កូរ៉េខាងត្បូងនឹងបង្កើនថវិកាជាតិដល់ជាង ៦ទ្រីលានវ៉ុន ដើម្បីអាចសម្រេចមហិច្ឆិតាឧត្តមានុភាពរបស់ខ្លួនក្នុងផ្នែកវិទ្យាសាស្រ្ត ស្រាវជ្រាវ និងបច្ចេកវិទ្យាទំនើប

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងលើកឡើងថានឹងគ្រោងចំណាយថវិកាជាតិជាង ៦ទ្រីលានវ៉ុន (ប្រមាណជាង៥.៣ប៊ីលានដុល្លារអាម៉េរិក) ដើម្បីសម្រេចបានមហិច្ឆិតាឧត្តមានុភាពរបស់ខ្លួនទៅលើការសិក្សាស្រាវជ្រាវលើវិស័យផ្សេងៗទាំងអស់ដែលពាក់ព័ន្ធនឹងផ្នែកវិទ្យាសាស្រ្ត និងវិទ្យាសាស្រ្តព័ត៌មាន (ICT) ក្នុងឆ្នាំ២០២១ បើតាមការរាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

ទឹកប្រាក់ខ្ទង់ចំណាយដ៏ធំនេះ គឺកើនឡើងប្រមាណ១២ភាគរយពីខ្ទង់ចំណាយលើវិស័យនេះដូចគ្នាក្នុងឆ្នាំ២០២០ ដែលនឹងផ្តោតទៅលើផ្នែកសំខាន់ៗដូចជាបច្ចេកវិទ្យា បច្ចេកវិទ្យា Artificial Intelligence (AI) និងប្រព័ន្ធ 6G ជាដើម។

តាមរយៈការប្រកាសរបស់ក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យារបស់កូរ៉េខាងត្បូង ក្នុងចំណោមកញ្ចប់ទឹកប្រាក់ដ៏ធំនេះ ទឹកប្រាក់ចំនួន១.៨ទ្រីលានវ៉ុននឹងត្រូវផ្តល់ទៅលើការស្រាវជ្រាវវិទ្យាសាស្រ្ត ដែលកើនពីឆ្នាំទៅដែលមានត្រឹមតែ១.៥ទ្រីលានវ៉ុនប៉ុណ្ណោះ។ ខ្ទង់ចំណាយនេះផ្តោតទៅលើការគំាទ្រអ្នកវិទ្យាសាស្រ្តវ័យក្មេង និងការស្រាវជ្រាវទៅលើផ្នែកគ្រឿងបង្គុំ សម្ភារៈបច្ចេកទេសនានា ដើម្បីអាចជម្រុញឱ្យកូរ៉េខាងត្បូងមានសមត្ថភាពបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ដោយខ្លួនឯង។

ក្នុងនោះដែរ ទឹកប្រាក់ ១៣៩.១ប៊ីលានវ៉ុននឹងត្រូវផ្តោតលើការអភិវឌ្ឍសេវាកម្ម និងឧស្សាហកម្មបែបនិមិត្ត (Virtual) ដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមឌីជីថលថ្មីរបស់ប្រទេសកូរ៉េខាងត្បូង ដែលគ្រោងនឹងបោះទុនវិនិយោគដល់ទៅ៥៨.២ ទ្រីលានវ៉ុនទៅលើបច្ចេកវិទ្យា AI និងឧស្សាហកម្មដទៃទៀតដែលមានសក្តានុពល ដើម្បីបង្កើតការងារក្នុងវិស័យដ៏សំខាន់នេះឱ្យបានដល់ ៩០ម៉ឺនកន្លែងក្នុងឆ្នាំ២០២៥ ខាងមុខ។

បច្ចេកវិទ្យាកំពុងលូតលាស់ និងមានសក្តានុពលដទៃទៀតដូចជាបច្ចេកវិទ្យា 6G និងបច្ចេកវិទ្យាបើកបរដោយខ្លួនឯង ក៏នឹងត្រូវក្រសួងផ្តល់អាទិភាពវិនិយោគក្នុងទំហំទឹកប្រាក់ ១៧.២ប៊ីលានវ៉ុនសម្រាប់បច្ចេកវិទ្យា 6G និង២៤.៩ប៊ីលានវ៉ុន សម្រាប់បច្ចេកវិទ្យាបើកបរយានយន្តដោយខ្លួនឯង។

ក្រៅពីនោះទៀត ក្រសួងក៏នឹងចូលរួមក្នុងការជម្រុញសម្រេចឱ្យបាននូវគោលដៅបញ្ឈប់ការបញ្ចេញកាកសំណល់កាបូនត្រឹមឆ្នាំ២០៥០ផងដែរ ដោយនឹងធ្វើការវិនិយោគទឹកប្រាក់ ១០៣.៧ប៊ីលានវ៉ុនសម្រាប់បច្ចេកវិទ្យាដែលជួយឆ្លើយតបទៅនឹងតម្រូវការបញ្ហាបម្រែបម្រួលអាកាសធាតុផងដែរ។

ចំណែកឯវិស័យស្រាវជ្រាវអាវកាស កូរ៉េខាងត្បូងក៏គ្រោងទឹកប្រាក់ជិត​៦០០ប៊ីលានវ៉ុនសម្រាប់ធ្វើការវិនិយោគ និងអភិវឌ្ឍក្នុងគោលដៅសម្រេចបានការបង្ហោះរ៉ុក្កែតទៅអាវកាសផ្ទាល់ខ្លួនក្នុងឆ្នាំក្រោយនេះផងដែរ។

ចំពោះវិស័យសុខាភិបាលវិញ រដ្ឋាភិបាលកូរ៉េគ្រោងនឹងចំណាយកញ្ចប់ទឹកប្រាក់ចំនួន៤១.៩ប៊ីលានវ៉ុន ដើម្បីសិក្សា និងអភិវឌ្ឍបង្កើតការព្យាបាល និងវ៉ាក់សាំងថ្មីដើម្បីឆ្លើយតបទៅនឹងហានិភ័យនៃការកើតឡើងនៃជំងឺថ្មីៗផងដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *