កូរ៉េខាងត្បូងនាំចូលស្រាគ្រប់ប្រភេទ ក្នុងឆ្នាំ២០២០ ច្រើនជាងឆ្នាំកន្លងទៅគួរឱ្យកត់សម្គាល់ ដោយសារបរិបទកូវីដ បង្ខំមនុស្សឱ្យនៅផ្ទះច្រើនជាងធម្មតា

សេអ៊ូល៖ ក្នុងឆ្នាំ២០២០ បរិបទនៃជំងឺកូវីដ-១៩ កន្លងទៅនេះ ប្រទេសកូរ៉េខាងត្បូងបាននាំចូលស្រាក្នុងចំនួនច្រើនជាងឆ្នាំមុនៗ បើតាមទិន្នន័យបង្ហាញដោយរដ្ឋាភិបាលកូរ៉េនៅថ្ងៃចន្ទនេះ រាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

បើតាមទិន្នន័យដោយអជ្ញាធរសេវាកម្មពន្ធគយកូរ៉េខាងត្បូង ក្នុងឆ្នាំ២០២០ កូរ៉េខាងត្បូងនាំចូលស្រាគ្រប់ប្រភេទដល់ទៅចំនួន២៣៩លានដុល្លារ ក្នុងចន្លោះខែមករា ដល់វិច្ឆិកា ២០២០ ដែលចំនួននេះលើសចំនួននៃការនាំចូលក្នុងឆ្នាំ២០១៩ទៅទៀតដែលមានត្រឹមតែ២០៤លានដុល្លារប៉ុណ្ណោះ ដោយនេះមិនទាន់រាប់បញ្ចូលទិន្នន័យនាំចូលក្នុងខែធ្នូ ឆ្នាំ២០២០ផងនោះ។

ទំនោរកើនឡើងខ្លាំងនេះ អាចបណ្តាលមកពីការប៉ះពាល់ពីជំងឺកូវីដ-១៩ ដែលត្រូវតម្រូវឱ្យប្រជាជនកូរ៉េខាងត្បូងទូទៅស្នាក់នៅផ្ទះច្រើនជាងធម្មតា ដែលអាចនាំឱ្យមានការពិសារ និងជួបជុំគ្រួសារក្នុងផ្ទះខ្លួនឯងច្រើនជាងឆ្នាំកន្លងទៅៗ។

ក្នុងនោះដែរ គេសង្កេតឃើញថា ផលិតផលស្រាបង្កើនការនាំចូលយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ សឹងតែទ្វេដងពីទំហំនៃការនាំចូលត្រឹមប្រមាណ១១៣លានដុល្លារក្នុងឆ្នាំ២០១១ប៉ុណ្ណោះ។

ទិន្នន័យបង្ហាញថា ចំពោះផលិតផលស្រាក្រហម ប្រទេសឈីលី ជាប្រទេសដែលនាំចូលច្រើនជាងគេ តាមពីក្រោយដោយប្រទេសបារាំង សហរដ្ឋអាម៉េរិក អ៊ីតាលី និងអេស្ប៉ាញ។ រីឯផលិតផលស្រា White Wine វិញនាំចូលច្រើនជាងគេមកពីបារាំង អ៊ីតាលី ឈីលី សហរដ្ឋអាម៉េរិក និងញូវហ្សីលែន។

Leave a Reply

Your email address will not be published. Required fields are marked *