ករណីកូវីដថ្មី នៅកូរ៉េខាងត្បូងថយចុះច្រើន អាចដោយសារថយចុះនៃការធ្វើតេស្តពេលឆ្លងឆ្នាំ ខណៈវិធានការគម្លាតសង្គមនឹងត្រូវអនុវត្តបន្ថែម ២ សប្តាហ៍ទៀត

កូរ៉េខាងត្បូង៖ នៅថ្ងៃទី២នៃឆ្នាំថ្មី ២០២១នេះ ចំនួនករណីឆ្លងកូវីដ-១៩ថ្មី នៅក្នុងប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចុះមកក្រោម៩០០ករណីប៉ុណ្ណោះ ដែលអាចមកពីការថយចុះនៃចំនួនការធ្វើតេស្តក្នុងថ្ងៃឆ្លងឆ្នាំ ខណៈដែលរដ្ឋាភិបាលកូរ៉េបន្តរក្សាការអនុវត្តវិធានការគម្លាតបច្ចុប្ប​ន្ន បន្តទៀតរហូតដល់ពីរសប្តាហ៍ថែមទៀត តាមការរាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

នៅថ្ងៃសៅរ៍នេះ ករណីកូរ៉ូណាឆ្លងថ្មីបានថយចុះមកនៅត្រឹមតែ ៨២៤ករណីប៉ុណ្ណោះ ដែលក្នុងនោះមាន៧៨៨ករណីជាករណីឆ្លងក្នុងស្រុក ដែលនាំឱ្យចំនួនករណីឆ្លងសរុបកើនដល់៦២៥៩៣ករណីហើយ ក្នុងនោះមាន២៥ករណី ដែលបានបាត់បង់ជីវិតផងដែរ បើតាមការបញ្ជាក់របស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង។

ចំនួនករណីឆ្លងថ្មីដែលថយចុះត្រឹមតែ៨២៤ករណីនេះជាករណីចុះទាបជាងគេក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយតាំងពីថ្ងៃចន្ទក្នុងសប្តាហ៍នេះមក ដែលករណីឆ្លងថ្មីមានប្រហាក់ប្រហែល១០០០ករណីរៀងរាល់ថ្ងៃ។ បើតាមការពិនិត្យមើលតួលេខនៃការធ្វើតេស្តកាលពីថ្ងៃសុក្រម្សិលមិញនេះមានត្រឹមតែជាង៥ម៉ឺនដងប៉ុណ្ណោះ ដែលថយចុះសឹងតែពាក់កណ្តាលពីថ្ងៃព្រហស្បត្តិ៍ដែលមានដល់ជាង១០ម៉ឺនដងឯណោះ។ ការថយចុះនៃការធ្វើតេស្តនេះអាចជាកត្តាសំខាន់ធ្វើឱ្យចំនួនករណីឆ្លងថ្មី ថយចុះច្រើន។

ក្នុងនោះដែរ រដ្ឋាភិបាលកូរ៉េក៏បានប្រកាសនៅថ្ងៃនេះហើយថា វិធានការគម្លាតសង្គមដែលកំពុងអនុវត្តឥឡូវនេះ នឹងត្រូវបន្តពន្យារការអនុវត្តបន្ថែមរហូតដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ខាងមុខវិញ ដើម្បីបន្តបង្ការ និងការពារករណីឆ្លងកូវីដនាពេលខាងមុខទៀត។ វិធានការគម្លាតសង្គមដែលនឹងត្រូវអនុវត្តបន្តនេះ គឺការដាក់ឱ្យទីក្រុងសេអ៊ូល និងតំបន់ប្រជុំជនជុំវិញឱ្យស្ថិតក្រោមវិធានការគម្លាតសង្គមកម្រិត២.៥ និងតំបន់ដទៃទៀតទូទាំងប្រទេសស្ថិតក្រោមវិធានការគម្លាតសង្គមកម្រិត២។

ការបន្តអនុវត្តវិធានការគម្លាតសង្គមនេះមានន័យថា នៅក្នុងតំបន់សេអ៊ូល និងជុំវិញដែលវិធានការគម្លាតសង្គមនៅកម្រិត២.៥នោះ ហាងកាហ្វេទទួលតែការកុម្មង់ចេញប៉ុណ្ណោះ ខណៈដែលភោជនីយដ្ឋាននានាអាចទទួលភ្ញៀវមកពិសារក្នុងហាងត្រឹមម៉ោង៩យប់ប៉ុណ្ណោះ រួមនឹងវិធានការលម្អិតដទៃច្រើនទៀតចំពោះអាជីវកម្មនានា។

ចំណែកឯបម្រាមហាមមិនឱ្យមានការជួបជុំគ្នាលើសពី៥នាក់ ក្នុងរដូវកាលចូលឆ្នាំនេះ ដែលនឹងត្រូវផុតសុពលភាពអនុវត្តត្រឹមថ្ងៃទី០៣ ខែមករា ២០២១ស្អែកនេះ ក៏មិនទាន់មានការជូនដំណឹងបន្ថែមពីការបន្តអនុវត្ត ឬឈប់យ៉ាងណានោះទេ។

Leave a Reply

Your email address will not be published. Required fields are marked *