កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងសម្រេចដាក់ចេញវិធានការគម្លាតសង្គមកម្រិតខ្ពស់ជាងគេ សម្រាប់អនុវត្តនៅតាមមណ្ឌលឃុំឃាំងនានាទូទាំងប្រទេស ខណៈដែលករណីផ្ទុះឆ្លងចេញពីទីតាំងមណ្ឌលឃុំឃាំងនៅសេអ៊ូល កំពុងបន្តកើនឡើងគួរឱ្យព្រួយបារម្ភបន្តនោះ នេះបើតាមការរាយការណ៍ក្នុងសារព័ត៌មាន Yonhap News។
ការដាក់ចេញវិធានការគម្លាតសង្គមកម្រិត៣នេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ខាងមុខ រយៈពេល២សប្តាហ៍ នៅតាមមណ្ឌលឃុំឃាំងទាំងអស់ទូទាំងប្រទេសកូរ៉េខាងត្បូងតែម្តង។ ក្នុងវិធានការដ៏តឹងរ៉ឹងជាងគេនេះ អជ្ញាធរតម្រូវឱ្យមានការកាត់បន្ថយទំនាក់ទំនងរវាងអ្នកទោស និងអ្នកមកសួរសុខទុក្ខ និងបុគ្គលិក មន្ត្រីពន្ធនាគារផងដែរ។ ក្នុងអំឡុងពេលនេះ អ្នកទោសនឹងមិនអាចជាប់ជាមួយមេធាវីជាបណ្តោះអាសន្ន ខណៈដែលមន្ត្រីពន្ធនាគារនឹងត្រូវដាក់កាលវិភាគធ្វើការឆ្លាស់ម៉ោងគ្នាផងដែរ។
វិធានការនេះដាក់ចេញ ឆ្លើយតបទៅនឹងការផ្ទុះយ៉ាងខ្លាំងនៃការឆ្លងជាសហគមន៍នៅក្នុងមណ្ឌលឃុំឃាំងដុងប៊ូ (Dongbu Detention Center) ដែលនៅក្នុងទីក្រុងសេអ៊ូល ដែលគិតត្រឹមយប់ថ្ងៃពុធម្សិលមិញ អ្នករកឃើញវិជ្ជមានពាក់ព័ន្ធនឹងទីតាំងនោះកើនដល់ ៨០៧ ករណីហើយ ដែលក្នុងនោះភាគច្រើនគឺជាអ្នកទោស។ ក្នុងនោះដែរ អ្នកទោស ២ រូបដែលបានរកឃើញវិជ្ជមាន នៅទីតាំងមណ្ឌលឃុំឃាំង២កន្លែងផ្សេងគ្នា បានបាត់បង់ជីវិតដោយសារអាការៈធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩នេះ។
ឆ្លើយតបទៅនឹងការផ្ទុះឆ្លងជាសហគមន៍នេះ អជ្ញាធរក៏បានព្យាយាមផ្ទេរអ្នកទោសមួយចំនួនពីទីតាំងឆ្លង ទៅកាន់មណ្ឌលឃុំឃាំងដទៃទៀតជាបណ្តោះអាសន្ន ដើម្បីកាត់បន្ថយចំនួនមនុស្ស និងដើម្បីអាចអនុវត្តវិធានការគម្លាតសង្គមមានប្រសិទ្ធភាពផងដែរ។ សូមបញ្ជាក់ថា បើតាមតួលេខ មណ្ឌលឃុំឃាំងដុងប៊ូ (Dongbu Detention Center) ដែលកំពុងផ្ទុះខ្លាំងនេះ ស្ថិតក្នុងស្ថានភាពលើសចំណុះដល់ទៅ ១១៦% ឯណោះ។ ក្នុងនោះដែរ ក្រសួងក៏បានពិចារណាដោះលែងអ្នកទោសមួយចំនួន ឱ្យនៅក្រៅឃុំបណ្តោះអាសន្នផងដែរ។
បើតាមអនុរដ្ឋមន្ត្រីយុត្តិធម៌កូរ៉េខាងត្បូងបានលើកឡើងថា ក្រសួងយុត្តិធម៌ដែលជាអាណាព្យាបាលនៅតាមមណ្ឌលឃុំឃាំង កន្លងមកបានខិតខំព្យាយាមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងបរិវេណនៃមណ្ឌលឃុំឃាំង និងមណ្ឌលកែប្រែផងដែរ ប៉ុន្តែដោយសារតែស្ថានភាពដ៏លំបាក និងណែនណាន់តាន់តាប់នៃបណ្តាទីតាំងទាំងនោះ ដែលនាំឱ្យវិធានការអនុវត្តកន្លងមកមានចន្លោះប្រហោង និងបណ្តាលឱ្យមានការផ្ទុះឆ្លងជាសហគមន៍ដ៏ធំនេះឡើង ហើយថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌កូរ៉េ បានសម្តែងនូវការអភ័យទោសចំពោះបញ្ហានៃការឆ្លងដ៏គំហុកក្នុងទីតាំងមណ្ឌលឃុំឃាំងនេះ។
សូមបញ្ជាក់ថា ចាប់តាំងពីពាក់កណ្តាលខែធ្នូ ២០២០នេះមក ស្ថានការណ៍ករណីកូវីដនៅកូរ៉េខាងត្បូងបន្តនៅក្នុងចន្លោះប្រហាក់ប្រហែល ១០០០ ករណីសឹងតែរៀងរាល់ថ្ងៃ ហើយគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ២០២០ចុងឆ្នាំនេះ ករណីឆ្លងសរុបទូទាំងប្រទេសកើនដល់លើស ៦០០០០នាក់ហើយ។