ផ្ទុះកូវីដជាសហគមន៍ ក្នុងមន្ទីរឃុំឃាំងមួយនៅសេអ៊ូល ដែលមានអ្នកទោស និងបុគ្គលិកដល់ជិត ៨០០នាក់ហើយ រកឃើញវិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់

កូរ៉េខាងត្បូង៖ ករណីផ្ទុះឡើងនៃជំងឺកូវីដ-១៩ ជាប់ពាក់ព័ន្ធនឹងពន្ធនាគារមួយកន្លែងនៅក្នុងទីក្រុងសេអ៊ូល បានបន្តកើនឡើងយ៉ាងរហ័ស ឥឡូវនេះឡើងដល់រាប់រយករណីហើយ ខណៈដែលអ្នកទោសម្នាក់ដែលបានឆ្លងកូវីដ-១៩នោះ បានបាត់បង់ជីវិត នេះបើតាមការបញ្ជាក់របស់អជ្ញាធរកូរ៉េខាងត្បូងនៅរសៀលថ្ងៃអង្គារម្សិលមិញ តាមការរាយការណ៍នៅក្នុងសារព័ត៌មាន Yonhap News។

មជ្ឈមណ្ឌលឃុំឃាំងដុងប៊ូ (Dongbu Detention Center) បានរកឃើញករណីវិជ្ជមានកូវីដក្នុងចំណោមអ្នកទោសជាប់ឃុំឃាំងដល់ទៅ២៣៣នាក់បន្ថែមទៀតនៅថ្ងៃចន្ទ ក្រោយពីធ្វើតេស្តកូរ៉ូណាក្នុងចំណោមមនុស្ស១៦៨៩នាក់ហើយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍នេះ ជាការធ្វើតេស្តទ្រង់ទ្រាយធំលើកទីបីក្នុងទីតាំងនេះ។ ដូចនេះ ចំនួនករណីដែលរកឃើញវិជ្ជមានចេញពីមន្ទីរឃុំឃាំងនេះកើនដល់៧៦២នាក់ហើយ ដែលរួមមានទាំងអ្នកទោសភាគច្រើន បុគ្គលិក ក្រុមគ្រួសារ និងអ្នកស្គាល់គ្នាបន្តៗជាដើម។

ចំពោះករណីវិជ្ជមានផ្ទុះចេញនៅក្នុងមន្ទីរឃុំឃាំងនេះ អ្នកទោសដែលវិជ្ជមានហើយមានស្ថានភាពជំងឺស្រាលនឹងត្រូវស្នាក់នៅក្នុងទីតាំងក្នុងអាគារនោះដែលអជ្ញាធររៀបចំឱ្យដាច់ដោយឡែកពីអ្នកដែលគ្មានស្ថានភាពវិជ្ជមាន ហើយចំណែកអ្នកដែលមានស្ថានភាពជំងឺធ្ងន់ធ្ងរ ត្រូវបញ្ជូនបន្តទៅមន្ទីរពេទ្យដើម្បីព្យាបាល នេះបើតាមការបញ្ជាក់របស់ក្រសួងយុត្តិធម៌កូរ៉េខាងត្បូង។

ក្នុងនោះដែរ អ្នកជំងឺម្នាក់ដែលជាអ្នកទោស បានបាត់បង់ជីវិតកាលពីថ្ងៃអាទិត្យកន្លងទៅ នៅពេលដែលកំពុងទទួលការព្យាបាល ដោយសារតែអាការៈជំងឺកូវីដវិវត្តដល់ស្ថានការណ៍ធ្ងន់ធ្ងរ និងមានបញ្ហាសុខភាពផ្ទាល់ខ្លួនពីមុនមក។ ចំណែកឯអ្នកទោសចំនួន ១៦ នាក់ក្នុងចំណោមអ្នកទោស៨៥នាក់ ដែលត្រូវបានផ្ទេរពីពន្ធនាគារខាងលើ ទៅពន្ធនាគារមួយផ្សេងទៀត ត្រូវបានរកឃើញថាវិជ្ជមានកូវីដ-១៩ ក្រោយពីការធ្វើតេស្តលើកដំបូងបង្ហាញថាអវិជ្ជមាន។ អ្នកទោសដែលបញ្ជូនទៅពន្ធនាគារថ្មីនោះ នឹងត្រូវដាក់ឱ្យនៅដោយឡែកពីគេសិន ដើម្បីបង្ការការចម្លងទៅកាន់អ្នកទោសដទៃទៀត។

កាលពីថ្ងៃចន្ទដើមសប្តាហ៍ អជ្ញាធរកូរ៉េខាងត្បូង ក្នុងការឆ្លើយតបទៅនឹងព្រឹត្តិការណ៍នេះ បានរៀបចំទីតាំងមណ្ឌលកែប្រែមួយកន្លែងនៅប្រមាណជាង៣០០គីឡូមែ៉ត្រពីទីក្រុងសេអ៊ូល ដើម្បីទទួលដាក់អ្នកទោសប្រមាណ៣៤៥នាក់ ដែលរកឃើញវិជ្ជមានជំងឺកូវីដ-១៩ពីទីតាំងខាងលើ ហើយមានស្ថានភាពជំងឺស្រាល ឬមិនមានអាការៈណាមួយគួរឱ្យបារម្ភខ្លាំងនោះទេ។

យ៉ាងណាមិញ ក្នុងករណីនេះ មានមតិរិះគន់ពីសំណាក់អ្នកទោសចំពោះការចាត់វិធានការនានារបស់អជ្ញាធរ ជាពិសេសក្រសួងយុត្តិធម៌ ដោយសារក្នុងកាលៈទេសៈបែបនេះ ក៏ក្នុងបន្ទប់ឃុំឃាំងនីមួយៗគេដាក់អ្នកទោសដែលរកឃើញវិជ្ជមានកូវីដ-១៩ ដល់ទៅ៨នាក់ឯណោះឱ្យនៅព្យាបាលជុំគ្នា ហើយអជ្ញាធរហាក់ធ្វើការរារាំងមិនឱ្យមានការផ្ញើលិខិតចេញពីក្នុងគុក​មកខាងក្រៅនោះទេ។

អ្នកជំនាញបានលើកឡើងថា ស្ថានការណ៍នៃភាពណែនណាន់តាន់តាប់របស់មណ្ឌលឃុំឃាំងនីមួយ អាចនឹងធ្វើឱ្យករណីឆ្លងកូវីដក្នុងចំណោមអ្នកទោសបន្តកើនឡើងថែមទៀត ប៉ុន្តែទោះជាយ៉ាងណាលទ្ធភាពនៃការចម្លងចេញទៅសហគមន៍ខាងក្រៅមានកម្រិតទាប។

Leave a Reply

Your email address will not be published. Required fields are marked *