ប្រធានាធិបតីកូរ៉េខាងត្បូង ចរចាផ្ទាល់ជាមួយក្រុមហ៊ុន Moderna ព្រមព្រៀងគ្នាលើវ៉ាក់សាំងកូវីដ ២០លានដូស ដែលនឹងមកដល់នូវត្រីមាសទី២ ឆ្នាំ២០២១ខាងមុខ

កូរ៉េខាងត្បូង៖ ក្រុមហ៊ុនផលិតវ៉ាក់សាំង Moderna បានចរចាព្រមព្រៀងជាមួយរដ្ឋាភិបាលកូរ៉េ ក្នុងការផ្តល់វ៉ាក់សាំងកូវីដ-១៩ចំនួន ២០លានដូស ដល់ប្រទេសកូរ៉េខាងត្បូងនៅក្នុងត្រីមាសទី២ នាឆ្នាំ២០២១ខាងមុខ នេះបើតាមការប្រកាសដោយវិមានប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ និងរាយការណ៍ដោយសារព័ត៌មាន Yonhap News។

កិច្ចព្រមព្រៀងផ្គត់ផ្គង់វ៉ាក់សាំងដ៏សំខាន់នេះ ត្រូវបានសម្រេចព្រមព្រៀងតាមរយៈកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Moderna ផ្ទាល់កាលពីថ្ងៃចន្ទម្សិលមិញ នេះបើតាមការបញ្ជាក់ពីវិមានប្រធានាធិបតី។ ចំនួនព្រមព្រៀងនៃការផ្គត់ផ្គង់វ៉ាក់សំាងកូវីដដល់ទៅ២០លានដូសនេះ គឹកើនឡើងទ្វេដងទៅនឹងចំនួនរំពឹងដែលភាគីទាំងពីរចាប់ផ្តើមចរចាគ្នាដំបូង រីឯរយៈពេលនៃការផ្គត់ផ្គង់ក៏ត្រូវបានពន្លឿនបន្ថែមផងដែរ ដោយតាមរយៈការចរចាដំបូង គេរំពឹងថានឹងទទួលបានវ៉ាក់សាំងដ៏សំខាន់នេះនៅត្រីមាសទី៣ នាឆ្នាំ២០២១ឯណោះ។

ប្រធានាធិបតី មូន បានបញ្ជាក់ប្រាប់ទៅភាគីក្រុមហ៊ុន Moderna ផងដែរថា រដ្ឋាភិបាលកូរ៉េគ្រោងនឹងសម្រេចកិច្ចព្រមព្រៀងផ្លូវការឱ្យបានរួចរាល់ក្នុងប៉ុន្មានថ្ងៃនៅសល់នាឆ្នាំ២០២០នេះ។

ថ្មីៗនេះ បញ្ហាវ៉ាក់សាំងកូវីដ-១៩ បានបន្តក្លាយជាបញ្ហាក្តៅថ្មីសម្រាប់ប្រទេសកូរ៉េខាងត្បូង ហើយថ្នាក់ដឹកនាំកំពូលកូរ៉េខាងត្បូងកំពុងបន្តពន្លឿនដំណើរការនៃការចរចា និងពេលវេលាអនុញ្ញាត និងផ្តល់អជ្ញាប័ណ្ណដល់វ៉ាក់សាំងកូវីដនេះ ដើម្បីអាចផ្តល់ជូនប្រជាជនខ្លួនបានកាន់តែឆាប់ កាន់តែប្រសើរ ខណៈដែលស្ថានការណ៍កូវីដ-១៩នៅក្នុងប្រទេសកូរ៉េនះ កំពុងបន្តកើនឡើង ហើយសម្ពាធលើវិស័យសុខាភិបាលក៏មានកាន់តែច្រើនឡើងៗផងដែរ ក្នុងរដូវត្រជាក់ខ្លាំងនេះ។

សូមបញ្ជាក់ថា កូរ៉េខាងត្បូងនឹងទទួលបានវ៉ាក់សាំងកូវីដ សម្រាប់មនុស្ស៥៦លាននាក់ ប្រសិនបើកិច្ចព្រមព្រៀងថ្មីនេះទទួលបានផ្លែផ្កា បើតាមការបញ្ជាក់របស់វិមានប្រធានាធិបតីកូរ៉េខាងត្បូង។

Leave a Reply

Your email address will not be published. Required fields are marked *