កូរ៉េខាងត្បូងចុះកុងត្រារួចរាល់ ទិញវ៉ាក់សាំងកូវីដពីក្រុមហ៊ុនធំៗពីរទៀត តែដល់ត្រីមាសទី២ ឆ្នាំក្រោយ ទើបអាចប្រើប្រាស់វ៉ាក់សាំងនោះបាន

កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងបានចុះកុងត្រារួចរាល់បញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ពីក្រុមហ៊ុនផលិតវ៉ាក់សាំងធំៗពីរទៀតហើយគឺ រំពឹងថានឹងចាប់ផ្តើមអាចចាក់វ៉ាក់សាំងនោះបានក្នុងត្រីមាសទី២ ឆ្នាំ២០២១ខាងមុខ នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងនៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះក្នុងកិច្ចប្រជុំអន្តរក្រសួងស្តីពីបញ្ហាកូវីដ រាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

កុងត្រាបញ្ជាទិញដែលរដ្ឋាភិបាលសម្រេចបានជាមួយក្រុមហ៊ុនផលិតឱសថនេះ មានជាមួយក្រុមហ៊ុន Pfizer និងក្រុមហ៊ុន Janssen។ តាមកុងត្រា កូរ៉េខាងត្បូងទិញវ៉ាក់សាំងកូវីដ ៦លានដូសពីក្រុមហ៊ុន Janssen និង១០លានដូសផ្សេងទៀតពីក្រុមហ៊ុន Pfizer។

ជាដំណាក់កាលដំបូង វ៉ាក់សាំងប្រមាណ២លានដូសរបស់ក្រុមហ៊ុន Janssen នឹងត្រូវបញ្ជូនមកដល់កូរ៉េខាងត្បូងមុន ហើយអាចនឹងត្រូវបានចាប់ផ្តើមចាក់ជូនប្រជាពលរដ្ឋកូរ៉េនៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២១ខាងមុខ ខណៈដែលវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer នឹងមកដល់កូរ៉េខាងត្បូងក្នុងអំឡុងត្រីមាសទី៣ នៃឆ្នាំ២០២១ឯណោះ ប៉ុន្តែរដ្ឋាភិបាលកំពុងព្យាយាមសម្រួលការដឹកជញ្ជូនយ៉ាងណាឱ្យវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer អាចនឹងមកដល់ត្រឹមក្នុងត្រីមាសទី២វិញ ដើម្បីឱ្យការចាក់វ៉ាក់សាំងអាចធ្វើទៅបានរហ័ស។

សូមបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ រដ្ឋាភិបាលកូរ៉េខាងត្បូងក៏បានប្រកាសអំពីវ៉ាក់សាំងកូវីដ-១៩ ដែលខ្លួនបានបញ្ជាទិញពីក្រុមហ៊ុន AstraZeneca របស់ចក្រភពអង់គ្លេស ដែលអាចនឹងចាប់ផ្តើមចាក់វ៉ាក់សាំងជូនប្រជាជនកូរ៉េបាននៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២១ខាងមុខ មុនវ៉ាក់សាំងរបស់ក្រុមហ៊ុនដទៃទៀត។

កន្លងមករដ្ឋាភិបាលកូរ៉េបានបញ្ជាក់ថាខ្លួនបានធ្វើការកក់លើវ៉ាក់សាំងពីក្រុមហ៊ុនធំៗចំនួន៤ ត្រៀមសម្រាប់ប្រជាជនខ្លួន៤៤លាននាក់ និងក្រោយមកទៀតបានបញ្ជាក់ថានឹងបញ្ជាទិញរួចរាល់ត្រឹមត្រីមាសដំបូងនៃឆ្នាំ២០២១ខាងមុខ។ លោកនាយករដ្ឋមន្ត្រីបានបញ្ចាក់បន្ថែមថារដ្ឋាភិបាលបានចាប់ផ្តើមដំណើរការចរចាទិញវ៉ាក់សាំងដំបូងតាំងពីខែកក្កដាកន្លងមកឯណោះ។ យ៉ាងណាមិញ មានមតិមួយចំនួនរិះគន់លើរដ្ឋាភិបាលកូរ៉េថាហាក់មានភាពយឺតយ៉ាវក្នុងការបញ្ជា និងចរចាទិញវ៉ាក់សាំងកូវីដជាងប្រទេសដទៃទៀត ខណៈដែលបច្ចុប្បន្នករណីកូវីដកំពុងតែផ្ទុះឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសកូរ៉េ។

Leave a Reply

Your email address will not be published. Required fields are marked *