ក្រុមការងារស្ថានទូត បន្តធ្វើការជាមួយប៉ូលីស និងគ្រូពេទ្យកូរ៉េ លើករណីសពពលការិនី នួន សុខខេង និងជាមួយថៅកែដើម្បីសម្រួលបូជាសព នៅថ្ងៃចន្ទស្អែកនេះ

ផូឆុន កូរ៉េខាងត្បូង៖ ក្រុមអនុព័ន្ធការងារ អមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចុះមកដល់ស្ថានីយ៍ប៉ូលីស និងមន្ទីពេទ្យនៅទីក្រុងផូឆុន ដើម្បីពិនិត្យមើលរបាយការណ៍ និងការកោសល្យវិច្ច័យក្នុងករណីសពពលការិនី នួន សុខខេង ដែលបានស្លាប់កាលពីថ្ងៃទី ២០ ខែធ្នូឆ្នាំ២០២០ បើតាមការបង្ហោះរបស់ទំព័រហ្វេសប៊ុកស្ថានទូតកម្ពុជាប្រចាំកូរ៉េនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នេះ។

តាមការបញ្ជាក់ បច្ចុប្បន្ននេះ ប៉ូលីសកំពុងតែបន្តការស៊ឺបសួរបន្ថែមពីអ្នកដែលពាក់ពន្ធ័ ចំណែកលទ្ធផលនៃកោសល្យវិច្ច័យនឹងចប់សព្វគ្រប់នៅពេលឆាប់ៗនេះ។ កន្លងមក ក្រុមការងារស្ថានទូតបានសហការជាមួយអាជ្ញាធរកូរ៉េ ដើម្បីផ្ទៀងផ្ទាត់ និងពិនិត្យមើលរបាយការណ៍ ក៏ដូចជារូបថតនៃស្ថានភាពស្លាប់របស់ពលការិនីក្នុងករណីនេះ យ៉ាងយកចិត្តទុកដាក់ និងសុក្រឹត្យជាទីបំផុត។ ក្នុងនោះដែរ ក្រុមការងារបានពិភាក្សាជាមួយលោកថៅកែអំពីការចំណាយក្នុងការបូជាសព ការកក់កន្លែងបូជាសព នឹងជួយសម្របសម្រួលរៀបចំឯកសារតាមនីតិវិធីបច្ចេកទេស ដើម្បីបូជាសពជូនពលការិនីខាងលើ នៅថ្ងៃចន្ទ័ទី២៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១១ព្រឹក តំបន់សងណាំ។

ក្រុមការងារស្ថានទូតបានបញ្ជាក់ថា ក្រុមគ្រួសារ និងសាច់ញាតិនៃសពបានស្នើសុំឱ្យសាធារណជនទាំងអស់ មេត្តា កុំបង្កើតជាបញ្ហា និងចលាចលទៅដល់ក្រុមការងារ និងអាជ្ញាធរកូរ៉េដែលកំពុងអនុវត្តបន្តនីតិវិធីផ្លូវច្បាប់នានា ដើម្បីជួយគ្រួសារសពអស់ពីលទ្ធភាពកន្លងមក ហើយបានស្នើសូមឱ្យសាធារណជនទាំងអស់មេត្តាទុកចិត្តស្ថានទូត និងរក្សាភាពស្ងប់ស្ងាត់ ដើម្បីឱ្យកូនរបស់គាត់ចែកឋានដោយភាពស្ងប់សុខផង។

ស្ថានទូតក៏បានថ្លែងអំណរគុណដល់ប្អូនស្រីសូជីន ដែលបានជួយបកប្រែជូនក្រុមការងារស្ថានទូត អរគុណដល់ប្អូនៗពលការិនីដែលបានសហការជួយផ្តល់ពត៌មាននិងការពិតដល់ស្ថានទូត និងប៉ូលីសកូរ៉េ ហើយក៏សូមអរគុណដល់លោកថៅកែបានសហការជួយក្នុងការចាត់ចែងបូជាសពនិងជួយចេញថ្លៃចំណាយផ្សេងៗក្នុងការបូជាសពផងដែរ។


  

Leave a Reply

Your email address will not be published. Required fields are marked *