CamboFinance៖ រឿងស្រលាញ់លុយ អ្នកណាក៏ស្រលាញ់ តែមានអ្នកខ្លះស្រលាញ់ដល់ថ្នាក់ញៀន។ ចុះអ្នកញៀននឹងលុយដែរទេ? តោះមកមើលសញ្ញាមួយចំនួនដែលប្រាប់ថាមនុស្សម្នាក់ញៀននឹងលុយ សូមអានអោយដល់ចប់អ្នកនឹងភ្ញាក់ផ្អើល៖
១. ទុកលុយសំខាន់ជាងអ្វីទាំងអស់៖ អ្នកខំធ្វើការរហូតមិនគិតពីសុខភាពឬគ្រួសារខ្លួនឯង ព្រោះចង់បានលុយថែមម៉ោង។ គិតលុយសំខាន់ជាងមិត្តភាព គ្រួសារ បងប្អូន មិនហ៊ានចំណាយលើអ្វី សូម្បីកាដូ ការជួបជុំជាដើម។ ការចេះសន្សំ ចេះរកជាការល្អ តែសូមកុំដល់ថ្នាក់នេះពេក។ អ្វីៗគួរតែមានតុល្យភាព។
២. វក់នឹងលុយ៖ មួយថ្ងៃៗគិតតែពីធ្វើយ៉ាងម៉េចរកលុយបានច្រើន រកបានហើយចាយយ៉ាងម៉េច ទិញអីខ្លះ មិនឈប់ឈរ។ តែកុំច្រឡំជាមួយនឹងការចាត់ចែង និង រៀបគម្រោងហិរញ្ញវត្ថុអោយសោះ។ ដល់ថ្នាក់ដែលអាចហៅថាវក់នឹងលុយបាននោះគឺមានន័យថា អ្នកគិតពីវារហូតដល់មិនអាចស្ងប់ចិត្តបាន ដល់ថ្នាក់គេងមិនលក់ជាដើម។ ការគិតពីលុយវក់ខ្លាំងពេកវារំខានដល់ផ្លូវចិត្តរបស់អ្នក។ ដូច្នេះគួររៀបគម្រោងមួយខែម្តងឬយូរៗម្តង ហើយកុំគិតពីវាទៀត គ្រាន់តែធ្វើតាមគម្រោងនោះ ហើយនឹងកែតម្រូវយូរៗម្តងបានហើយ។ ធ្វើបែបនេះ អ្នកនឹងមានសេចក្តីស្ងប់។
៣. ប្រឡូកនឹងសកម្មភាពគ្រោះថ្នាក់ដើម្បីបានលុយច្រើន៖ គ្រោះថ្នាក់កន្លែងនេះមិនមែនការធ្វើសំណង់អ្វីទេ។ យើងចង់និយាយពីអ្នកដែលទៅលេងល្បែង ដាក់ប្រាក់ចងការដែលអត្រាការប្រាក់ខ្ពស់ ឬ ចូលហ៊ុនរកស៊ីទាំងប្រថុយប្រថានព្រោះលឺគេនិយាយថានឹងបានប្រាក់ចំណេញខ្ពស់មិនសមហេតុផល។ អ្នកត្រូវចាំថា មុននឹងប្រឡូកនឹងការរកស៊ីឬសកម្មភាពអ្វីមួយ ត្រូវគិតអោយបានច្បាស់ និង សួរយោបល់គ្រួសារជាមុនសិន។
៤. ខ្លាចគ្មានសុវត្ថិភាពហិរញ្ញវត្ថុជ្រុល៖ អ្នកខ្លះគិតខ្លាចបារម្ភជ្រុលថាបើខ្លួនធ្លាក់ខ្លួនឈឺទៅ តើគ្រួសារ បំណុល បានអ្នកណារ៉ាប់រងជាដើម។ វាជាការបារម្ភត្រឹមត្រូវ ប៉ុន្តែកុំដល់ថ្នាក់ហួសហេតុរហូតទៅជាពិបាកចិត្ត និង បាក់ទឹកចិត្ត។ អ្នកគ្រាន់តែទិញធានារ៉ាប់រងតាមតម្រូវការ ដូចជាសម្រាប់អាយុជីវិត សម្រាប់សុខភាព ឬ បំណុល ហើយទម្លាក់ការបារម្ភទាំងនោះអោយក្រុមហ៊ុនធានារ៉ាប់រងជាអ្នកគិតគូរជំនួសអ្នកទៅជាការស្រេច មិនបាច់គិតដដែលៗទេ។
ឈប់សិន! មិនទាន់ចប់ទេ, សញ្ញានៃការញៀនលុយ មិនមែនសុទ្ធតែស្តែងចេញមកច្បាស់ៗដូចខាងលើទេ នៅមាន២សញ្ញាទៀតដែលបង្កប់ ហើយប្រហែលជាមានតែម្ចាស់ខ្លួនផ្ទាល់ទេដែលដឹង៖
១. លាក់បាំងពីការចំណាយ ព្រោះខ្មាស់ ខ្លាចគេពេបជ្រាយ៖ ចំណុចនេះយើងមិនរាប់បញ្ចូលអ្នកដែលលាក់ការសម្ងាត់ព្រោះមិនចង់អោយគេដឹងពីជិវិតផ្ទាល់ខ្លួនទេ តែយើងចង់និយាយពីអ្នកដែលលាក់ព្រោះខ្មាស់គេ ខ្លាចគេថាបែបនេះ បែបនោះ។ ជាឧទាហរណ៍ អ្នកខ្លះចំណាយច្រើនជ្រុលលើរបស់មិនបានការ ហើយពុំហ៊ានប្រាប់អ្នកដ៏ទៃឡើយ សូម្បីតែគ្រួសារឬប្តីប្រពន្ធ ឬ កុហកគេពីតម្លៃនៃរបស់ដែលបានទិញ ព្រោះខ្លាចគេថាខ្លួនមិនចេះរៀបចំការចំណាយឬខ្ជះខ្ជាយជាដើម។
២. មិនអាចគ្រប់គ្រងលុយបាន៖ បើអ្នកមិនអាចប្តូរទម្លាប់ចំណាយអាក្រក់បាន មិនថាអ្នកចង់យ៉ាងណាក៏ដោយ អ្នកអាចនឹងកំពុងតែញៀននឹងលុយហើយ។ ឧទាហរណ៍ ដំបូងថាទៅផ្សារទិញអាវ១ តែមកផ្ទះវិញបានអាវ៥ ខោ១ ជាដើម។ ពេលខ្លះទោះជាមានអ្វីមិនល្អកើតឡើងដោយសារការចំណាយខុសខ្ទង់ ក៏អ្នកមិនអាចកែបានដែរ។
ការញៀនលុយ ក៏ស្រដៀងនឹងការញៀនអ្វីផ្សេងផងដែរ អ្នកត្រូវតែមានការតាំងចិត្តខ្ពស់ ព្រមទាំង រកនណាម្នាក់ដែលទុកចិត្តអោយជួយផងដែរ។ បើមិនហ៊ានប្រាក់គេថាទិញអីខ្លះ អាចកត់លើសៀវភៅ ហើយអានឡើងវិញ ព្រោះពេលដែលយើងប្រឈមមុខនឹងការចំណាយមិនល្អ ធ្វើអោយយើងរអៀសខ្លួននឹងព្យាយាមកែ។ មួយវិញទៀត ពេលទៅទិញអ្វីមួយគួរនាំអ្នកណាមួយទៅជាមួយអោយនាំអ្នកចេញមកវិញភ្លាមពេលទិញរបស់ដែលត្រូវទិញហើយ។ នៅមានទៀត បើញៀនទិញទំនិញអនឡាញ អ្នកប្រហែលល្មម unlike page និង hide post ទាក់ទងនឹងរបស់ដែលចូលចិត្តទិញចោលហើយ!
ខ្លឹមសារទាំងស្រុងពី៖ CamboFinance