ខែត្រជាក់ ប្រយ័ត្នសុខភាពផង!! ស្ថានទូតកម្ពុជា ចេញសេចក្តីណែនាំដល់ពលរដ្ឋខ្មែរនៅកូរ៉េ អំពីការការពារ និងទប់ស្កាត់ជំងឺគាំងបេះដូង ក្នុងរដូវត្រជាក់ខ្លាំងនេះ

កូរ៉េខាងត្បូង៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចែករំលែកនូវព័ត៌មានដ៏មានសារៈសំខាន់គួរយល់ដឹងអំពីជំងឺគាំងបេះដូង ដែលជាជំងឺមានហានិភ័យខ្ពស់ជាពិសេសក្នុងរដូវត្រជាក់ខ្លាំងនៅលើទឹកដីកូរ៉េខាងត្បូងនេះ។ ការចែករំលែកនេះមានគោលបំណងលើកកម្ពស់សុខមាលភាព ក៏ដូចជាការការពារ និងទប់ស្កាត់នូវហានិភ័យផ្សេងៗ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតដ៏មានតម្លៃរបស់ប្រជាពលរដ្ឋខ្មែរ។

សូមអានខ្លឹមសារទាំងស្រុងនៃសេចក្តីជូនដំណឹងនេះ៖
1-អ្វីទៅជាជំងឺគាំបេះដូង?
ជំងឺគាំងបេះដូង ជាជំងឺមួយប្រភេទដែលពិភពលោកទាំងមូលមានការយកចិត្តទុកដាក់ខ្លាំង ជំងឺគាំងបេះដូង អាចហៅម្យ៉ាងទៀតស្ទះសរសៃឈាមបេះដូងកើតឡើងទៅលើមនុស្សចាស់ ហើយក៏សង្កេតឃើញមានកើតឡើងលើមនុស្សមានវ័យក្មេងផងដែរ ជាពិសេសក្នុងរដូវរងា។

2-រោគសញ្ញានៃជំងឺគាំងបេះដូង
– ចុកទ្រូង
– ថប់ៗដង្ហើម ឬពិបាកដកដង្ហើម
– ក្អួតចង្អោរ ហាក់ដូចជាពុលចំណីអាហារ
– រោយកញ្ចឹងក ខ្នង និងថ្គាម
– ចុកដៃ ស្មា និងពោះ។

3-វិធីបង្ការជំងឺ
– កុំពិសារគ្រឿងស្រវឹង និងបារី លើសកំណត់
– បរិភោគអារហារឱ្យបានទៀតទាត់ និងបរិភោគអាហារដែលមានជីវជាតិចិញ្ចឹមសារពាង្គកាយគ្រប់គ្រាន់
– ធ្វើលំហាត់ប្រាណឱ្យបានទៀតទាត់ និងរក្សាទម្ងន់កុំឱ្យធាត់ពេក
– សម្រាកឱ្យបានគ្រប់គ្រាន់
– ត្រូវរក្សាបរិមាណជាតិស្ករ និងកូលេស្ដេរ៉ូល(សារធាតុខ្លាញ់នៅក្នុងឈាម) ឱ្យមានលំនឹង
– រក្សាសម្ពាធឈាមឱ្យឋិតនៅកម្រិតធម្មតា (ពី១២០ទៅ១២៩ ដែលគេនិយមហៅថាឈាមត្រឹម១២)
– ជៀសវាងធ្វើឱ្យមានអារម្មណ៍ធុញថប់ ឬស្រេ្តស និងត្រូវចេះគ្រប់គ្រងលើបញ្ហាទាំងនេះ
– ត្រូវត្រួតពិនិត្យសុខភាពឱ្យបានជាប្រចាំរៀងរាល់ ៦ខែម្ដង។

4-វិធីសង្រ្គោះបឋមសម្រាប់អ្នកជំងឺគាំងបេះដូង
– ត្រូវដាក់អ្នកជំងឺសម្រាកឱ្យបានស្រួល
– ត្រូវទាក់ទងទៅផ្នែកសង្រ្គោះបន្ទាន់(ហៅទូរស័ព្ទ) ១១៩
– ត្រូវបន្ធូរសម្លៀកបំពាក់កុំឱ្យតឹងពេកតាមដែលអាចធ្វើឱ្យអ្នកជំងឺពិបាកដកដង្ហើម
– ប្រើថ្នាំដែលអ្នកជម្ងឺប្រើជាប្រចាំបើសិនជាមាន
– ត្រូវសង្កត់ដើមទ្រូងរបស់អ្នកជំងឺ ដោយដាក់ប្រអប់ដៃនៅលើទ្រូង ហើយសង្កត់ចុះ (សង្កត់ទ្រូង១៥ដង និងត្រូវផ្លុំខ្យល់ចូលមាត់ ២ដង តាមរបៀបCPR) ហើយត្រូវបន្ដធ្វើរហូតដល់គ្រូពេទ្យសង្រ្គោះបន្ទាន់មកដល់។

អាស្រ័យដូចបានជម្រាបជូនខាងលើ ស្ថានឯកអគ្គរាជទូតសូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់មេត្តាយកចិត្តទុកដាក់ឱ្យបានខ្ពស់លើការថែរក្សាសុខភាព និងចូលរួមអនុវត្ត និងជួយផ្សព្វផ្សាយអំពីការថែទាំសុខភាពឱ្យបានទូលំទូលាយជាមួយនឹងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ៕

Leave a Reply

Your email address will not be published. Required fields are marked *