កាលពីល្ងាចថ្ងៃអង្គារម្សិលមិញនេះ ក្រសួងសុខាភិបាលកម្ពុជាបានចេញអត្ថបទថ្មីមួយរ៉ាយរ៉ាប់របស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល អំពីការរកឃើញវីរុសកូវីដ-១៩ បំលែងខ្លួនថ្មីនៅប្រទេសអង់គ្លេស ដែលគេកំពុងបន្តការសិក្សាពីភាពឆ្លងលឿន ភាពធ្ងន់ធ្ងរ ការផ្លាស់ប្តូរអង់ទីគ័រ និងផលប៉ះពាល់នានានៃប្រភេទវីរុសដែលបំលែងខ្លួនថ្មីនេះ ដូចមានខ្លឹមសារខាងក្រោម៖
ដោយសង្កេតឃើញមានការលើកឡើងពីការរកឃើញវីរុសកូវីដ-១៩ ប្រភេទថ្មី (new strain) នៅប្រទេសអង់គ្លេសក្នុងពេលថ្មីៗនេះ និងក្រោយពីបានពិភាក្សាជាមួយអង្គការសុខភាពពិភពលោក ខ្ញុំសូមឆ្លៀតឱកាសនេះ ជម្រាបជូនបងប្អូនសាធារណជនទាំងអស់ នូវចំណុចសំខាន់ៗ ក៏ដូចជាផ្តល់នូវការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានមួយចំនួន មានដូចតទៅ៖
១. ការរកឃើញវីរុសកូវីដ-១៩ ប្រភេទថ្មី (new strain) គឺអ្នកវិទ្យាសាស្ត្រកំពុងតែធ្វើការសិក្សាលើប្រភេទវីរុសកូវីដ-១៩ ដែលបានបំលែងខ្លួន (Mutation) នេះ ដែលធ្លាប់មានការចុះផ្សាយកន្លងមកដែរ លើការបំលែងខ្លួនរបស់វីរុសកូវីដ-១៩ បែបនេះ។
២. វីរុសកូវីដ-១៩ មានការផ្លាស់ប្តូរជាបន្តបន្ទាប់ ដែលនាំឱ្យមានការលេចឡើងនូវបំលែងវីរុស ឬ វ៉ារ្យ៉ង់ថ្មី។ វ៉ារ្យ៉ង់ SARS-Cov-2 ថ្មីមួយដែលត្រូវបានគេហៅថា SARS-CoV-2 VUI 202012/01 មានដើមកំណើតនៅភាគអាគ្នេយ៍នៃប្រទេសអង់គ្លេសក្នុងខែកញ្ញា ហើយឥឡូវនេះ កំពុងរីករាលដាលយ៉ាងឆាប់រហ័ស និងមានភាពលេចធ្លោនៅក្នុងចក្រភពអង់គ្លេស ដែលត្រូវបានគេរកឃើញផងដែរ នៅក្នុងប្រទេសដាណឺម៉ាក អូស្ត្រាលី និងហូឡង់។
៣. លទ្ធផលសិក្សាបឋមនៅចក្រភពអង់គ្លេស បង្ហាញថា ប្រភេទវ៉ារ្យ៉ង់ថ្មីនៃវីរុសនេះ អាចឆ្លងបានច្រើនជាងវ៉ារ្យ៉ង់ដែលបានចរាចរពីពេលមុនៗ ហើយរហូតមកដល់បច្ចុប្បន្ននេះ មិនទាន់មានការបង្ហាញពីការកើនឡើងនៃភាពធ្ងន់ធ្ងរនៃការឆ្លងនេះនៅឡើយទេ។ ការស៊ើបអង្កេតកំពុងបន្តធ្វើនៅចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប សម្រាប់ស្វែងរកព័ត៌មានបន្ថែមអំពីភាពធ្ងន់ធ្ងរនៃគ្លីនិក ការឆ្លង ការផ្លាស់ប្តូរអង់ទីគ័រ និងផលប៉ះពាល់ដែលអាចនឹងកើតមានលើប្រសិទ្ធភាពវ៉ាក់សាំង និងការតាមដានករណីឆ្លងឡើងវិញ (re-infection)ផងដែរ។
៤. ខ្ញុំសុំបញ្ជាក់ជូនផងដែរថា ការផ្លាស់ប្តូរនៃប្រភេទវីរុសលើវ៉ារ្យ៉ង់នេះ មិនប៉ះពាល់ដល់តេស្តធ្វើរោគវិនិច្ឆ័យដែលត្រូវបានប្រើនៅក្នុងប្រទេសកម្ពុជាឡើយ។
៥. អ្វីដែលសំខាន់នៅពេលនេះ គឺនៅពេលដែលយើងកំពុងរងចាំនូវលទ្ធផលសម្រេចនៃវ៉ាក់សាំងកូវីដ-១៩ ដែលនឹងត្រូវចែកចាយមកបណ្តាប្រទេសជាសមាជិក ដោយមជ្ឈមណ្ឌលកូវ៉ាក់ និងការវាយតម្លៃជាមុននូវប្រសិទ្ធិភាព និងគុណភាពវ៉ាក់សាំង មុនការប្រើប្រាស់នៅកម្ពុជានោះ។ ដើម្បីការពារខ្លួនអ្នកពីការចម្លងវីរុសកូវីដ-១៩ (បំលែងបែបណាក៏ដោយ) យើងត្រូវនាំគ្នាអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនដែលបានណែនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងទៅកាន់ជនរួមជាតិនាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ដោយគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តវិធានការដូចខាងក្រោម៖
– ៣ការពារ៖ ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង។
– ៣កុំ៖ កុំទៅកន្លែងមនុស្សច្រើនកុះករ កុំទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល ប្រើម៉ាស៊ីនត្រជាក់ច្រើន និងកុំប៉ះពាល់គ្នា ពេលជួបគ្នាកុំចាប់ដៃគ្នា កុំកៀកស្មាគ្នា ឫកុំឱបគ្នា ជាដើម។
– ត្រូវបន្តការរស់នៅធម្មតាតាមបែបគន្លងថ្មី ដោយចេះកែប្រែឥរិយាបទ និងទម្លាប់នៃការរស់នៅ ដោយប្រកាន់យកនូវការការពារការឆ្លងវីរុសកូវីដ-១៩ តាមការណែនាំខាងលើនេះ។
– ការប្រហែសខ្លួន ដោយមើលស្រាលលើលទ្ធភាពនៃការចម្លងរបស់វីរុសកូវីដ-១៩ គឺជាការមើលងាយខ្លួនឯង ដោយទុកខ្លួនឯង ឲ្យវីរុសកូវីដ-១៩ សប្បាយចិត្ត អាចវ៉ៃលុកដោយសេរីមកលើសរីរាង្គខ្លួនឯង ធ្វើឲ្យធ្លាក់ខ្លួនឈឺ និងអាចមានសភាពធ្ងន់ធ្ងរ អាចស្លាប់បាត់បង់ជីវិតបាន ប្រសិនបើនៅតែប្រហែសខ្លួន មើលស្រាលលើលទ្ធភាពនៃការបង្កជាជំងឺកូវីដ-១៩ នេះ។