សំខាន់ណាស់! បងប្អូនខ្មែរយើងនៅកូរ៉េ រដូវត្រជាក់ខ្លាំងនៅកូរ៉េនេះ គួរដឹងឱ្យបានច្បាស់ពីវិធីបង្ការ និងវិធីសង្គ្រោះបឋមនៃជំងឺគាំងបេះដូង

សេអ៊ូល៖ ស្របពេលដែលអាកាសធាតុនៅស្រុកកូរ៉េកំពុងបន្តចុះត្រជាក់ខ្លាំង ការយល់ដឹងអំពីជំងឺគាំងបេះដូង គឺជាចំណុចចាំបាច់ និងសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរយើងដែលកំពុងរស់នៅលើទឹកដីប្រទេសកូរ៉េខាងត្បូង។ ស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ បានចែករំលែកនូវព័ត៌មានដ៏មានសារៈសំខាន់ អំពីប្រការគួរយល់ដឹងពីជំងឺគាំងបេះដូង សម្រាប់បង្ការនូវបញ្ហាមួយចំនួនដែលអាចនឹងកើតឡើងដោយយថាហេតុ។

សូមបងប្អូនពិនិត្យមើលការណែនាំសំខាន់ក្នុងរូបភាពខាងក្រោម៖

អ្វីទៅជាជំងឺគាំងបេដូង?

ជំងឹគាំងបេះដូង ជាជំងឺមួយប្រភេទដែលពិភពលោកទាំងមូលមានការយកចិត្តទុកដាក់ខ្លាំង។ ជំងឺគាំងបេះដូង ឬហៅម្យ៉ាងទៀតថា ជំងឺស្ទះសរសៃឈាមបេះដូងកើតឡើងទៅលើមនុស្សចាស់ ដែលមានអាយុចាប់ពី៥០ឆ្នាំឡើងទៅ ក៏ប៉ុន្តែគេសង្កេតឃើញថាក៏មានកើតលើមនុស្សដែលមានវ័យក្មេងផងដែរ។

រោគសញ្ញា

១. ចុកទ្រូង
២. ក្អួតចង្អោរ ហាក់បីដូចជាពុលចំណីអាហារ
៣. រោយកញ្ចឹងក ខ្នង និងថ្គាម
៤. ចុកដៃ ស្មា និងពោះ
៥. ថប់ៗដង្ហើម ឬពិបាកដកដង្ហើម

វិធីបង្ការ

១. កុំពិសារបារី និងគ្រឿងស្រវឹង
២. បរិភោគអាហារឱ្យបានទៀងទាត់ និងបរិភោគអាហារដែលសំបូរជីវជាតិឱ្យគ្រប់គ្រាន់
៣. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ និងរក្សាទំងន់កុំឱ្យធាត់ពេក
៤. គេងឱ្យបានគ្រប់គ្រាន់
៥. ត្រូវរក្សាជាតិស្ករ និងកូលេស្តូរ៉ល (សារធាតុខ្លាញ់នៅក្នុងឈាម) ឱ្យមានលំនឹង
៦. រក្សាសម្ពាធឈាមឱ្យនៅកម្រិតធម្មតា (ពី១២០ ទៅ១២៩)
៧. ជៀសវាងធ្វើឱ្យមានអារម្មណ៍ធុញថប់ ឬស្ត្រេស និងត្រូវចេះគ្រប់គ្រងលើបញ្ហាទាំងនោះ
៨. ត្រូវពិនិត្យសុខភាពឱ្យបានទៀងទាត់

ការសង្គ្រោះបឋមសម្រាប់អ្នកជំងឺគាំងបេះដូង

១. ត្រូវដាក់អ្នកជំងឺឱ្យបានស្រួល
២. ត្រូវបន្ធូរសំលៀកបំពាក់កុំឱ្យតឹងពេក ដែលបណ្តាលឱ្យអ្នកជំងឺពិបាកដកដង្ហើម
៣. ប្រើថ្នាំដែលអ្នកជំងឺប្រើជាប្រចាំ ប្រសិនបើមាន
៤. ត្រូវសង្កត់ទ្រូងអ្នកជំងឺ ដោយដាក់ប្រអប់ដៃនៅលើទ្រូង ហើយសង្កត់ចុះ (សង្កត់ទ្រូង១៥ដង និងផ្លុំខ្យល់ចូលមាត់២ដង)
៥. ត្រូវបន្តធ្វើបែបនេះរហូតដល់គ្រូពេទ្យមកដល់ ឬត្រូវបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យជិតបំផុត។

Leave a Reply

Your email address will not be published. Required fields are marked *