ចែករំលែក និងអនុវត្តទាំងអស់គ្នា! ស្ថានទូតកម្ពុជាចេញសេចក្តីណែនាំដល់បងប្អូនខ្មែរនៅកូរ៉េ ពីការថែទាំសុខភាពនារដូវរងារ ដើម្បីបង្ការហានិភ័យនានា

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចេញសេចកី្តណែនាំស្ដីពីការថែទាំសុខភាពនារដូវរងា ដើម្បីជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរនៅលើទឹកដីកូរ៉េទាំងអស់ អាចការពារ និងទប់ស្កាត់នូវហានិភ័យផ្សេងៗ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតរបស់ខ្លួនក្នុងរដូវកាលអាកាសធាតុចុះត្រជាក់ខ្លាំងនេះ។

ប្រការគួរយល់ដឹងសំខាន់ៗមួយចំនួនអំពីការថែទាំសុខភាពនាពេលអាកាសធាតុចុះត្រជាក់ខ្លាំង ដែលស្ថានទូតបានណែនាំដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើការ និងស្នាក់នៅសាធារណរដ្ឋកូរ៉េមានដូចខាងក្រោម៖

១. ពេលធ្វើដំណើរ ឬទៅធ្វើការនៅខាងក្រៅផ្ទះសូមស្លៀកសម្លៀកបំពាក់ឱ្យបានក្រាស់ និងប្រើកន្សែងរុំក ពាក់មួក ព្រមទាំងពាក់ស្រោមដៃផង
២. សូមសម្រាកឱ្យបានគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណងាយៗនៅក្នុងផ្ទះឱ្យបានទៀងទាត់
៣. ពេលគេងត្រូវបើកម៉ាស៊ីនសំណើម ឬត្រូវដាក់ទឹកមួយផ្តិលនៅក្នុងបន្ទប់ ឬបង្ហើបបង្អួចបន្ដិច សូមកុំបើកម៉ាស៊ីនកម្តៅខ្លាំងពេក ដោយរក្សាកម្តៅក្នុងបន្ទប់ឱ្យនៅត្រឹមសីតុណ្ហភាពពី ២០ទៅ ២៥អង្សារ
៤. សូមកុំបិទបង្អួចបន្ទប់ជិតពេក ត្រូវទុកចន្លោះបង្អួចឱ្យមានខ្យល់អុកស៊ីសែនចេញចូលគ្រប់គ្រាន់ក្នុងមួយថ្ងៃ ២ ទៅ៣ដង អាចបើកម្ដងរយៈពេល ១០នាទី
៥. សូមបរិភោគអារហារ ដែលសំបូរជីវជាតិឱ្យបានគ្រប់គ្រាន់ ជាពិសេសប្រភេទអាហារដែលមានវីតាមីន D មានដូចជាត្រី ស៊ុតលឿង ថ្លើម ឈីសជាដើម
៦. សូមពិសារទឹកឱ្យបានគ្រប់គ្រាន់ដើម្បីជៀសវាងការបាត់បង់ជាតិទឹកនៅក្នុងខ្លួន ពិសារយ៉ាងតិច ១,៥លីត្រក្នុងមួយថ្ងៃ
៧. សូមលាងសម្អាតដៃឱ្យបានស្អាតជាមួយនឹងសាប៊ូ ពេលត្រលប់មកពីខាងក្រៅ ហើយជៀសវាងយកដៃទៅប៉ះ ភ្នែក ច្រមុះ និងមាត់
៨. ជៀសវាងការទទួលទានគ្រឿងស្រវឹង និងបារី ច្រើនលើសកម្រិត
៩. ប្រសិនបើមានអការៈ មិនស្រួលខ្លួន ឬមានបញ្ហាសុខភាព សូមទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យជាបន្ទាន់ជៀសវាងបញ្ហាកើតឡើងជាយថាហេតុ។ បើមានករណីបន្ទាន់សូមទាក់ទងទៅលេខ ១១៩។

សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ជ្រាបជាព័ត៌មាន និងមេត្តាយកចិត្តទុកដាក់ឱ្យបានខ្ពស់លើការថែរក្សាសុខភាព និងចូលរួមអនុវត្ត និងជួយផ្សព្វផ្សាយអំពីការថែទាំសុខភាពឱ្យបានទូលំទូលាយដើម្បីចៀសវាង និងបង្ការបញ្ហាសុខភាពនានាដែលអាចកើតមានឡើង។

Leave a Reply

Your email address will not be published. Required fields are marked *