កូរ៉េខាងត្បូងព្រមានតាមការទូតដល់ចិន និងរុស្ស៊ី ដែលបានឱ្យយន្តហោះយោធាខ្លួនច្រើនគ្រឿងហោះបំពានចូលតំបន់ដែនការពារអាកាសកូរ៉េ

សេអ៊ូល៖ យន្តហោះដល់ទៅ១៩គ្រឿងរបស់រុស្ស៊ី និងចិនបានចូលហួសដល់តំបន់ដែនការពារអាកាស (Air Defense Identification Zone – KADIZ) របស់កូរ៉េខាងត្បូងកាលពីល្ងាចថ្ងៃអង្គារម្សិលមិញ នេះបើតាមការរាយការណ៍ពីបញ្ជាការដ្ឋានអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង ក្នុងសារព័ត៌មាន Yonhap News។

តាមការរាយការណ៍របស់បញ្ជាការដ្ឋានអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង យន្តហោះចម្បាំង៤គ្រឿង ដែលគេសន្និដ្ឋានថាជាប្រភេទយន្តហោះទំលាក់គ្រាប់បែក H-6 bomber បានចូលមកដល់ក្នុងតំបន់ដែនការពារអាការរបស់កូរ៉េខាងត្បូងចំពីលើសមុទ្រខាងកើត ប្រហែលម៉ោង៨ព្រឹកថ្ងៃអង្គារ ហើយក្រោយមកទៀតមានយន្តហោះរុស្ស៊ីដល់ទៅ១៥គ្រឿង ដែលត្រូវបានសន្និដ្ឋានថាជាប្រភេទយន្តហោះទំលាក់គ្រាប់បែក Tu-95 bomber និងប្រភេទ A-50 បានហោះចូលមកដែនការពារអាការរបស់កូរ៉េខាងត្បូង ពីភាគខាងជើង ហើយបានចេញទៅវិញនាវេលាម៉ោង៣ៈ២០នាទីរសៀល ម៉ោងនៅកូរ៉េ។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានបញ្ជាក់ថាការហោះចូលមកនេះ ជាការហ្វឹកហាត់សមយុទ្ធរបស់កងទ័ពអាកាសចិន និងរុស្ស៊ីរួមគ្នាប៉ុណ្ណោះ ហើយមិនមានយន្តហោះណាជិះហួសពីតំបន់ដែនការពារអាកាស (KADIZ) របស់កូរ់េខាងត្បូង ចូលមកដល់ដែនអាកាសកូរ៉េខាងត្បូងតែម្តងនោះទេ ហើយភាគីចិនក៏បានជូនដំណឹងមុនបន្តិចដល់ភាគីកូរ៉េខាងត្បូងផងដែរ មុននឹងចាប់ផ្តើមហោះចូលមក។ ភាគីកូរ៉េខាងត្បូងក្នុងស្ថានការណ៍នោះ ក៏បានបញ្ចេញកងកម្លាំងខ្លួនទៅពិនិត្យផងដែរ ក្នុងករណីដែលអាចឧប្បដិវហេតុណាមួយកើតឡើង។

សូមបញ្ជាក់ថា ក្រោយហេតុការណ៍នេះកើតឡើង ក្រសួងការពារជាតិកូរ៉េបានកោះហៅអនុព័ន្ធយោធានៃប្រទេសចិន និងរុស្ស៊ីទៅជួប ដើម្បីបង្ហាញពីភាពមិនពេញចិត្តចំពោះសកម្មភាពនេះ ហើយក្រសួងការបរទេសកូរ៉េខាងត្បូងក៏បានចេញសេចក្តីថ្លែងការណ៍សោកស្តាយចំពោះការកើតឡើងនៃហេតុការណ៍នេះផងដែរ និងបានទទូចមិនឱ្យមានការកើតឡើងជាថ្មីនៃហេតុការណ៍បែបនេះទៀត។

សូមបញ្ជាក់ថា តំបន់ដែនការពារអាកាស (ADIZ) មិនមែនជាដែនអាកាសផ្លូវការនោះទេ ហើយក៏មិនមានអនុលោមទៅតាមច្បាប់អន្តរជាតិណាមួយដែរ ប៉ុន្តែជាគោលការណ៍នៃទំនៀមទំលាប់អន្តរជាតិដែលយន្តហោះយោធារបស់បរទេស ត្រូវធ្វើការជូនដំណឹងជាមុន មុននឹងហោះចូលមកដល់តំបន់ដែនការពារអាកាសរបស់ប្រទេសដទៃ ក្នុងគោលបំណងចៀសវាងការប៉ះទង្គិចនានាដោយសារប្រទេសម្ចាស់ផ្ទះមិនដឹងពីគោលបំណងនៃ យន្តហោះយោធាបរទេសដែលបានហោះចូលដែនតំបន់ការពារអាកាសរបស់ខ្លួន។

តំបន់ដែនការពារអាកាសរបស់កូរ៉េខាងត្បូង (ពណ៌បៃតង)

Leave a Reply

Your email address will not be published. Required fields are marked *