កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មានពលករថៃ៣២នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩នៅក្នុងប្រទេសកូរ៉េខាងត្បូង ខណៈដែលសំណាករបស់ពលករថៃ២៨នាក់ កំពុងរង់ចាំលទ្ធផលនៅឡើយ នេះបើតាមការរាយការណ៍របស់ក្រសួងការបរទេសថៃ នៅក្នុងសារព័ត៌មាន Bangkok Post។
បើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសថៃ អជ្ញាធរកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បត្តិ៍បានរកឃើញពលករថៃចំនួន៣២វិជ្ជមានជំងឺកូវីដ-១៩ ហើយស្ថានទូតថៃនៅប្រទេសកូរ៉េកំពុងធ្វើការទាក់ទងជាមួយនឹងអ្នកវិជ្ជមានទាំងនោះ ដើម្បីផ្តល់ជាជំនួយ និងការសម្របសម្រួលផ្សេងៗ។ ករណីដំបូងបង្អស់គឺចេញពីពលករថៃម្នាក់ធ្វើការនៅក្នុងក្រុមហ៊ុនផលិតម្ហូបអាហារមួយ ដែលក្រោយមកបានទៅហាងថៃមួយដែលមានពលករថៃជាច្រើនទៀតទៅដែរ នៅតំបន់ឆន់ណាន់។ អ្នកជំងឺដំបូងគេនេះ បានចេញរោគសញ្ញានៅថ្ងៃពុធ ហើយបានទៅមានទំនាក់ទំនងផ្ទាល់ជាមួយនឹងពលករថៃដទៃទៀតដល់ទៅ៩០នាក់ ដែលនៅក្នុងតំបន់នោះ។
អ្នកនាំពាក្យបានបន្តទៀតថា ក្នុងចំណោមអ្នកពាក់ព័ន្ធទាំង៩០នាក់ ៣១នាក់ត្រូវបានរកឃើញថាវិជ្ជមានកូវីដ-១៩ ខណៈដែល៣១ទៀតមិនរកឃើញវិជ្ជមាន ខណៈដែល២៨នាក់ទៀតកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តសិន។ ក្រៅពីនោះទៀត គាត់ក៏បានបញ្ជាក់ថាអជ្ញាធរកូរ៉េជំរុញឱ្យពលករថៃគ្រប់រូបនៅក្នុងតំបន់នោះទៅធ្វើតេស្តរកកូវីដ-១៩ ទាំងអស់ ទាំងពលករដែលខុសច្បាប់មិនមានឯកសារត្រឹមត្រូវផងដែរ។ ក្នុងនោះដែរ អ្នកធ្វើការជាមួយនឹងអ្នកជំងឺកូវីដដំបូងគេនោះជាង២៣០នាក់ ក៏បានធ្វើតេស្តផងដែរ តែ១០៤នាក់ត្រូវរកឃើញថាមិនមានឆ្លងនោះទេ ខណៈដែលអ្នកដទៃទៀតកំពុងរង់ចាំលទ្ធផល។
សូមបញ្ជាក់ថា នៅតំបន់ឆូណានមានពលករថៃជាង១០០០នាក់ ធ្វើការនៅទីនោះ ហើយអជ្ញាធរកំពុងបន្តធ្វើតេស្តជូនដល់ពលករថៃទាំងអស់នៅក្នុងតំបន់នោះ បើតាមការរាយការណ៍របស់សារព័ត៌មានដដែលនេះ ដែលរួមបញ្ចូលទាំងពលករខុសច្បាប់ផងដែរ ដោយអជ្ញាធរមិនតម្រូវឱ្យមានឯកសារ និងបង្ហាញព័ត៌មានអ្វីនោះទេ ដើម្បីជម្រុញឱ្យពលករទាំងអស់បានធ្វើតេស្តកាត់បន្ថយហានិភ័យនៃជំងឺកូវីដជាសហគមន៍កាន់តែធំឡើង។
យ៉ាងណាមិញ ព័ត៌មានក្រៅផ្លូវការជាច្រើនពីប្រភពក្នុងស្រុកកូរ៉េ បានបញ្ជាក់ថាចំនួននៃករណីឆ្លងជាសហគមន៍ពលករថៃនេះកើនដល់ ៤៩ នាក់ហើយដែលមានប្រភពចេញពីហាងលក់គ្រឿងទេសនៅក្នុងទីក្រុងឆន់ណាន់នេះ ប៉ុន្តែព័ត៌មានផ្លូវការមិនទាន់ត្រូវបានផ្តល់នោះទេ។
ចំពោះបងប្អូនខ្មែរយើងនៅក្នុងតំបន់ឆូណាន សូមប្រុងប្រយ័ត្នចំពោះទំនាក់ទំនងជាមួយនឹងពលករបរទេស ជាពិសេសពលករថៃផងក្នុងកាលៈទេសៈដ៏លំបាកនេះ។