របាយការណ៍៖ «ខ្មោចតូច» សំដៅដល់ពលករខុសច្បាប់ថៃរាប់រយនាក់ ដែលត្រូវរកឃើញថាបាត់បង់ជីវិតនៅលើទឹកដីកូរ៉េខាងត្បូង

បាងកក៖ ពលករចំណាកស្រុកជនជាតិថៃខុសច្បាប់រាប់រយនាក់ត្រូវបានរកឃើញថាបានបាត់បង់ជីវិតនៅលើទឹកដីកូរ៉េខាងត្បូង នេះបើតាមរបាយការណ៍របស់មូលនិធិថូមសុនរ៉យទ័រ(Thomson Reuters Foundation) ដែលចុះផ្សាយក្នុងសារព័ត៌មានបាងកកប៉ុស្តិ៍ នៅយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ។

នៅក្នុងរបាយការណ៍នោះ ជនជាតិថៃចំណាកស្រុកដែលបានបាត់បង់ជីវិតនៅលើទឹកដីកូរ៉េដ៏ច្រើននោះ ត្រូវបានឱ្យឈ្មោះថា «ខ្មោចតូច»។ បើយោងតាមទិន្នន័យពីស្ថានទូតថៃប្រចាំនៅទីក្រុងសេអ៊ូល ដែលទទួលបានតាមរយៈការស្នើសុំសេរីភាពនៃសារព័ត៌មានដែលហៅកាត់ថា FOI បានបង្ហាញថាមានជនជាតិថៃយ៉ាងហោចណាស់ ៥២២នាក់ បានស្លាប់នៅក្នុងប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីឆ្នាំ២០១៥មក ខណៈដែល ៨៤% នៃពួកគេគឺមិនមានឯកសារត្រឹមត្រូវនោះទេ។ ក្នុងនោះ ៤នាក់ក្នុងចំណោម ១០នាក់នៃការស្លាប់នេះ គឺត្រូវបានគេកត់សម្គាល់ថា កើតឡើងដោយមិនដឹងពីមូលហេតុច្បាស់លាស់ ខណៈអ្នកផ្សេងទៀតបណ្តាលមកពីគ្រោះថ្នាក់ និងការធ្វើអត្តឃាត។

ចំនួននៃការស្លាប់របស់កម្មករថៃនៅកូរ៉េខាងត្បូង បានឈានដល់កំរិតខ្ពស់ប្រចាំឆ្នាំ២០២០នេះ ពោលគឺមានរហូតដល់ ១២២នាក់ បើគិតត្រឹមពាក់កណ្តាលខែធ្នូនេះ ខណៈដែលការព្រួយបារម្ភ កាន់តែមានខ្លាំងឡើងជុំវិញផលប៉ះពាល់នៃការរាតត្បាត COVID-19 លើលក្ខខណ្ឌការងារ។ នេះបើយោងតាមទិន្នន័យ ដែលទទួលបានពីស្ថានទូតថៃថ្មីៗនេះ។

លោក Neelam Barouh អ្នកឯកទេសផ្នែកពលកម្មចំណាកស្រុក នៃអង្គការពលកម្មអន្តរជាតិ (ILO) បានមានប្រសាសន៍ថា «ទិន្នន័យនេះ វាបង្កជាក្តីបារម្ភជាខ្លាំង និងទាមទារការយកចិត្តទុកដាក់ និងការស៊ើបអង្កេតជាបន្ទាន់»។ មន្ត្រីជាន់ខ្ពស់រូបនេះ បានបន្ថែមទៀតថា «ពលករចំណាកស្រុកដែលគ្មានឯកសារត្រឹមត្រូវ ត្រូវបានគេមើលឃើញថាមានការការពារតិចតួច ខណៈដែលសុខភាពនិងសុវត្ថិភាពរបស់ពួកគេគឺជាក្តីកង្វល់មួយ»។

គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍ពីក្រសួងការបរទេសថៃ បានឲ្យដឹងថាយ៉ាងហោចណាស់ មានប្រជាជនថៃចំនួន ៤៦០,០០០នាក់ កំពុងធ្វើការនៅបរទេសទាំងស្រប់ច្បាប់និងខុសច្បាប់។ ប្រទេសកូរ៉េខាងត្បូងជាទិសដៅទីមួយ ខណៈដែលប្រទេសនេះជាកន្លែងសម្រាប់ជនអន្តោរប្រវេសន៍ថៃប្រមាណ១៨៥,០០០នាក់៕

សម្រួលខ្លឹមសារពី៖ សារព័ត៌មាន Fresh News

Leave a Reply

Your email address will not be published. Required fields are marked *