រដ្ឋាភិបាលកូរ៉េដាក់វិធានការបន្ថែម ហាមឃាត់មិនឱ្យជួបជុំលើសពី៥នាក់ អនុវត្តទូទាំងប្រទេសតែម្តង ដើម្បីបង្ការការឆ្លងកូវីដនាពេលចុងឆ្នាំនេះ

កូរ៉េខាងត្បូង៖ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលើកឡើងនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលកូរ៉េខាងត្បូងសម្រេចដាក់វិធានការថ្មីហាមឃាត់មិនឱ្យមានការជួបជុំគ្នាមានមនុស្សលើសពី៥នាក់ឡើងទៅនោះទេ សម្រាប់អំឡុងពេលនៃពិធីបុណ្យឆ្លងឆ្នាំ និងរដូវកាលឈប់សម្រាកខាងមុខនេះ ដើម្បីបន្ថយហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ បើតាមការរាយការណ៍របស់សារព័ត៌មាន Yonhap News។

បម្រាមថ្មីនេះជាវិធានការចុងក្រោយគេបង្អស់ដើម្បីទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩ ដែលដាក់ចេញដោយរដ្ឋាភិបាលកូរ៉េ។ វិធានការនេះនឹងត្រូវចាប់ផ្តើមអនុវត្តទូទាំងប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះទៅ រហូតដល់ថ្ងៃទី៣ ខែមករា ២០២១ខាងមុខ និងជាវិធានការបន្ថែមពីលើវិធានការហាមឃាត់ការជួបជុំដែលមានគ្នាលើសពី៥នាក់ដែរ នៅតំបន់សេអ៊ូល ខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់ ដែលបានដាក់ចេញពីម្សិលមិញ ហើយអនុវត្តពីថ្ងៃពុធស្អែកនេះទៅ។

ការហាមឃាត់ការជួបជុំគ្នាលើសពី៥នាក់នេះ មានភាពតឹងរ៉ឹងជាងការហាមឃាត់ដែលបានកំណត់ក្នុងវិធានការគម្លាតសង្គមកម្រិត៣ ដែលជាកម្រិតខ្ពស់ជាងគេទៅទៀត ដែលយោងទៅតាមគោលការណ៍វិធានការគម្លាតសង្គមកម្រិត ការជួបជុំគ្នាលើសពី១០នាក់ឡើងទៅទើបត្រូវបានហាមឃាត់។ ខណៈដែលបច្ចុប្បន្នទីក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគីដូ និងក្រុងអ៊ីនឆន់ស្ថិតនៅក្នុងវិធានការគម្លាតសង្គមកម្រិត២.៥នៅឡើយ ដែលការជួបជុំដែលលើសពី៥០នាក់ទៅ ទើបត្រូវបានហាមឃាត់ ខណៈដែលទូទាំងប្រទេសកូរ៉េទាំងមូល​ស្ថិតនៅក្រោមវិធានការគម្លាតសង្គមកម្រិត២។

លោកនាយករដ្ឋមន្ត្រី ឈុង សេឃ្យ៉ុន (Chung Sye-kyun) បានលើកឡើងថារដ្ឋាភិបាលកូរ៉េព្យាយាមដាក់ចេញវិធានការដែលស្របទៅនឹងតថភាពសង្គម និងសេដ្ឋកិច្ចជាក់ស្តែង ជាជាងការតម្លើងវិធានការគម្លាតសង្គម ដែលនាំឱ្យមានការរឹតត្បិតទាំងស្រុងទៅលើដំណើរការសេដ្ឋកិច្ច និងសង្គមទៅវិញ។

ក្នុងនោះដែរ កន្លែងជិះស្គីទឹកកក និងរមណីយដ្ឋានរដូវរងារផ្សេងៗដែលជាទូទៅមានភ្ញៀវទេសចរណ៍ពេញនិយមទៅលេងកម្សាន្តនៅរដូវកាលឆ្លងឆ្នំា ក៏នឹងត្រូវផ្អាកប្រតិបត្តិការផងដែរក្នុងអំឡុងពេលនៃការអនុវត្តវិធានការនេះ។ ក្រៅពីនោះ កន្លែងមើលថែចាស់ជរា និងមន្ទីរពេទ្យវិកលចរិត ដែលថ្មីៗនេះមានករណីឆ្លងតគ្នាជាបន្តបន្ទាប់នោះ ក៏នឹងត្រូវផ្អាកមិនឱ្យមានការមកសួរសុខទុក្ខ និងហាមឃាត់មិនឱ្យបុគ្គលិកនៃមជ្ឈមណ្ឌលទាំងនោះ មានការជួបជុំនានាផងដែរ។

ថ្មីៗប៉ុន្មានថ្ងៃកន្លងមកនេះ ទីក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់បានក្លាយជាទីតាំងក្តៅ ដែលមានបណ្តុំនៃករណីឆ្លងដល់ទៅជាង៧០%នៃករណីឆ្លងទូទាំងប្រទេស ខណៈដែលរយៈពេលប៉ុន្មានថ្ងៃសប្តាហ៍មុន ការឆ្លងបានកើនដល់លើសពាន់ករណី៥ថ្ងៃជាប់គ្នា ហើយទើបនឹងចាប់ផ្តើមស្រក់ចុះបន្តិចបន្តួចនាសប្តាហ៍នេះ។

នៅថ្ងៃអង្គារនេះ ករណីឆ្លងថ្មីមានដល់៨៦៩នាក់ ហើយករណីឆ្លងក្នុងស្រុកមាន៨២៤ករណី ហើយចំនួនករណីឆ្លងសរុបកើនដល់៥១៤៦០នាក់ហើយ ខណៈដែលអ្នកបាត់បង់ជីវិតនៅថ្ងៃនេះមានដល់ទៅ២៤ករណី។

Leave a Reply

Your email address will not be published. Required fields are marked *