រដ្ឋាភិបាលកូរ៉េដាក់វិធានការថ្មី តម្រូវឱ្យជនបរទេសទាំងអស់ធ្វើដំណើរមកកូរ៉េខាងត្បូង ត្រូវមានភ្ជាប់លទ្ធផលតេស្ត “អវិជ្ជមាន” កូវីដ-១៩មកជាមួយដែរ

កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងនឹងអនុវត្តវិធានការថ្មី តម្រូវឱ្យជនបរទេសទាំងអស់ដែលត្រូវធ្វើដំណើរមកកូរ៉េខាងត្បូង មានភ្ជាប់មកជាមួយនូវលទ្ធផលអវិជ្ជមានធ្វើតេស្តកូវីដ-១៩ តាមវិធី (PCR) ក្នុងរយៈពេលយ៉ាងយូរ ៧២ម៉ោង មុនពេលធ្វើដំណើរ បើតាមការរាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

ក្នុងវិធានការថ្មីនេះ ជនបរទេសទូទៅទាំងអស់ដែលមកដល់ប្រទេសកូរ៉េខាងត្បូង ត្រូវមានភ្ជាប់ជាមួយលទ្ធផលធ្វើតេស្តអវិជ្ជមានកូវីដ-១៩ ដែលបានធ្វើតេស្ត៧២ម៉ោងមុនធ្វើដំណើរ នេះបើតាមការប្រកាសរបស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េ (KDCA)។ វិធានការថ្មីនេះ នឹងត្រូវចូលជាធរមានចាប់អនុវត្តពីថ្ងៃសុក្រសប្តាហ៍ក្រោយទៅ ចំថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ នៅតាមច្រកចូលព្រលានយន្តហោះនានាទូទាំងប្រទេសកូរ៉េខាងត្បូង ហើយអនុវត្តចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅតាមច្រកចូលកំពង់ផែសមុទ្រនានាទូទាំងប្រទេសកូរ៉េខាងត្បូង។

នេះជាការអនុវត្តវិធានការបន្ថែមចំពោះគ្រប់ជនបរទេសទាំងអស់ដែលត្រូវធ្វើដំណើរមកប្រទេសកូរ៉េខាងត្បូង ហើយតម្រូវការឱ្យធ្វើចត្តាឡីស័កសម្រាប់អ្នកធ្វើដំណើរមកដល់ប្រទេសកូរ៉េខាងត្បូងនឹងនៅតែបន្តអនុវត្តដដែល។

វិធានការថ្មីនេះ ដាក់ចេញដើម្បីឆ្លើយតបទៅនឹងការបន្តកើនឡើងនៃចំនួនករណីកូរ៉ូណា ជាពិសេសចំពោះករណីដែលនាំចូលមកពីខាងក្រៅតាមការធ្វើដំណើរពីបរទេសមក និងជាពិសេសដើម្បីប្រយុទ្ធប្រឆាំងនឹងរលកទី៣នៃជំងឺកូវីដ-១៩ ក្នុងប្រទេសនេះ ក្នុងស្ថានការណ៍នៃអាកាសធាតុត្រជាក់ខ្លាំងនេះផងដែរ។

សូមបញ្ជាក់ថា វិធានការថ្មីចុងក្រោយចំពោះការធ្វើដំណើរពីក្រៅ កូរ៉េខាងត្បូងក៏បានផ្អាករាល់ជើងហោះហើរមកពីប្រទេសអង់គ្លេសផងដែរ​ បារម្ភពីការនាំយកមកនូវប្រភេទមេរោគកូរ៉ូណាបម្លែងខ្លួនថ្មី ដែលកំពុងឆ្លងរាលដាល់នៅក្នុងប្រទេសអង់គ្លេសបច្ចុប្បន្ននេះ។

Leave a Reply

Your email address will not be published. Required fields are marked *