ដើម្បីបង្ការកូវីដពេលឆ្លងឆ្នាំ រដ្ឋាភិបាលកូរ៉តម្រូវឱ្យបិទទីតាំងកំសាន្តល្បីៗជាច្រើន ហើយអំពាវនាវពលរដ្ឋគួរខ្លួនលុបចោលដំណើរកំសាន្តនានា

កូរ៉េខាងត្បូង៖ រដូវការបុណ្យគ្រីស្តម៉ាស និងឆ្លងឆ្នាំ២០២១នេះនៅកូរ៉េខាងត្បូងហាក់នឹងមិនមានភាពរស់រវើកនោះទេ ក្រោយពីរដ្ឋាភិបាលកូរ៉េដាក់ចេញនូវវិធានការរឹតត្បិតខ្លាំង ដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩ ក្នុងរដូវការជួបជុំ និងឈប់សម្រាកដ៏ធំនេះ។

យោងទៅតាមវិធានការរឹតត្បិតចុងក្រោយដែលរដ្ឋាភិបាលកូរ៉េដាក់ចេញនោះ ទីក្រុងសេអ៊ូល និងតំបន់ជុំវិញមានខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់នឹងមានការហាមឃាត់មិនឱ្យមានការជួបជុំ និងប្រមូលផ្តុំមនុស្សចាប់ពី៥នាក់ឡើងនោះឡើយ ដែលនឹងចាប់អនុវត្តពីថ្ងៃពុធនេះតែម្តង ខណៈដែលតំបន់ផ្សេងៗទៀតទូទាំងប្រទេសកូរ៉េនឹងត្រូវចាប់អនុវត្តវិធានការនេះចាប់ពីថ្ងៃព្រហស្បត្តិ៍ស្អែកនេះទៅ រហូតដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ខាងមុខ។

ក្នុងនោះដែរ អជ្ញាធរកូរ៉េបានអំពាវនាវឱ្យប្រជាជននាំគ្នាលុបចោលនូវដំណើរកំសាន្តនានាក្នុងរដូវកាលឆ្លងឆ្នាំខាងមុខ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងកូវីដ-១៩។ ជាមួយនឹងការអំពាវនាវនេះដែរ រដ្ឋាភិបាលក៏បានដាក់ចេញវិធានការតឹងរ៉ឹងមួយចំនួនសម្រាប់ទីតាំងកំសាន្ត រមណីយដ្ឋាន សណ្ឋាគារនានាអនុវត្តតាមផងដែរ។

អាគារ N Seoul Tower ក៏នឹងត្រូវបិទផងដែរ ក្នុងអំឡុងពេលឆ្លងឆ្នាំនេះ

ភោជនីយដ្ឋាន ឬហាងនានាដែលល្មើសរៀបឱ្យមានការជួបជុំគ្នាលើសពី៥នាក់ នឹងត្រូវទទួលការផាកពិន័យទាំងសម្រាប់ម្ចាស់ហាង និងភ្ញៀវដែលល្មើសដូចគ្នា ដែលទឹកប្រាក់ពិន័យអាចដល់៣លានវ៉ុន (ប្រមាណជាង ២៧០០ដុល្លារ)សម្រាប់ម្ចាស់ហាង និង១០ម៉ឺនវ៉ុនសម្រាប់ភ្ញៀវដែលល្មើស។ ចំណែកឯកម្មវិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យសពអនុញ្ញាតឱ្យមានអ្នកចូលរួមត្រឹម៣០នាក់ប៉ុណ្ណោះនៅក្នុងទីក្រុងសេអ៊ូល និង៥០នាក់សម្រាប់តំបន់នានាដទៃទៀត។

ទីតាំងកន្លែងជិះស្គីទឹកកក រមណីយដ្ឋានកំសាន្តនានានឹងត្រូវផ្អាកដំណើរការ ខណៈដែលសណ្ឋាគារ ផ្ទះសំណាក់នានាអាចទទួលភ្ញៀវបានត្រឹមតែ៥០%ប៉ុណ្ណោះនៃចំនួនភ្ញៀវសរុបនៅក្នុងអំឡុងពេលនៃការអនុវត្តវិធានការរឹតត្បិតដើម្បីបង្ការការឆ្លងជំងឹកូវីដ-១៩នេះ។ នៅទូទាំងប្រទេស កន្លែងកំសាន្តជិះស្គីទឹកកក និងរមណីយដ្ឋានសម្រាប់រដូវរងារចំនួន៥១កន្លែង និងឆ្នេរខ្សាច់ល្បីៗជាច្រើនកន្លែងនឹងត្រូវផ្អាកដំណើរការ។

អជ្ញាធរបញ្ជាក់ថា ការដាក់ចេញវិធានការថ្មីនេះគឺជាយន្តការថ្មីដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ក្នុងរដូវការឈប់សម្រាកដ៏ធំនេះ ហើយក៏ជាយន្តការយកមកអនុវត្តជំនួសការតម្លើងវិធានការគម្លាតសង្គមដល់កម្រិត៣ ដែលប្រទេសកូរ៉េទាំងមូលនឹងត្រូវជាប់គាំងទាំងសកម្មភាពប្រជាជន និងសកម្មភាពសេដ្ឋកិច្ច ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងជាងនេះទៅទៀត។

នៅថ្ងៃពុធនេះ ចំនួនករណីឆ្លងកូវីដដែលរកឃើញថ្មីកើនដល់ ១០៩២ករណីវិញហើយ ក្រោយបានចុះមកក្រោមមួយពាន់ករណីកាលពីថ្ងៃចន្ទ និងអង្គារកន្លងទៅ។ ចំនួនករណីឆ្លងសរុបកើនដល់៥២៥៦០ករណីហើយ ខណៈដែលអ្នកបាត់បង់ជីវិតកើនដល់៧៣៩នាក់ផងដែរ។

កន្លែងជិះស្គីទឹកកកនៅក្រុងព្យ៉ុងឆាង នឹងត្រូវបិទទ្វារក្នុងអំឡុងពេលឆ្លងឆ្នាំនេះ

 

Leave a Reply

Your email address will not be published. Required fields are marked *