូរ៉េខាងត្បូង របស់ថ្នាក់ដឹកនាំ និងក្រុមការងារស្ថានទូតកម្ពុជានៅកូរ៉េខាងត្បូង កាន់តែជោគជ័យ និងទទួលបានសមិទ្ធផលថ្មីៗ ល្អៗជូនជាតិខ្មែរយើងបន្ថែមទៀត។ សូមអរគុណសន្ដិភាព!

Leave a Reply

Your email address will not be published. Required fields are marked *