ព័ត៌មានចេញហើយ! ករណីពលការិនីខ្មែរ ដេកស្លាប់ក្នុងផ្ទះដែលម៉ាស៊ីនកម្តៅខូច សង្ស័យថាគាំងបេះដូងនោះ តាមពិតគឺមកពីបញ្ហាក្រិនថ្លើមទេ

កូរ៉េខាងត្បូង៖ ព័ត៌មានបឋមនៃការធ្វើកោសល្យវិច្ច័យសពពលករខ្មែរមួយរូប ដែលបានដេកស្លាប់នៅក្នុងរោងដាំដំណាំ នៅកន្លែងធ្វើការនៅក្នុងតំបន់ផូឆន់ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនោះបានចេញហើយ ដោយអ្នកជំនាញបានលើកឡើងថាមូលហេតុនៃការស្លាប់គឺបណ្តាលមកពីជំងឺក្រិនថ្លើម ទៅវិញទេ តាមការរាយការណ៍ក្នុងសារព័ត៌មាន Naver News នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ។

ប៉ូលីសនៃតំបន់ផូឆន់ បានបញ្ជាក់នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះថា ការធ្វើកោលស្យវិច្ច័យបានរកឃើញថាពលកររូបនេះមានបញ្ហាថ្លើម ដែលបានខូចដោយសារតែជំងឺក្រិនថ្លើម។

សពប្អូនស្រីពលករខ្មែរខាងលើនេះមានឈ្មោះ ន ស.ហ ជាពលការិនីផ្នែកកសិកម្មនៅតំបន់ផូឆន់ ហើយត្រូវបានប្រទះឃើញបាត់បង់ជីវិតនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ប្រមាណម៉ោង៤ៈ៥០នាទីល្ងាច នៅក្នុងរោងដាំដំណាំមួយ នៅក្នុងកសិដ្ឋានតំបន់ផូឆន់ នៃខេត្តឃ្យ៉ុងគី ហើយគេបានរកឃើញថានៅទីតាំងដែលគាត់បានបាត់បង់ជីវិតនោះ ម៉ាស៊ីនកម្តៅនៅក្នុងផ្ទះនោះបានខូចមិនដំណើរការ ចំពេលដែលសីតុណ្ហភាពនៅក្នុងតំបន់នោះចុះដល់ក្រោម២០អង្សា (-20 c) ឯណោះ។

អជ្ញាធរមិនទាន់អាចបញ្ជាក់បានថា តើពលករខាងលើធ្លាប់មានប្រវត្តិមើលជំងឺក្រិនថ្លើមរបស់ខ្លួននៅមន្ទីរពេទ្យពីមុនមកដែរឬទេ តែបើតាមអ្វីដែលមិត្តភក្តិជនរងគ្រោះបានថ្លែងប្រាប់អជ្ញាធរគឺនៅមុនពេលដែលជនរងគ្រោះបាត់បង់ជីវិត បានលេបថ្នាំមួយចំនួន ដោយសារមានអាការៈឈឺខ្នង និងឈឺស្មារ ហើយមើលទៅមិនមានអាការៈសុខភាពធ្ងន់ធ្ងរនោះទេ។ ពលករខាងលើរស់នៅក្នុងរោងដាំដំណាំនោះជាមួយពលករបរទេស ៤នាក់ដទៃទៀត តែនៅថ្ងៃដែលកើតហេតុនោះ គឺបាននៅតែម្នាក់ឯងនៅក្នុងរោងនោះ។ តាមការបញ្ជាក់របស់អ្នកស្នាក់នៅជាមួយគ្នា បាននិយាយថាម៉ាស៊ីនកម្តៅនៅក្នុងផ្ទះនោះ បានខូចមិនដំណើរការតាំងពីថ្ងៃទី១៨ ខែធ្នូមកម្លេះ។

ប្អូនស្រីពលកររូបនេះបានទទួលវីសាការងារ និងបានបំពេញការងារជាពលករផ្នែកកសិកម្មនៅកូរ៉េខាងត្បូងអស់៤ឆ្នាំមកហើយ។

ក្រោយពីទទួលបានព័ត៌មាននៃការស្លាប់ភ្លាមៗ ក្រុមការងារស្ថានទូតកម្ពុជានៅកូរ៉េខាងត្បូង ដោយមានក្រុមទីប្រឹក្សាការងារជាសេនាធិការបានធ្វើការជាប់ជាប្រចាំជាមួយមន្រ្តីប៉ូលីស និងអាជ្ញាធរ ក៏ដូចជាក្រុមគ្រួសាររបស់សពដោយយកចិត្តទុកដាក់បំផុត។

យើងរង់ចាំរបាយការណ៍នៃធ្វើកោសល្យវិច្ឆ័យ ជាផ្លូវការពីប៉ុស្ដិ៍ប៉ូលីស និងមន្រ្តីជំនាញកោសល្យវិច្ឆ័យទាំងអស់គ្នា ហើយជៀសវាងការផ្សព្វផ្សាយ ឬសន្និដ្ឋានដោយខ្លួនឯង ដែលអាចប៉ះពាល់ដល់សព ក៏ដូចជាប្រឈមនឹងច្បាប់ប្រទេសកូរ៉េផងដែរ។ សូមអរគុណបងប្អូនដែលបានបារម្ភ និងផ្ដល់មតិល្អៗ។

ទន្ទឹមជាមួយគ្នានេះ សារព័ត៌មាន Naver News ដែលជាសារព័ត៌មានដ៏ល្បីមួយនៅប្រទេសកូរ៉េខាងត្បូង បានទាក់ទងមកកាន់ស្ថានឯកអគ្គរាជទូតកម្ពុជានៅប្រទេសកូរ៉េខាងត្បូងដើម្បីសុំការអភ័យទោស ដោយសារតែខ្លួនបានចុះផ្សាយព័ត៌មានមិនត្រឹមត្រូវ ពាក់ព័ន្ធនឹងករណីខាងលើរបស់ពលការិនីខ្មែរយើងកន្លងមក ហើយបានកែសម្រួលខ្លឹមសារទៅតាមព័ត៌មានដែលខាងអជ្ញាធរកូរ៉េបានសិក្សាកោសល្យវិច្ច័យផងដែរ។


Leave a Reply

Your email address will not be published. Required fields are marked *