កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងដាក់ចេញបទបញ្ជាថ្មី ប្រកាសបន្ថែមរយៈពេលក្នុងការផ្អាកជើងហោះហើរទាំងឡាយមកពីប្រទេសអង់គ្លេស ក្រោយប្រទេសកូរ៉េទើបនឹងរកឃើញករណីវិជ្ជមានកូវីដ-១៩ ដែលជាប្រភេទមេរោគបម្លែងខ្លួនថ្មី តាមរយៈអ្នកធ្វើដំណើរមកពីប្រទេសអង់គ្លេស នេះបើតាមការរាយការណ៍ក្នុងសារព័ត៌មាន Yonhap News។
បទបញ្ជាថ្មីនេះនឹងតម្រូវឱ្យមានការផ្អាកទទួលជើងហោះហើរពីប្រទេសអង់គ្លេស មួយសប្តាហ៍បន្ថែមទៀតលើបម្រាមដែលមានស្រាប់ត្រឹមចុងឆ្នាំ២០០២ខាងមុខនោះ។ តាមរយៈបម្រាបថ្មី កូរ៉េខាងត្បូងនឹងផ្អាកទទួលជើងហោះហើរពីអង់គ្លេសរហូតដល់សប្តាហ៍ទី១ នៃឆ្នាំ២០២១ខាងមុខ។ ការដាក់ចេញវិធានការបន្ថែមនេះ គឺដោយសារកូរ៉េខាងត្បូងនៅព្រឹកថ្ងៃចន្ទនេះបានបញ្ជាក់ពីការរកឃើញករណីដំបូងបង្អស់នៃមេរោគបម្លែងខ្លួនថ្មីនេះ ពីអ្នកជំងឺដែលមកពីប្រទេសអង់គ្លេស។
បើតាមការស្រាវជ្រាវរបស់អ្នកជំនាញ មេរោគកូរ៉ូណាប្រភេទថ្មីនេះ អាចមានសមត្ថភាពឆ្លងបានលឿនជាងមេរោគកូរ៉ូណាចាស់ដែលបានវាយប្រហារទូទាំងសកលលោកពេញមួយឆ្នំា២០២០នេះ ដល់ទៅជាង៧០%ឯណោះ។ មេរោគប្រភេទបម្លែងខ្លួនថ្មីនេះ ត្រូវបានគេរកឃើញដំបូងតាំងពីខែកញ្ញា ឆ្នាំ២០២០ នៅក្នុងទីក្រុងឡុនដុន។
គិតមកដល់បច្ចុប្បន្ននេះ មានប្រទេសដល់ជាង៥០ហើយ រួមមានអាឡឺម៉ង់ អ៊ីតាលី ឥណ្ឌា ហុងកុង និងប្រទេសដទៃទៀតដែលបានប្រកាសពីការផ្អាកជើងហោះហើរមកពីប្រទេសអង់គ្លេស ដោយបារម្ភលើបញ្ហានៃប្រភេទមេរោគថ្មីនេះ។ ទោះជាយ៉ាងណា បញ្ហាប្រឈមដែលអជ្ញាធរសុខាភិបាលកូរ៉េបារម្ភនោះគឺ អ្នកហោះហើរដែលមកតាមជើងហោះហើរពីប្រទេសដទៃទៀត តែបានឆ្លងកាត់ប្រទេសអង់គ្លេស។