វិធានការបន្ទាន់ថ្មី! កូរ៉េខាងត្បូងផ្អាកទទួលជើងហោះហើរទាំងអស់មកពីអង់គ្លេស រហូតដល់ចុងឆ្នាំ២០២០ បារម្ភពីមេរោគកូវីដបំលែងខ្លួនថ្មី

កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងប្រកាសនៅថ្ងៃពុធនេះថានឹងផ្អាកជើងហោះហើរទាំងឡាយដែលមកពីប្រទេសអង់គ្លេស ចាប់ពីពេលនេះ រហូតដល់ចុងឆ្នាំ២០២០ខាងមុខ ដោយបារម្ភពីការនាំយកមកនូវមេរោគកូវីដប្រភេទថ្មី ដែលកំពុងផ្ទុះឡើងខ្លាំងនៅក្នុងប្រទេសអង់គ្លេស នេះតាមការរាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

តាមប្រភពពីអជ្ញាធរសុខាភិបាលកូរ៉េ ស្ថានតំណាងការទូតខ្លួននៅក្នុងប្រទេសអង់គ្លេសនឹងផ្អាកការចេញលិខិតលើកលែងការធ្វើចត្តាឡីស័កសម្រាប់អ្នកធ្វើដំណើរចេញពីប្រទេសអង់គ្លេស ដើម្បីតម្រូវឱ្យអ្នកធ្វើដំណើរដែលមកដល់ពីប្រទេសអង់គ្លេសទាំងអស់ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃពេញ។ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ក អជ្ញាធរក៏នឹងធ្វើតេស្តលើអ្នកដំណើរនោះម្តងទៀតផងដែរ។

ក្នុងនោះដែរ អជ្ញាធរនឹងធ្វើការរឹតបន្តឹងលើកការពិនិត្យសីតុណ្ហភាពនៅតាមច្រកព្រលានយន្តហោះនៅពេលមកដល់សម្រាប់អ្នកធ្វើដំណើរមកពីអង់គ្លេស ដោយតម្រូវឱ្យធ្វើតេស្តរកមេរោគកូវីដ សម្រាប់អ្នកធ្វើដំណើរពីអង់គ្លេស ដែលមានសីតុណ្ហភាពពី ៣៧.៣អង្សាឡើងទៅ។ សម្រាប់អ្នកធ្វើដំណើរពីទីតាំងដទៃទៀត ទាល់តែសីតុណ្ហភាព៣៧.៥ អង្សា ទើបអជ្ញាធរតម្រូវឱ្យធ្វើតេស្តរកមេរោគកូវីដ-១៩។

វិធានការថ្មីនេះនឹងត្រូវអនុវត្តភ្លាមៗ បើតាមការបញ្ជាក់រ​បស់អជ្ញាធរសុខាភិបាលកូរ៉េ។ ក្នុងករណីដែលរកឃើញអ្នកដំណើរមកពីចក្រភពអង់គ្លេសដែលវិជ្ជមានជំងឺកូវីដ ក្រុមអ្នកជំនាញនឹងធ្វើការពិនិត្យទៅលើមេរោគកូវីដនោះ ថាតើជាមេរោគប្រភេទបំលែងខ្លួនថ្មីដែលកំពុងវាយលុកប្រទេសអង់គ្លេសនោះ ឬយ៉ាងណា។ បើតាមលទ្ធផលសិក្សាកន្លងមក គេបានឱ្យដឹងថាប្រភេទមេរោគកូវីដដែលបំលែងខ្លួនថ្មីនេះ អាចមានលទ្ធភាពចម្លងរហូតដល់៥០ ទៅ៧០ភាគរយលឿនជាងប្រភេទមេរោគកូវីដធម្មតា។

គិតមកដល់បច្ចុប្បន្ននេះ មានប្រទេសដល់ជាង៥០ហើយ រួមមានអាឡឺម៉ង់ អ៊ីតាលី ឥណ្ឌា ហុងកុង និងប្រទេសដទៃទៀតដែលបានប្រកាសពីការផ្អាកជើងហោះហើរមកពីប្រទេសអង់គ្លេស ដោយ​បារម្ភលើបញ្ហានៃប្រភេទមេរោគថ្មីនេះ។ ទោះជាយ៉ាងណា បញ្ហាប្រឈមដែលអជ្ញាធរសុខាភិបាលកូរ៉េបារម្ភនោះគឺ អ្នកហោះហើរដែលមកតាមជើងហោះហើរពីប្រទេសដទៃទៀត តែបានឆ្លងកាត់ប្រទេសអង់គ្លេស។

អនុវត្តទៅតាមវិធានការថ្មីនេះ ក្រុមហ៊ុនអាកាសចរ Korean Air បានចេញសេចក្តីជូនដំណឹងពីការផ្អាកជើងហោះហើរពីព្រលានយន្តហោះ Heathrow Airport នៅទីក្រុងឡុងដុន ទាំងអស់រហូតដល់ចប់ឆ្នាំ២០២០នេះ ខណៈដែលជើងហោះហើរពីកូរ៉េទៅកាន់ប្រទេសអង់គ្លេសនៅដំណើរការធម្មតា។ រីឯក្រុមហ៊ុនអាកាសចរ Asiana Airlines បានសម្រេចផ្អាកទាំងស្រុងតែម្តងលើជើងហោះហើរទៅមកពីប្រទេសអង់គ្លេស។

Leave a Reply

Your email address will not be published. Required fields are marked *