ក្តៅគគុក! ប្រទេសអ៊ីរ៉ង់ចាប់កប៉ាល់ដឹកប្រេងកូរ៉េខាងត្បូង បញ្ជាក់មូលហេតុមិនច្បាស់ ខណៈកូរ៉េខាងត្បូងបន្តទាមទារឱ្យដោះលែងកប៉ាល់វិញតាមការទូត

អ៊ីរ៉ង់៖ នាវាដឹកប្រេងរបស់កូរ៉េខាងត្បូងមួយគ្រឿងត្រូវបានឆ្មាំសមុទ្រប្រទេសអ៊ីរ៉ង់ ឡោមព័ទ្ធនៅក្នុងឈូងសមុទ្រពែក ចាប់ឃាត់ទុកនៅរសៀលថ្ងៃចន្ទនេះ ដោយមិនមានមូលហេតុច្បាស់លាស់ នាំឱ្យមានការបារម្ភ និងអន្តរគមន៍ភ្លាមៗពីរដ្ឋាភិបាលកូរ៉េតាមរយៈការទូតផង និងតាមរយៈការបញ្ជូននាវាខ្លួនទៅក្នុងដែនទឹកអ៊ីរ៉ង់ផង នេះតាមការរាយការណ៍របស់សារព័ត៌មាន Yonhap News។

តាមរយៈព័ត៌មានដែលអជ្ញាធរទទួលបាន នាវេលាម៉ោងប្រហែល៤:៣០នាទីល្ងាចថ្ងៃចន្ទ (ម៉ោងនៅកូរ៉េ) នាវាដឹកប្រេងមួយគ្រឿងរបស់កូរ៉េខាងត្បូងឈ្មោះថា MT Hankuk Chemi ត្រូវបានកងឆ្មាំសមុទ្ររបស់អ៊ីរ៉ង់ឃាត់ទុក ដោយធ្វើការចោទប្រកាន់ថានាវាខាងលើនេះបានបំពុលបិរស្ថានសមុទ្រ ដោយបានបង្ហូរសារធាតុគីមីបំពុលផ្សេងៗក្នុងដែនសមុទ្រអ៊ីរ៉ង់។ នាវាដែលត្រូវឃាត់ខ្លួននេះ កំពុងធ្វើដំណើរពីប្រទេសសាអ៊ូឌីអារ៉ាប៊ី ទៅប្រទេសអារ៉ាប់រួម ដោយមាននាវិកចំនួន២០នាក់ ក្នុងនោះជនជាតិកូរ៉េខាងត្បូង៥នាក់ មីយ៉ាន់ម៉ា ១១នាក់ ឥណ្ឌូនេស៊ី ២នាក់ និងវៀតណាម ២នាក់។

បើតាមការថ្លែងការណ៍របស់ក្រសួងការបរទេស​ និងស្ថានទូតកូរ៉េខាងត្បូងនៅអ៊ីរ៉ង់បានឱ្យដឹងថា គេទទួលដំណឹងពីអជ្ញាធរអ៊ឺរ៉ង់មកថានាវិកទាំងអស់នៅលើកប៉ាល់នោះមានសុវត្ថិភាព ហើយស្ថានទូត និងក្រសួងការបរទេសកូរ៉េខាងត្បូងបានស្នើសុំឱ្យអជ្ញាធរអ៊ីរ៉ង់ធ្វើការដោះលែងនាវាដែលត្រូវឃាត់នោះវិញ។ ក្នុងនោះដែរ ក្រសួងការពារជាតិកូរ៉េខាងត្បូងក៏បានបញ្ចេញកងកម្លាំងពិសេសប្រឆាំងនឹងក្រុមចោរសមុទ្រ (anti-piracy Cheonghae Unit) ដើម្បីទៅកាន់ទីតាំងនោះ និងដើម្បីអន្តរាគមន៍ឆ្លើយតប និងសហការជាមួយអជ្ញាធរអ៊ីរ៉ង់ដែលជាម្ចាស់ផ្ទះជុំវិញបញ្ហានេះផងដែរ។

កងកម្លាំងឆ្មាំសមុទ្រអ៊ីរ៉ង់បានបញ្ជាក់ថា ខ្លួនបានឃាត់ខ្លួនកប៉ាល់នេះ និងបាននាំមកដាក់នូវកំពង់ផែមួយរបស់ខ្លួន ប៉ុន្តែមិនបានបញ្ជាក់ព័ត៌មានលម្អិតអំពីការឃាត់ខ្លួននោះទេ។ ក្នុងនោះដែរ ភាគីអ៊ីរ៉ង់បានបញ្ជាក់ផងដែរករណីនេះនឹងត្រូវដោះស្រាយនៅក្នុងតុលាការវិញ។

មន្ត្រីនៃក្រុមហ៊ុនកប៉ាល់ខាងលើបានបញ្ជាក់ថា​ កប៉ាល់ខាងលើមិនបានធ្វើការបំពុលបរិស្ថានក្នុងរូបភាពណាមួយដូចទៅនឹងការចោទប្រកាន់នោះទេ ហើយថាកងកម្លាំងអ៊ីរ៉ង់បានចេញមកឃាត់កប៉ាល់នេះនៅលើដែនលំហរសមុទ្រអន្តរជាតិ (High Seas) ទៀតផង ដោយទាមទារឱ្យកប៉ាល់នេះទទួលការពិនិត្យពីអជ្ញាធរអ៊ីរ៉ង់ ដោយមិនមានបញ្ជាក់ហេតុផលណាមួយច្បាស់លាស់នោះទេ។ ក្នុងនោះដែរ កាពីទែនកប៉ាល់ក៏បានចុចប៊ូតុងប្រកាសអាសន្នបន្ទាន់ផងដែរ ខណៈដែលក្រុមហ៊ុនគ្រប់គ្រងកប៉ាល់បន្តពិនិត្យស្ថានការណ៍តាមរយៈកាម៉េរាសុវត្ថិភាពលើកប៉ាល់។

សូមបញ្ជាក់ថា បញ្ហានេះកើតឡើងក្នុងខណៈពេលដែលស្ថានការណ៍ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់កំពុងមានភាពក្តៅគគុក ដោយប្រទេសអ៊ីរ៉ង់បានចាប់ផ្តើមកម្មវិធីចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញ ក្រោយពីមេដឹកនាំយោធាជាន់ខ្ពស់របស់ខ្លួនមួយរូបត្រូវបានកងកម្លាំងអាម៉េរិកវាយប្រហារ និងសម្លាប់កាលពីឆ្នាំមុននេះ។

Leave a Reply

Your email address will not be published. Required fields are marked *