ធនាគារអេស៊ីលីដា ប្តូរស្លាកសញ្ញាថ្មី ត្រៀមឆ្នាំថ្មី២០២១នេះ !! តោះមកស្គាល់ពីអត្ថន័យ និងខ្លឹមសារបង្កប់ក្នុងស្លាកសញ្ញាថ្មីនេះ របស់ធនាគារអេស៊ីលីដា

កម្ពុជា៖ កាលពីថ្ងៃ៣១ ខែធ្នូ ចុងឆ្នាំ២០២០កន្លងទៅនេះ ធនាគារអេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារដ៏ធំជាងគេមួយនៅកម្ពុជា បានធ្វើការផ្លាស់ប្តូររូបរាងស្លាកសញ្ញាថ្មី ជាផ្លូវការ ដែលក្នុងនោះក៏បានរក្សានូវនិមិត្តរូប អត្តសញ្ញាណ និងអត្ថន័យដែលធនាគារដ៏ធំនេះបានកសាងមកជាង២៩ឆ្នាំមកផងដែរ។

រូបរាងស្លាកសញ្ញាថ្មីនេះ មានភាពទាន់សម័យ សាកសមជារូបសញ្ញាតំណាងឱ្យប្រព័ន្ធសេវាកម្មធនាគារទំនើបនៅក្នុងបរិបទថ្មីនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។ បើតាមការបង្ហោះពីខ្លឹមសារនៃរូបរាងស្លាកសញ្ញាថ្មីនេះ នៅក្នុងគេហទំព័ររបស់ធនាគារអេស៊ីលីដា ភីអិលស៊ីផ្ទាល់  ស្លាកសញ្ញាថ្មី ធនាគារ អេស៊ីលីដា ភីអិលស៊ី នេះជា “និមិត្តរូបបក្សីសួគ៌” ឈរ​នៅ​ចំកណ្តាល​រង្វង់មូល​ពណ៌ខៀវទឹកប៊ិក ដែល​បង្ហាញ​ពី​ភាពរឹងមាំ និង​វឌ្ឍនភាព​ប្រកប​ដោយ​ចីរភាព

ចំណែក​ពណ៌​នៃ​ស្លាកសញ្ញាថ្មី គឺ​មាន​បីពណ៌ គឺពណ៌ស ពណ៌មាស និង​ពណ៌ខៀវទឹកប៊ិក។ អត្ថន័យ នៃ​ពណ៌​ស្លាកសញ្ញាថ្មី​របស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី

-ពណ៌ ស៖ អភិសមាចារ (តម្លាភាព ភាពស្មោះត្រង់ និងសុចរិតភាព)
-ពណ៌ មាស៖ គុណតម្លៃ និងគុណភាព
-ពណ៌ ខៀវទឹកប៊ិក៖ សាមគ្គីភាព ស្ថិរភាព និងសុវត្ថិភាព។

​ពណ៌ទាំងបី​បញ្ចូលគ្នា​ប្រៀបទៅ​នឹង​គ្រាប់ពូជ និង​ធនធាន​ដែល​បាន​រីកដុះដាល និង​អភិវឌ្ឍ​ក្នុង​វិស័យហិរញ្ញវត្ថុ ប្រកប​ដោយ​ចីរភាព។ ស្លាកសញ្ញាថ្មីនេះ នឹង​រៀបចំ​ដាក់​ឲ្យ​ប្រើប្រាស់ ជា​ផ្លូវការ​ចាប់ពី​ខែមករា ឆ្នាំ២០២១ ខាងមុខនេះ។

សូមបញ្ជាក់ថាធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ក្រុមហ៊ុនបុត្រសម្ព័ន្ធ​ចំនួន ៤ (បួន) គឺអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា, ធនាគារ អេស៊ីលីដា ឡាវ លីមីធីត, និងស្ថាប័ន មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា និង​ព្រមទាំង​មាន​ការិយាល័យ​តំណាង​នៅ​សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

គិត​ត្រឹម​ដំណាច់ខែកញ្ញា ឆ្នាំ២០២០ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ទ្រព្យសកម្ម​សរុប​ចំនួន ២៦,១០ ទ្រីលានរៀល (ឬ ៦,៣៧ ប៊ីលានដុល្លារអាមេរិក) សមតុល្យ ឥណទានសរុប​ចំនួន ១៦,៩៩ ទ្រីលានរៀល (ឬ ៤,១៤ ប៊ីលានដុល្លារអាមេរិក) និងប្រាក់បញ្ញើសន្សំ​សរុប​ចំនួន ១៨,៥៦ ទ្រីលានរៀល (ឬ ៤,៥៣ ប៊ីលានដុល្លារអាមេរិក) និង​ចំនួន​អ្នកចុះឈ្មោះប្រើប្រាស់​សេវាធនាគារ ឌីជីថល អេស៊ីលីដា ទាន់ចិត្ត ច្រើនជាង ១,៦២លាននាក់ គិតត្រឹម​ដំណាច់​ខែកញ្ញា ឆ្នាំ២០២០។

 

Leave a Reply

Your email address will not be published. Required fields are marked *