កូរ៉េខាងត្បូង៖ ចំនួនប្រជាជនកូរ៉េខាងត្បូងធ្លាក់ចុះជាលើកដំបូងបង្អស់ក្នុងឆ្នាំ២០២០នេះ ដោយសារចំនួនកំណើនប្រជាជនកើនឡើងក្នុងកម្រិតតិចជាង ចំនួនប្រជាជនដែលបាត់បង់ជីវិត នេះបើតាមទិន្នន័យជំរឿនចុងក្រោយបង្អស់ដែលបង្ហាញនៅថ្ងៃអាទិត្យនេះ រាយការណ៍ក្នុងសារព័ត៌មាន Yonhap News។
បើតាមទិន្នន័យជំរឿនចេញដោយក្រសួងមហាផ្ទៃ និងសុវត្ថិភាពកូរ៉េខាងត្បូង បង្ហាញថាកូរ៉េខាងត្បូងមានចំនួនប្រជាជនសរុបចំនួន ៥១,៨២៩,០២៣នាក់ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដែលចំនួននេះថយចុះ ២០,៨៣៨នាក់ពីចំនួនប្រជាជនសរុបចុងឆ្នាំ២០១៩។
បើតាមទំនោរប្រជាសាស្រ្តកូរ៉េខាងត្បូងក្នុងរយៈពេល១០ឆ្នាំចុងក្រោយ អត្រាកំណើនប្រជាជនបន្តធ្លាក់ចុះជាប្រចាំពី ១.៤៩% ក្នុងឆ្នាំ២០១០ មកនៅត្រឹម ០.០៥% ប៉ុណ្ណោះ ក្នុងឆ្នាំ២០១៩។ ក្នុងឆ្នាំ២០២០នេះ កូរ៉េខាងត្បូងមានទារកចាប់កំណើតចំនួន ២៧៥,៨១៥ នាក់ ចុះប្រមាណ១០% ពីឆ្នាំ២០១៩កន្លងទៅ តែក្នុងឆ្នាំ២០២០នេះ ប្រជាជនកូរ៉េខាងត្បូងបាត់បង់ជីវិតចំនួន ៣០៧,៧៦៤នាក់ ដែលកើនឡើងដល់ទៅ៣.១% ពីឆ្នាំ២០១៩ដូចគ្នា។

ជាមួយនឹងអត្រាកើតថយចុះលឿនបែបនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងគួរមាននូវវិធានការចាំបាច់ណាមួយដើម្បីរៀបចំនូវគោលនយោបាយសមស្របឆ្លើយតបទៅនឹងបញ្ហានេះ ជាការបញ្ជាក់របស់ក្រសួង។
ក្នុងចំណោមប្រជាសាស្រ្តរបស់ប្រជាជនកូរ៉េខាងត្បូង ក្រុមមនុស្សដែលមានអាយុខ្ទង់ ៥០ មានច្រើនជាងគេរហូតដល់ ៨.៦៤លាននាក់ឯណោះ ប្រមាណជាង១៦.៧%នៃចំនួនប្រជាជនសរុប ខណៈប្រជាជនអាយុខ្ទង់ ៤០ ឆ្នាំ មាន១៦% អាយុខ្ទង់ ៣០ឆ្នាំ មាន១៣.៣% និងអាយុខ្ទង់២០ឆ្នាំ មាន១៣.១%។
ទិន្នន័យនៃជំរឿនថ្មីនេះ ក៏បានបង្ហាញផងដែរមានទំនោរនៃការកើនឡើងចំនួនគ្រួសារដែលមានទៅដល់ ២៣លាន គ្រួសារជាងឯណោះ តែនៅក្នុងនោះមានមួយភាគធំដែរ ជាប្រភេទគ្រួសារដែលមានសមាជិកតែម្នាក់ឯង រហូតដល់ជាង ៩.០៦លានគ្រួសារឯណោះ ប្រមាណជាង ៣៩.២% នៃចំនួនគ្រួសារទាំងអស់។ ចំនួនគ្រួសារមានសមាជិកតែឯងនេះ សំដៅដល់អ្នកដែលមិនទាន់រៀបការនោះឯង។
