ស្ថានទូតកម្ពុជាតំណាងឱ្យកាកបាទក្រហមកម្ពុជា ទទួលជំនួយសប្បុរសធម៌ជាង១១ម៉ឺនដុល្លារ ពីក្រុមហ៊ុនរបស់កូរ៉េ តាមរយៈកាកបាទក្រហមកូរ៉េ

កូរ៉េខាងត្បូង៖ ស្ថានទូតកម្ពុជានៅកូរ៉េបានចូលរួមជាកិត្តិយសតំណាងឱ្យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការទទួលជំនួយសប្បុរសធម៌ ចំនួន៩៣,៣៦០,០០០វ៉ុន (ស្មើនឹងប្រមាណជាង ៨៤,៨៧២ដុល្លារអាម៉េរិក) ដែលជាចំណែករបស់ក្រុមហ៊ុនសាជីវកម្មធានារ៉ាប់រង Korea Deposit Insurance Corporation។

តាមការបញ្ជាក់ក្នុងទំព័រហ្វេសប៊ុកលោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ផ្ទាល់ ជំនួយសប្បុរសធម៌សរុបដែលកាកបាទក្រហមកម្ពុជានឹងទទួលបានគឺមានចំនួន ១២៣,៣៦០,០០០វ៉ុន (ប្រមាណ ១១២,០០០ដុល្លារអាម៉េរិក) ដែលក្រុមហ៊ុន Woori Finance group នឹងផ្តល់ចំណែករបស់ខ្លួន ២៥,០០០,០០០វ៉ុន (ប្រមាណជាង ២២,៧២៧ដុល្លារអាម៉េរិក) និងក្រុមហ៊ុន Busan International Finance នឹងផ្តល់ចំណែកសប្បុរសធម៌ខ្លួនចំនួន ៥,០០០,០០០ វ៉ុន (ប្រមាណជាង ៤,៥៤៥ ដុល្លារអាម៉េរិក) តាមរយៈកាកបាទក្រហមកូរ៉េនៅក្នុងពេលឆាប់ៗខាងមុខទៀត។

ជំនួយសប្បុរសធម៌របស់កាកបាទក្រហមកូរ៉េនេះ នឹងត្រូវបែងចែកជាជំនួយដល់កម្ពុជាតាមរយៈ៖
១-ជូនកាកបាទក្រហមកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងគម្រោង WASH Facilities និងជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់។
២-ថវិកាជួយដល់សហគមន៍ខ្មែររៀបការស្វាមី-ភរិយាកូរ៉េ ប្រមាណ 70 គ្រួសារ។

ក្នុងនោះដែរ តំណាងកាកបាទក្រហមកូរ៉េបានសម្តែងការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អកន្លងមកជាមួយកាកបាទក្រហមកម្ពុជា ជាពិសេសភាពរីកចម្រើនរបស់កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ហើយក៏បានស្នើសុំអោយកម្ពុជានៅតែបន្តកិច្ចសហការ និងពង្រឹងកិច្ចសហការឡើងវិញបន្ទាប់ពីស្ថានភាពកូវីដ-១៩ មានភាពល្អប្រសើរឡើងវិញ។


    ស្ថានទូតកម្ពុជានៅកូរ៉េបានបញ្ជាក់បន្ថែមថា ក្រុមការងារកម្រិតជំនាញរបស់កាកបាទក្រហមកម្ពុជា និងកាកបាទក្រហមកូរ៉េ នឹងជួបពិភាក្សាការងារគ្នា តាមពេលវេលាសមស្រប ដើម្បីផ្លាស់ប្តូរយោបល់ និងធ្វើបច្ចុប្បន្នភាពនៃកិច្ចសហប្រតិបត្តិការរវាងគ្នា ទាំងវិស័យមនុស្សធម៌ និងវិស័យជាអាទិភាពផ្សេងទៀត ដែលកូរ៉េមានសក្តានុពលក្នុងការផ្តល់ជូនកម្ពុជា ក្នុងនោះមានវិស័យសុខាភិបាលជាដើម។

Leave a Reply

Your email address will not be published. Required fields are marked *