ឆ្លើយតបនឹងកូវីដ តុលាការកូរ៉េចេញសេចក្តីណែនាំ ផ្អាកដំណើរការទូទាំងប្រទេស​ ៣សប្តាហ៍សិន លើកលែងករណី និងនីតិវិធីណាបន្ទាន់

សេអ៊ូល៖ រដ្ឋបាលតុលាការជាតិកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទនេះ បានចេញសេចក្តីណែនាំដល់តុលាការទូទាំងប្រទេសកូរ៉េខាងត្បូង ឱ្យបិទផ្អាកដំណើរការ រយៈពេល៣សប្តាហ៍សិន ដើម្បីបន្ថយការរីករាលដាលនៃមេរោគឆ្លងកូរ៉ូណា ដែលកំពុងជាបញ្ហាប្រឈមខ្លាំងផ្នែកសុខាភិបាល បើតាមការរាយការណ៍របស់សារព័ត៌មាន Yonhap News។

“យើងផ្តល់យោបល់ដល់ចៅក្រម ឱ្យធ្វើការពិចារណាដោយម៉ត់ចត់ ទៅលើការបត់បែនដោយអាចពន្យាពេលនៃការធ្វើសវនាការ និងការកាត់ក្តី សម្រាប់រយៈពេលបីសប្តាហ៍ខាងមុខដោយចាប់ផ្តើមនៅថ្ងៃទី ២២ ខែធ្នូនេះទៅ” នេះបើតាមការរ៉ាយរ៉ាប់របស់ក្រុមការងារឆ្លើយតបទៅនឹងជំងឺឆ្លងនៃរដ្ឋបាលតុលាការជាតិកូរ៉េខាងត្បូង នៅក្នុងសេចក្តីជូនដំណឹងផ្ទៃក្នុងរបស់ខ្លួន។

អនុសាសន៍របស់ទីភ្នាក់ងារក្រោមការដឹកនាំរបស់តុលាការកំពូលទទួលបន្ទុករដ្ឋបាលទូទៅនៃប្រព័ន្ធតុលាការកូរ៉េខាងត្បូងនេះ បានដាក់ចេញចំពេលដែលប្រទេសកូរ៉េខាងត្បូងកំពុងធ្ងន់ខ្លួនក្នុងរលកនៃការរាតត្បាតជំងឺកូវីដ-១៩លើកទី៣ក្នុងរដូវរងារនេះ ដែលចំនួនករណីឆ្លងថ្មីបន្តកើនឡើងខ្ទង់ពាន់នាក់រៀងរាល់ថ្ងៃ ហើយចំនួនមន្ទីរពេទ្យ និងការមើលថែព្យាបាលអ្នកជំងឺក៏កំពុងជួបប្រទេសការខ្វះខាតផងដែរនោះ។

តាមការបញ្ជាក់របស់រដ្ឋបាលតុលាការជាតិកូរ៉េខាងត្បូងនេះ បញ្ហាបន្ទាន់ទាក់ទងនឹងតុលាការនានា រួមមានការចាប់ខ្លួន និងនីតិវិធីតុលាការផ្សេងៗ អាចទទួលបានការលើកលែងពីវិធានការណែនាំនេះ ដរាបណាមានការអនុវត្តខ្ជាប់ខ្ជួនទៅនឹងវិធានការអនាម័យ និងគម្លាតសង្គមទៅតាមការណែនាំ។ មន្រ្តីតុលាការត្រូវបានគេណែនាំឱ្យធ្វើការពីផ្ទះយ៉ាងហោចណាស់ ២ដងក្នុងមួយសប្តាហ៍ ហើយមិនត្រូវធ្វើដំណើរចេញពីមូលដ្ឋានរបស់ខ្លួន ក្នុងអំឡុងពេលនៃការអនុវត្តវិធានការនេះឡើយ។

ការណែនាំឱ្យផ្អាកដំណើរការនៃអង្គតុលាការកូរ៉េខាងត្បូងបណ្តោះអាសន្ននេះ ជាការណែនាំលើកទី៣ហើយ ដែលកន្លងមកក៏បានអនុវត្ដដូចគ្នាក្នុងអំឡុងខែកុម្ភៈ និងលើកទី២ នៅខែសីហា ដែលវិធានការទាំងពីរនេះត្រូវបានអនុវត្តចំពេលដែលមានតម្រូវការបន្ទាន់ដូចគ្នាក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងការកើនឡើងនៃករណីជំងឺកូវីដ-១៩។

ក្នុងនោះដែរ ថ្មីៗនេះ មជ្ឈមណ្ឌលឃុំឃាំង Dongbu នៅសេអ៊ូល (The Seoul Dongbu Detention Center) បានរាយការណ៍ពីករណីឆ្លងដល់ទៅ ២១៧ ករណីក្នុងចំណោមមន្ត្រី និងអ្នកទោស គិតត្រឹមរសៀលថ្ងៃច័ន្ទម្សិលមិញ។

សេចក្តីជូនដំណឹងបិទទ្វារមជ្ឈមណ្ឌលឃុំឃាំង ដែលមានផ្ទុះករណីកូវីដបន្តបន្ទាប់

ជាមួយគ្នានេះដែរ ការិយាល័យរដ្ឋអាជ្ញាជាន់ខ្ពស់កូរ៉េខាងត្បូង ក៏បានស្នើដល់រដ្ឋអជ្ញានៅទូទាំងប្រទេស កុំអោយធ្វើការស៊ើបអង្កេតដោយផ្ទាល់ និងធ្វើការកោះហៅដោយជាប់គ្នាផ្ទាល់មុខ សម្រាប់ពេលនេះ។

Leave a Reply

Your email address will not be published. Required fields are marked *