រដ្ឋាភិបាលកូរ៉េ ត្រៀមសម្រួលនីតិវិធីអនុញ្ញាត និងផ្តល់អជ្ញាប័ណ្ណវ៉ាក់សាំងកូវីដ-១៩ ដើម្បីអាចឱ្យវ៉ាក់សាំងអាចចែកជូនប្រជាជនបានឆាប់រហ័សខាងមុខ

កូរ៉េខាងត្បូង៖ អជ្ញាធរកូរ៉េប្រកាសនៅថ្ងៃអាទិត្យនេះថា នឹងសម្រួលនីតិវិធីចាំបាច់ដើម្បីធានាអនុញ្ញាតឱ្យដំណើរការផ្តល់ និងទទួលវ៉ាក់សាំងកូវីដ-១៩ អាចចាប់ផ្តើមបានក្នុងរយៈពេលដ៏ខ្លីខាងមុខ ឆ្លើយតបទៅនឹងតម្រូវការកាន់តែខ្លាំងខណៈដែលករណីថ្មីនៃជំងឺកូវីដ-១៩ បន្តវាយលុកយ៉ាងខ្លាំង នេះបើតាមការរាយការណ៍របស់សារព័ត៌មាន Yonhap News។

ការប្រកាសនេះធ្វើឡើងដោយនិយ័តករថ្នាំពេទ្យរបស់កូរ៉េខាងត្បូង ដែលជាអង្គភាពផ្តល់អជ្ញាប័ណ្ណដល់វ៉ាក់សាំង ឬថ្នាំពេទ្យថ្មីដើម្បីអាចប្រើប្រាស់បានក្នុងប្រទេសកូរ៉េ។ និយ័តករថ្នាំពេទ្យកូរ៉េបានលើកឡើងថា នឹងព្យាយាមកាត់បន្ថយនីតិវិធីនៃការត្រួតពិនិត្យ និងផ្តល់អជ្ញាប័ណ្ណសម្រាប់វ៉ាក់សាំងកូវីដ-១៩ ឱ្យមកនៅត្រឹមតែ៤០ថ្ងៃវិញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់សម្រាប់វ៉ាក់សាំងនេះ។ ជានីតិវិធីទូទៅ និយ័តករត្រូវការប្រើប្រាស់រយៈពេលប្រហែលដល់ ១៨០ថ្ងៃ ក្នុងការពិនិត្យ និងផ្តល់អជ្ញាប័ណ្ណដល់ថ្នាំពេទ្យ ឬវ៉ាក់សាំងថ្មី។

សូមបញ្ជាក់ថា នៅក្នុងប្រទេសកូរ៉េខាងត្បូង វា៉ក់សាំង ឬថ្នាំពេទ្យថ្មីបន្ទាប់ពីទទួលបានអជ្ញាប័ណ្ណហើយ ត្រូវទទួលបានការអនុញ្ញាតភ្លើងខៀវមួយដំណាក់កាលផ្សេងទៀត ទើបអាចដាក់ឱ្យដំណើរការក្នុងទីផ្សារវេជ្ជសាស្រ្តបាននៅក្នុងប្រទេសកូរ៉េខាងត្បូង។ ជាទូទៅដំណាក់កាលអនុញ្ញាតឱ្យដំណើរការនេះ ត្រូវការរយៈពេល២ ទៅ៣ខែបន្ថែមទៀត តែអជ្ញាធរគ្រោងនឹងកាត់បន្ថយនីតិវីធីនេះឱ្យមកខ្លីត្រឹមតែ២០ថ្ងៃវិញប៉ុណ្ណោះ។

កាលពីសប្តាហ៍នេះ រដ្ឋាភិបាលបានបញ្ជាក់ថាខ្លួនបានចុះកុងត្រាបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ ពីក្រុមហ៊ុនផលិតវ៉ាក់សាំងពីរទៀតគឺក្រុមហ៊ុន Pfizer និងក្រុមហ៊ុន Johnson & Johnson’s Janssen សម្រាប់ផ្តល់ជូនប្រជាជនចំនួន១៦លាននាក់បន្ថែមទៀត។ កាលពីសប្តាហ៍កន្លងទៅ រដ្ឋាភិបាលកូរ៉េក៏បានបញ្ជាទិញវ៉ាក់សាំងពីក្រុមហ៊ុន AstraZeneca របស់អង់គ្លេសរួចរាល់ផងដែរ។

ចំនួនតួលេខនៃជំងឺកូវីដ-១៩ថ្មីនៅថ្ងៃអាទិត្យនេះ កើនដល់៩៧០ករណី ដែលនាំឱ្យករណីសរុបមានចំនួន៥៦៨៧២ករណីហើយ នេះបើតាមតួលេខពីមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េ។

Leave a Reply

Your email address will not be published. Required fields are marked *