កម្ពុជា៖ រមណីយដ្ឋានអង្គរនៅក្នុងឆ្នាំ២០២០ រកចំណូលបានចំនួន ១៨លានដុល្លារ ពីភ្ញៀវទេសចរបរទេសដែលបានមកទស្សនាចំនួន៤០ម៉ឺននាក់ បើតាមការប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ។
តាមរយៈសេចក្តីប្រកាសព័ត៌មាន ប្រាក់ចំណូលប្រចាំឆ្នាំ១៨លានដុល្លារក្នុងឆ្នាំ២០២០នេះ គឺធ្លាក់ចុះដល់ទៅ៨១.១៧%ឯណោះ បើប្រៀបនឹងចំណូលដែលរមណីយដ្ឋានអង្គរទទួលបានក្នុងឆ្នាំ២០១៩ រយៈពេលដូចគ្នា។ ក្នុងនោះដែរ ក្នុងខែធ្នូ ឆ្នាំ២០២០ រមណីយដ្ឋានអង្គររកចំណូលពីការលក់សំបុត្រសម្រាប់ភ្ញៀវទេសចរបរទេសបានដល់ ៥២,៥៤៣ដុល្លារអាម៉េរិក ពីភ្ញៀវបរទេសចំនួន ១,១៦៩នាក់។
ចំណែកឯរំមណីយដ្ឋានប្រាសាទកោះកែរវិញ ក្នុងឆ្នាំ២០២០ រកចំណូលពីការលក់សំបុត្រជូនភ្ញៀវទេសចរចំនួន ៩១,២៥០ដុល្លារ បានពីទេសចរបរទេសចំនួន៩,១២៥នាក់ ខណៈដែលក្នុងខែធ្នូរកចំណូលបានត្រឹមតែ៩១០ដុល្លារប៉ុណ្ណោះ ពីភ្ញៀវទេសចរណ៍៩១នាក់។