ក្រសួងការងារកូរ៉េ និងអភិបាលខេត្តក្យង់គីដូ ថ្លែងអភ័យទោសដល់គ្រួសារពលការិនីខ្មែរ និងហាមមិនឱ្យមានពលកររស់នៅក្នុងស្ថានភាពអាក្រក់បែបនេះទៀត

កូរ៉េខាងត្បូង៖ ក្រសួងការងារកូរ៉េ និងលោកអភិបាលខេត្តក្យង់គីដូបានចេញសេចក្តីថ្លែងការណ៍សូមអភ័យទោសចំពោះក្រុមគ្រួសារសពពលការិនីខ្មែរ នួន សុខខេង ដែលបានបាត់បង់ជីវិតនៅកន្លែងស្នាក់នៅរបស់ខ្លួន ដែលជាប្រភេទខ្ទមគ្របស្បោងផ្លាស្ទិក (ប្រភេទផ្ទះដាំដំណាំ) កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ ក្រសួងការងារកូរ៉េ និងលោកអភិបាលខេត្តបានបញ្ជាក់ថា បើទោះបីជាការធ្វើកោសល្យវិច្ច័យលើសាកសពពលការិនីខាងលើបង្ហាញថាមូលហេតុនៃការបាត់បង់ជីវិតដោយសារតែជំងឺផ្ទាល់ខ្លួនក៏ដោយ ប៉ុន្តែការដែលឱ្យមនុស្សរស់នៅក្នុងខ្ទមគ្របស្បោងផ្លាស្ទិក (ប្រភេទផ្ទះដាំដំណាំ) គឺពិតជាមិនអាចទទួលយកបានទេនៅក្នុងសង្គមស៊ីវីល័យដូចជាប្រទេសកូរ៉េខាងត្បូង។

ក្រសួងការងារ និងអភិបាលខេត្តបានចេញបំរាមដាច់ណាត់ ហាមឃាត់ម្ចាស់កសិដ្ឋាន និងនិយោជកដែលធ្វើខ្ទមគ្របស្បោងផ្លាស្ទិក បែបនេះដើម្បីឱ្យពលករស្នាក់នៅ។

សូមបញ្ជាក់ថា ប្អូនស្រី នួន សុខខេង ដែលជាពលការិនីខ្មែរបម្រើការក្នុងវិស័យកសិកម្ម បានបាត់បង់ជីវិតនៅក្នុងកន្លែងស្នាក់នៅខ្លួន ដែលជាប្រភេទខ្ទមគ្របស្បោងផ្លាស្ទិក (ប្រភេទផ្ទះដាំដំណាំ) ដែលនៅពេលនោះម៉ាស៊ីនកម្តៅក្នុងនោះក៏ខូច ស្របពេលដែលអាកាសធាតុនៅក្នុងតំបន់នោះចុះត្រជាក់ខ្លាំងដល់ជាង១០អង្សារក្រោមសូន្យឯណោះ។

Leave a Reply

Your email address will not be published. Required fields are marked *