ថ្ងៃគ្រីស្តម៉ាស់ កូរ៉េខាងត្បូងមានករណីកូវីដច្រើន បំបែកកំណត់ត្រាហើយ ខណៈរដ្ឋាភិបាលណែនាំឱ្យមានការផាកពិន័យអ្នកល្មើសគម្លាតសង្គមឱ្យតឹងរ៉ឹង

កូរ៉េខាងត្បូង៖ នៅព្រឹកថ្ងៃសុក្រក្នុងថ្ងៃបុណ្យគ្រីស្តម៉ាស់នេះ ករណីកូរ៉ូណាវិជ្ជមានរកឃើញថ្មីបំបែកកំណត់ត្រាជាថ្មីទៀតហើយនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយបានកើនដល់១២៤១ករណី នេះបើតាមការបញ្ជាក់ពីលោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង ឈុង សេឃ្យ៉ុន រាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

តាមការរាយការណ៍ក្នុងសារព័ត៌មាន Yobhap News នៅថ្ងៃសុក្រនេះ ចំនួនករណីវិជ្ជមានឆ្លងថ្មីដែលរកឃើញមាន១២៤១ករណី ដែលក្នុងនោះ១២១៦ករណីជាករណីឆ្លងក្នុងស្រុក ដែលនាំឱ្យករណីឆ្លងសរុបកើនដល់៥៤៧៧០ករណីហើយ បើតាមការរាយការណ៍របស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺកូរ៉េ។

ចំនួនឆ្លងដល់ច្រើនថ្មីនេះ បង្ហាញពីតួលេខដែលហក់ឡើងខ្ពស់ពីតួលេខកាលពីប៉ុន្មានថ្ងៃកន្លងទៅដែលស្ថិតនៅក្រោមពាន់ករណី។ បើតាមអជ្ញាធរ តួលេខកើនឡើងខ្លាំង ក៏ដោយសារតែមានការចម្លងតគ្នាពីក្នុងមណ្ឌលឃុំឃាំងមួយនៅក្នុងទីក្រុងសេអ៊ូល ដែលមានករណីវិជ្ជមានក្នុងនោះដល់ទៅ២៨៨ករណីថ្មីនៅថ្ងៃនេះ។

តំបន់ Myeongdeong នាល្ងាចមុនថ្ងៃគ្រីស្តម៉ាស់

ជារួម ទីក្រុងសេអ៊ូលមានករណីឆ្លងវិជ្ជមានថ្មីដល់ទៅ៥៥០ករណី ខណៈដែលខេត្តឃ្យ៉ុងគីមានករណីឆ្លង២៥៧ករណី​ និងក្រុងអ៊ីនឆន់ចំនួន៥៥ករណី។ ចំនួនករណីអ្នកជំងឺដែលមានអាការៈធ្ងន់ធ្ងរកើនដល់៣១១ករណី ខណៈដែលករណីបាត់បង់ជីវិតដោយសារកូវីដនៅថ្ងៃសុក្រនេះមានដល់១៧ករណីផងដែរ។

កូរ៉េខាងត្បូងបានដាក់ចេញនូវវិធានការបន្ថែមលើវិធានការគម្លាតសង្គមកម្រិត២.៥ នៅសេអ៊ូល និងតំបន់ជុំវិញ និងវិធានការបន្ថែមលើវិធានការគម្លាតសង្គមកម្រិត២ សម្រាប់តំបន់ដទៃទៀតទូទាំងប្រទេស ដោយតម្រូវឱ្យផ្អាកការជួបជុំដែលមានគ្នាចាប់ពី៥នាក់ឡើងទៅ (បានត្រឹមតែ៤នាក់ប៉ុណ្ណោះ) ហើយអ្នកដែលល្មើស រួមទាំងទីកន្លែងអាជីវកម្មណាដែលល្មើសនឹងបម្រាមនេះ នឹងត្រូវទទួលការផាកពិន័យធ្ងន់ធ្ងរផងដែរ អាចនឹងដល់៣លានវ៉ុន (ប្រមាណ២៧០០ដុល្លារ)។

ក្នុងនោះដែរ រដ្ឋាភិបាលបានដាក់បញ្ជាឱ្យបិទទីតាំងកំសាន្តដែលល្បីៗ និងមានប្រជាប្រិយជាពិសេសក្នុងរដូវកាលឆ្លងឆ្នាំ និងគ្រីស្តម៉ាស់នេះ​ដូចជាកន្លែងជិះស្គីទឹកកក រមណីយដ្ឋានផ្សេងៗ ទីកន្លែងមើលថ្ងៃលិច និងឧទ្យានជាតិជាដើម។

ថ្លែងនៅក្នុងកិច្ចប្រជុំសុខាភិបាលឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ លោកនាយករដ្ឋមន្ត្រីបានជំរុញឱ្យអជ្ញាធរសុខាភិបាល និងរដ្ឋបាលគ្រប់ខេត្ត ក្រុងទូទាំងប្រទេសកូរ៉េខាងត្បូង បន្តអនុវត្តឱ្យបានម៉ត់ចត់នូវបទបញ្ជា និងបម្រាមគម្លាតសង្គមដែលបានដាក់ចេញនៅក្នុងសប្តាហ៍នេះ ក្នុងគោលបំណងរឹតត្បិតសកម្មភាពជួបជុំដើម្បីកាត់បន្ថយអត្រាចម្លងនៃជំងឺកូវីដនេះ។ លោកនាយករដ្ឋមន្ត្រីបានបន្តរិះគន់សកម្មភាពអសកម្មមួយចំនួន ដូចជាការបន្តបើកទីតាំងភោជនីយដ្ឋានផឹកស៊ីក្រោយម៉ោង៩យប់ជាដើម ដែលសកម្មភាពទាំងនេះជាកត្តាធ្វើឱ្យវិធានការរដ្ឋាភិបាលមានការពិបាកក្នុងការអនុវត្តឱ្យមានប្រសិទ្ធភាព។

Leave a Reply

Your email address will not be published. Required fields are marked *